ភោជនីយដ្ឋាន​អេម​នៅ​ព្រែកហូរ​ល្បី​ម្ហូប​ទា​ប្រឡាក់​ម្ទេសអាំង និង​ស៊ុបខ្យង

ទិដ្ឋភាព​ក្យូស​បណ្ដែត​ទឹក​នៃ​ភោជនីយដ្ឋាន អេម ដែល​អាច​សម្រាក​លម្ហែកាយ​ទទួលទាន​អាហារ។

ទិដ្ឋភាព​ក្យូស​បណ្ដែត​ទឹក​នៃ​ភោជនីយដ្ឋាន អេម ដែល​អាច​សម្រាក​លម្ហែកាយ​ទទួលទាន​អាហារ។ រូបថត លាង ផាន់ណារ៉ា



ភ្នំពេញប៉ុស្តិ៍

តាខ្មៅៈ ជាមួយ​ទេសភាព​តុបតែង​តាម​បែប​ស្រុកស្រែ​ចម្ការ ក្រោម​ម្លប់​ក្យូស​ដំបូល​ប្រក់​ស្បូវ​សង់​នៅលើ​ផ្ទៃបឹង​មាន​ជំនោរ​ខ្យល់​ដ៏ត្រជាក់​រំភើយ ភោជនីយដ្ឋាន​អេម​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​បី​បួន​គីឡូម៉ែត្រ​ចេញ​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​ស្រប​តាម​ផ្លូវ​ទៅកាន់​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ​ដែល​ឆ្ពោះ​ទៅ​កាន់​ព្រែក​ហូរ​។

ភោជនីយដ្ឋាន​អេម ត្រូវ​បាន​សង់​ឡើង​នៅ​ផ្ទៃ​បឹង​មួយ ដែល​មាន​ចំនួន ១៣​ក្យូស សម្រាប់​ទទួល​ភ្ញៀវ​មក​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​យ៉ាង​ឆ្ងាញ់​ពិសា​ជាមួយ​មុខម្ហូប​កុម្ម៉ង់​ភ្លាមៗ​ក្តៅៗ។

ភោជនីយដ្ឋាន​លក្ខណៈ​ជា​ក្យូស​នេះ​មាន​បុគ្គលិក​បម្រើ​ស្រស់ស្អាត និង​រួសរាយ​រាក់ទាក់ សេវា​រហ័ស​ទាន់​ចិត្ត​ស័ក្ដិសម​សម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ មិត្តភក្តិ និង​មិត្ត​រួម​ការងារ​មិន​ថា​តែ​ឱកាស​ឈប់​សម្រាក ឬ​ថ្ងៃ​បុណ្យ​ជាតិ​នោះ​ឡើយ​។

លោក លឹម ច័ន្ទ មេការ​គ្រប់គ្រង​ភោជនីយដ្ឋាន​អេម ដែល​បាន​បើក​បម្រើ​ភ្ញៀវ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ​មក​ហើយ​នោះ​បាន​ឲ្យ​ដឹង​ថា​៖​«ភោជនីយដ្ឋាន​យើង​មាន​កន្លែង​សម្រាប់​ទទួល​ភ្ញៀវ​ចំនួន​១៣​ក្យូស ដែល​បាន​សង់​ពី​ឈើ មាន​ដំបូល​ប្រក់​ស្បូវ និង​មាន​ដើមឈើ​ធំៗ​ផ្តល់​ម្លប់​ដ៏ត្រជាក់​ពេល​ទទួលទាន​អាហារ​»។

ក្យូស​នៅ​ទី​នេះ​មាន​បី​ប្រភេទ​គឺ​ទី​មួយ​ជា​ក្យូស​ខ្នាត​តូច អាច​ដាក់​ភ្ញៀវ​បាន​ចំនួន​ពី​ប្រាំ​មួយ​ទៅ​ប្រាំ​បី​នាក់ ខណៈ​ប្រភេទ​ទី​២ ជា​ក្យូស​អាច​ទទួល​ភ្ញៀវ​បាន​ចំនួន​ពី​ដប់​ទៅ​ដប់​ប្រាំ​នាក់​។ ចំណែក​ប្រភេទ​ក្យូស​ទី​បី​អាច​ដាក់​ភ្ញៀវ​បាន​ចំនួន​ពី​ម្ភៃ​ទៅ​សែសិប​នាក់​។

ចំពោះ​មុខម្ហូប​នៅ​ភោជនីយដ្ឋាន​អេម មាន​ជា​អាទិ៍​ដូចជា មាន់ដុត មាន់ស្ងោរ ទាកាប៉ាអាំង ឬ​ដុត ទាកាប៉ា​ឆាក្តៅ ទា​ប្រឡាក់​ម្ទេសអាំង ភ្លា​សាច់ត្រី ភ្លា​សាច់គោ ត្រីរ៉ស់​អាំង ឬ​ដុត ត្រី​ក្រហម​ដុត ឬ​ប្រឡាក់​ចៀន ជាមួយ​ទឹក​ជ្រលក់​ឆ្ងាញ់​ពិសេស ស៊ុបខ្យង​និង​មុខម្ហូប​តាម​ការ​កុម្ម៉ង់​របស់​ភ្ញៀវ​នានា​បាន​ទៀត​ផង​ដែរ ខណៈ​ភេសជ្ជៈ​មាន​បម្រើ​តាម​តម្រូវការ។

ក្នុង​ចំណោម​មុខម្ហូប​ទាំងអស់​នោះ លោក លឹម ច័ន្ទ បាន​កត់សម្គាល់​ថា៖ «សម្រាប់​ភោជនីយដ្ឋាន​អេម​របស់​យើង​មាន​មុខម្ហូប​ពិសេស​ពីរ​យ៉ាង​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ផង​ដែរ​គឺ​ទា​ប្រឡាក់​ម្ទេស​អាំង និង​ស៊ុបខ្យង ជាមួយ​តម្លៃ​សមរម្យ​»។

លោក​រៀបរាប់​ទៀត​ថា៖ «តម្លៃ​លើ​មុខម្ហូប​អាហារ​នានា​នៅ​កន្លែង​យើង បើ​ប្រៀបធៀប​ជាមួយ​នឹង​ហាង​ដទៃ​គឺ​មិន​ថ្លៃ​ជាង​ឡើយ​។ ចំពោះ​តម្លៃ​នៅ​កន្លែង​យើង​សមរម្យ​ដូច​គេ​ឯង​ដែរ​។ ប្រសិន​បើ​មាន​ក្រុម​ភ្ញៀវ​អញ្ជើញ​មក​ទទួលទាន​នៅ​កន្លែង​ខ្ញុំ​មាន​ចំនួន​ច្រើន និង​កុម្ម៉ង់​មុខម្ហូប​ច្រើន​មុខ យើង​ក៏​មាន​ការ​បន្ថែម​ជូន​នូវ​មុខម្ហូប​ខ្លះ​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ​»។

ភោជនីយដ្ឋាន​អេម មាន​ទីតាំង​នៅ​ភូមិ​ព្រែករាំង សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទាក់ទង​លេខ ០៧៧ ៦៩៩ ៨៣៧ និង​០៨៨ ៨៧០ ៥៥៥៥៕


What Next?

Recent Articles