Sat, 15 November 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ជាមួយនឹងរូបសម្រស់ស្រស់ក្មេងសាច់សខ្ចីនោះ ហ៊ិន ច័ន្ទនីរ័ត្ន ដែលកំពុងមានអាជីពជាពិធីការិនីដ៏មានប្រជាប្រិយប្រចាំស្ថានីយទូរទស្សន៍បាយ័ន ត្រូវបានគេដឹងថា មួយរយៈចុងក្រោយនេះនាងមានភាពមមាញឹកយ៉ាងខ្លាំង ហើយនាងមានតម្លៃខ្លួនខ្ពស់គួរឲ្យចាប់អារម្មណ៍ ពោលគឺម្តង៥០០ដុល្លារ។
ដោយឈរជើងបានយ៉ាងរឹងមាំនៅស្ថានីយទូរទស្សន៍បាយ័ន នៅក្នុងមួយរយៈចុងក្រោយនេះ គេបានមើលឃើញយ៉ាងច្បាស់ថា ពិធីការិនីនាង ហ៊ិន ច័ន្ទនីរ័ត្ន មានកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈលេចធ្លោតែម្តង រីឯការងាររបស់នាងវិញ ក៏ហូរចូលមកឈឹបៗមិនចាញ់តារារួមអាជីពនោះដែរ។
ក្រៅពីការងារជាពិធីការិនីនោះ គេក៏បានដឹងផងដែរថា តារារូបនេះអាចច្បាមរកប្រាក់ពីការសម្តែង និងការថតស្ប៉តពាណិជ្ជកម្មផងដែរ។
ការឡើងកូដនេះបានធ្វើឲ្យតម្លៃខ្លួនរបស់នាងក៏ស្ទុះឡើងខ្ពស់មួយកម្រិតដែរ ហើយថ្មីៗនេះ មានការបង្ហើបឲ្យដឹងថា នីរ័ត្ន ស៊ីថ្លៃម្តង៥០០ដុល្លារឯណោះក្នុងការធ្វើជាពិធីការិនីប្រចាំកម្មវិធីម្តងៗ។ ជាមួយគ្នានោះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានទទួលស្គាល់ពីតម្លៃខ្លួននេះដែរ ប៉ុន្តែនាងបានបញ្ជាក់ថា តម្លៃខ្លួននោះក៏អាចមានការប្រែប្រួលដែរទៅតាមកម្មវិធីធំតូច ជិត ឬក៏ឆ្ងាយ។
មួយទៀតនោះគឺតម្លៃខ្លួនលើការថតស្ប៉តពាណិជ្ជកម្ម គឺអាចទទួលបានច្រើនទៅតាមប្រភេទផលិតផល និងរយៈពេលនៃការចុះកុងត្រាការងារ៕