ដោយ៖ បូ សាវី
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com
គ្រូបង្រៀនមួយចំនួននៅខេត្ដសៀមរាប ស្នើឲ្យរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ជួយពន្លឿនបើកប្រាក់បន្ថែមម៉ោង ឲ្យទាន់ពេលវេលា ដើម្បីជួយដោះស្រាយជីវភាពគ្រួសារ ខណះប្រាក់បៀវត្សរ៍ពួកគាត់មិនអាចផ្គត់ផ្គង់ជីវភាពបាន។
គ្រូបង្រៀន នៅវិទ្យាល័យ ១០មករា ឆ្នាំ១៩៧៩ ខេត្ដសៀមរាប លោក ហ៊ួត គីរីវី ថ្លែងប្រាប់VODនៅព្រឹកថ្ងៃសុក្រថា ប្រាក់បន្ថែមម៉ោងពួកគាត់ក្នុងឆ្នាំសិក្សា២០១៣ -២០១៤ ចំនួន៣ខែ ដោយចាប់ពីខែឧសភា ដល់កក្កដា២០១៤នេះ មិនទាន់បើកនៅឡើយទេ។ លោកបន្ដថា លោក និងគ្រូបង្រៀនផ្សេងទៀត សង្ឃឹមលើប្រាក់បន្ថែមម៉ោងនេះ ខណៈប្រាក់ខែមិនអាចផ្គត់ផ្គង់ជីវភាពបាន។ លោកថា ពួកគាត់ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំ ជួយពន្លឿនប្រាក់បន្ថែមម៉ោងនេះ ឲ្យបានទាន់ពេល ដើម្បីជួយដោះបន្ទុកជីវភាពគ្រួសារ។
គ្រូបង្រៀននៅគរុកោសល្យ និងវិទ្យាល័យមួយចំនួនទៀត ឲ្យដឹងស្រដៀងគ្នាថា ការយឺតយ៉ាវនៃការបើកប្រាក់បន្ថែមម៉ោងនេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងការបង្រៀនមិនមានគុណភាព។ ពួកគាត់ត្អួញត្អែរថា ឆ្នាំសិក្សាថ្មីបានចាប់ផ្ដើមបវេសនកាល ប៉ុន្ដែប្រាក់បង្រៀនបន្ថែមម៉ោង ដែលជាញើសឈាមពួកគាត់នោះ ហាក់មិនទាន់មានពន្លឺនៅឡើយ។
ករណីនេះ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សាលីន មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។ ប៉ុន្ដែលោកថា មួយរយៈចុងក្រោយនេះ ប្រាក់បៀវត្សរ៍ គ្រូបង្រៀនមិនមានការយឺតយ៉ាវឡើយ ដោយលោកបង្វែរសំណួរទៅប្រធានមន្ទីរអប់រំខេត្ដវិញ។
VODមិនអាចទាក់ទងប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ដសៀមរាប លោក អ៊ុង សិរីឌី ដើម្បីសាកសួរបាននៅឡើយទេ ដោយលោកមិនលើកទូរស័ព្ទ។
ទោះជាយ៉ាងនេះក្ដី ប្រធានសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការយឺតយ៉ាវនៃការបើកប្រាក់បន្ថែមម៉ោងនេះ ជារឿងដែលកើតឡើងញឹកញាប់ ដោយបង្ហាញថា ថ្នាក់ដឹកនាំក្រសួងអប់រំ មិនបានយកចិត្ដទុកដាក់ដល់គ្រូបង្រៀន និងបង្ហាញពីភាពខ្សោយរបស់ខ្លួន ខណៈឆ្នាំសិក្សាថ្មីបានចាប់ផ្ដើម។ លោកបន្ដថា ក្រសួងអប់រំ ត្រូវមានវិធានការច្បាស់លាស់ ដូចជា លុបបំបាត់អំពើពុករលួយ និងទទួលខុសត្រូវខ្ពស់ដល់ពួកគាត់ ដើម្បីឲ្យការបង្រៀនមានគុណភាព ៕