ប្រជាពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​ល្បែងស៊ីសង

ដោយ ដែន អយុធ្យា
2014-11-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទីតាំង​ភ្នាល់​បាល់ ខេត្ត​ព្រះសីហនុ ៦២០
ទីតាំង​ភ្នាល់​បាល់​តាម​អ៊ីនអើណេត​នៅ​ក្នុង​ផ្ទះ​សំណាក់​ឌីឌីម៉ាត កន្លែង​បោកអ៊ុត និង​លក់​ភេសជ្ជ នៅ​ទល់​មុខ​កំពង់ផែ​ខេត្ត​ព្រះសីហនុ រូប​ថត​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ២០១៤។ RFA/Den Ayuthyea

ពលរដ្ឋ និង​អាណាព្យាបាល រស់នៅ​ខេត្ត​ព្រះសីហនុ សង្ស័យ​ថា​ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ថា​ទំនងជា​អាច​ជាប់​ពាក់ព័ន្ធ ការ​បង្កើត​ឲ្យ​មាន​ទីតាំង​ភ្នាល់​បាល់ ឬ ជល់​មាន់ និង​ល្បែង​ខុសច្បាប់​ច្រើន​ទៀត កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ នា​ខេត្ត​ព្រះសីហនុ។

បញ្ហា​នេះ លោក ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​អ្នកសារព័ត៌មាន ត្រូវ​សហការ​ប្រាប់​ពី​ទីតាំង​ប្រព្រឹត្តិ​ល្បែងស៊ីសង​ទាំងនោះ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​សមត្ថកិច្ច​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

អាណាព្យាបាល​សិស្ស និង​ប្រជាពលរដ្ឋ មាន​លំនៅឋាន​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​វិច្ឆិកា​ថា ទីកន្លែង​បើក​ចាក់​ភ្នាល់​បាល់​ទាំងនោះ គឺ​សមត្ថកិច្ច​ជំនាញ​មិន​ពិបាក​រក​ទេ។ ប្រជាពលរដ្ឋ​បាន​បង្ហាញ​ទីតាំង​មួយ​ចំនួន ដែល​ទទួល​ចាក់​បាល់ និង​ចែក​តារាង​ប្រកួត​បាល់​តាម​ប្រព័ន្ធ​អ៊ីនធើណេត(Internet) ឬ​ការប្រកួត​បាល់​នៅ​ក្រៅ​ប្រទេស មាន​ដូចជា​ទីតាំងនៅ​កែង​រ៉ា ឬ​មុខ​កំពង់ផែ។ ទីតាំង​ខាងក្រោយ​រោង​មហោស្រព​ចាស់ ខេត្ត​ព្រះសីហនុ ហើយ​ទីតាំង​ទាំងនេះ​ស្ថិត​នៅ​ក្នុង​ផ្ទះល្វែង ជ្រក​ក្រោម​ស្លាក​បោក​អ៊ុត ឬ​ផ្ទះសំណាក់​ជាដើម។ ផ្ទះសំណាក់​ដែល​ប្រជាពលរដ្ឋ ចោទ​ថា​ជាទី​តាំង​ទទួល​ភ្នាល់​បាល់​ដ៏​ធំ នៅ​ខេត្ត​ព្រះសីហនុ ហើយ​មាន​មន្ត្រី​មានអំណាច​កាង​ការពារ គឺ​មាន​យីហោ​ឌីឌីម៉ាត និង​ផ្ទះសំណាក់​កោះមាស​ជាដើម។

ប្រជាពលរដ្ឋ​ចោទ​ថា បើក​ល្បែងស៊ីសង​ដូចជា​ភ្នាល់​បាល់ ឬ​ជល់​មាន់ អាច​ធ្វើ​សកម្មភាព​ទៅ​បាន ទាល់តែ​មានការ​អនុញ្ញាត ពី​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ មាន​នគរបាល និង​កង​រាជ​អាវុធ​ជាដើម។

ទោះជា​បែបនេះ​ក្ដី លោក ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ថ្លែង​បដិសេធន៍​ថា មិន​ជាប់​ពាក់ព័ន្ធ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូច​ពលរដ្ឋ​ចោទ​នោះ​ទេ។

