ដោយ៖ ទូច សុខា
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
កម្មវិធីសំណួរចម្លើយជាមួយអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការយូនីសេហ្វ (រូបភាព៖ ទូច សុខា)
អង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលបង្កភាពងាយស្រួលដល់ជនពិការក្នុងការចូលរួមសកម្មភាពសង្គមនានា ដោយអះអាងថា នាពេលបច្ចុនប្បន្ន ជនពិការ ជាពិសេសកុមារដែលពិការ នៅមានការលំបាកច្រើនក្នុងការចូលរួម និងទទួលបានសេវាសង្គម ។
ការជំរុញនេះ ធ្វើឡើងក្នុងកម្មវិធីសំណួរចម្លើយជាមួយអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នៅសណ្ឋាគារSunway ក្នុងទីក្រុងភ្នំពេញ ។
តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា លោកស្រី Rana Flowers លើកឡើងតាមរយៈអ្នកបកប្រែថា សេវាកម្ម ឬហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង ឬក៏ទីជនបទក្នុងប្រទេសកម្ពុជាមិនទាន់បង្កភាពងាយស្រួលគ្រប់គ្រាន់ដល់កុមារពិការ ឬជនពិការនៅឡើយទេ ជាក់ស្តែងដូចជាជនពិការភ្នែក ឬគថ្លង់ ពិបាកនឹងទទួលយកសេវាសង្គម និងធ្វើដំណើរ។ លោកស្រីថា ជនពិការ ពិសេសកុមារពិការត្រូវការការលើកទឹកចិត្ត និងការផ្តល់ឱកាសពីមជ្ឈដ្ឋានជុំវិញ ដើម្បីឲ្យគាត់បានបញ្ចេញសមត្ថភាពដែលខ្លួនគាត់មានដូចទៅនឹងជនមិនពិការដទៃទៀត ។
អ្នកស្រីបន្ថែមថា «អ្វីដែលយើងផ្តោតសំខាន់ គឺយើងត្រូវធ្វើយ៉ាងម៉េច ឬធ្វើការផ្លាស់ប្តូរ ដើម្បីធានាថាទី សាធារណៈ ឬកន្លែងរបស់រដ្ឋហ្នឹង អាចឲ្យជនពិការទៅបាន និងចូលរួមបាន»។
ក្នុងសេចក្តីជូនដំណឹងរបស់អង្គការយូនីសេហ្វ បង្ហាញផងដែរថា ភាគច្រើននៃកុមារពិការកម្ពុជា មិនសូវទទទួលការយកចិត្តទុកដាក់ និងការគាំពារពីសង្គម ឬសេវាសង្គម ដូចជាសេវាសុខភាព និងអប់រំ ជាដើម ។
សេចក្តីជូនដំណឹងឲ្យដឹងទៀតថា ចំនួនកុមារពិការ ឬជនពិការនៅកម្ពុជា មិនមានស្ថិតិពិតប្រាកដទេ ដោយសារតែការឲ្យនិយមន័យពិការភាពខុសគ្នាពីនិយមន័យអន្តជាតិ និងការប្រមូលទិន្ន័យនៅមានកម្រិត។
នាយកប្រតិបត្តិមជ្ឈមណ្ឌលជាតិនៃជនពិការលោក យី វាសនា មានប្រសាសន៍ថា កង្វះព័ត៌មានពិតប្រាកដពីកុមារពិការ ឬជនពិការនេះ នាំឲ្យមានការពិបាកក្នុងការកំណត់គោលដៅអភិវឌ្ឈន៍ ។ លោកថា «ខ្ញុំចង់ជម្រាបជូនថា គេមានការបារម្ភច្រើន បើសិនជាយើងមិនដឹងថាចំនួនប៉ុន្មាន ជនពិការនៅឯណា តើការវិនិយោគជួយគាត់ហ្នឹង ដូចជាការអប់រំ ការដាក់បញ្ចូល(កម្មវិធី)អប់រំអីផ្សេងៗទៀតហ្នឹងក៏មានការលំបាកដែរ ព្រោះយើងមិនទាន់ដឹងថា ភាពជាក់ស្តែងមានប៉ុន្មាន ដែលត្រូវការជួយ នេះបើតាមអ្វីដែលខ្ញុំពិនិត្យឃើញ» ។
ទោះយ៉ាងណា លោក យី វាសនា លើកឡើងថា រដ្ឋាភិបាល ពិសេសក្រសួងអប់រំក៏មានបញ្ចូលពីវិធីសាសស្រ្តបង្រៀនសិស្សដែលពិការដល់លោកគ្រូអ្នកគ្រូនៅក្នុងសៀវភៅណែនាំគ្រូបង្រៀនផងដែរ ។ ម៉្យាងទៀត រដ្ឋាភិបាលក៏មានក្រុមការងារនៅតាមសហគមន៍ (Community Base Rehabilitation) សម្រាប់ជួយប្រឹក្សា និងលើកទឹកចិត្តដល់ជនពិការ ជាពិសេសជនពិការដោយសារគ្រាប់មីន នៅទូទាំងប្រទេស។
បើតាមអ្នកស្រី Rana Flowers ឲ្យដឹងថា មានប្រជាពលរដ្ឋកម្ពុជាដែលធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរដោយម៉ូតូមានរហូតដល់៧នាក់ក្នុងមួយថ្ងៃ តែទិន្ន័យនេះ អ្នកស្រីថាជាទិន្ន័យចាស់ ហើយតួរលេខនេះគួរតែមានការធ្វើបច្ចុប្បន្នភាព ។ លោកស្រី ឲ្យដឹងទៀតថា នៅក្នុងប្រទេសកម្ពុជាមានជនពិការប្រហែលជា២,២%នៃប្រជជនសរុប បើនិយាយពីកុមារពិការមានចន្លោះពី០% ទៅ១០%នៃកុមារកម្ពុជាសរុប ខណៈដែលពិភពលោកទាំងមូលមានមានមនុស្សដែលពិការភាពផ្នែកណាមួយនោះប្រជា១៥%នៃប្រជាពលរដ្ឋពិភពលោកសរុប៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com