លោក ស៊ាង កុសល មានប្រសាសន៍ថា មិន​អនុញ្ញាត​ឲ្យ​ល្បែងស៊ីសង ធ្វើ​សកម្មភាព​អនាធិបតេយ្យ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​បានទេ។ លោក​ថា​បទល្មើស​បើក​ល្បែងភ្នាល់​បាល់ តាម​ប្រព័ន្ធ​អ៊ីនធើ​ណេត នា​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​ធ្លាប់​បង្ក្រាប​បាន ១​ករណី​រួចហើយ។

លោក​បន្ត​ថា​នឹង​ពិនិត្យ​ទីតាំង​ភ្នាល់​បាល់ ដែល​ពលរដ្ឋ​បាន​លើក​ឡើង នា​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ទៅ​បង្ក្រាប ឲ្យ​បានជា​ស្ថាពរ។

ស្រដៀង​គ្នា​ដែរ សម្រាប់​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ក៏បាន​ព្រមាន​ចាត់វិធានការ​ក្ដៅ ចំពោះ​រាល់​ទីតាំង​ល្បែងស៊ីសង​ផ្សេងៗ មាន​ល្បែងភ្នាល់​បាល់ បៀ​អាប៉ោង ឬ​ជល់​មាន់​ជាដើម។ លោក​បន្ត​ថា​មិនបាន​ដឹង​ពី​តាំង​ល្បែងស៊ីសង បើក​ធ្វើ​សកម្មភាព នាទី​ប្រជុំ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​ទេ ប៉ុន្តែ​បើ​ដឹង​ទីតាំង​ពិតប្រាកដ នឹង​ពង្រាយ​កម្លាំង​បង្ក្រាប ឲ្យ​បាន​ឆាប់​បំផុត​។ លោក​ព្រមាន​ថា នឹង​មិន​អនុញ្ញាត ឲ្យ​មាន​ល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ អាច​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​បានជា​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បាន​ដាក់​ចេញ ត្រូវតែ​អនុវត្ត ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​ព្រមាន​ចាត់វិធានការ​ក្ដៅ ទៅលើ​ទីតាំង​ល្បែងភ្នាល់​បាល់ ឬ​ជល់​មាន់ ជាដើម មិន​ឲ្យ​ធ្វើ​សកម្មភាព នា​ខេត្ត​ព្រះសីហនុ​បានជា​ដាច់ខាត។ លោក​ថា​នឹង​ស្នើ​ទៅ​សមត្ថកិច្ច​ជំនាញ នៃ​កងរាជអាវុធហត្ថ និង​ប៉ូលិស ជាដើម ឲ្យ​ពិនិត្យ​ល្បែងស៊ីសង កំពុង​ធ្វើ​សកម្មភាព​នា​ខេត្ត​ព្រះសីហនុ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ ឬ​ឈាន​ដល់​អនុវត្ត​តាម​ផ្លូវ​ច្បាប់​។

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់​បាន​រំលឹក​ដល់​សមត្ថកិច្ច​ក្រោម​ឱវាទ នៅ​តាម​ខេត្ត​ក្រុង និមួយៗ ឲ្យ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់​ចេញ​ឲ្យ​បានជា​ប្រចាំ និង​មិន​ត្រូវ​ធ្វេសប្រហែស​ទេ។

យ៉ាង​នេះ​ក្ដី ក្រុម​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ហាក់​មាន​ជំនឿ​តិចតួច ចំពោះ​ការ​អះអាង របស់​មេ​ប៉ូលិស និង​មេបញ្ជាការ​ប៉េអិម ខេត្ត​ព្រះសីហនុ ដោយ​សង្ស័យ​ថា សមត្ថកិច្ច​ជំនាញ​ខេត្ត​នេះ ទំនងជា​អាច​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​បទល្មើស​ល្បែងស៊ីសង​ផ្សេងៗ ពិសេស​ល្បែងភ្នាល់​បាល់​ដ៏​ធំ​នៅ​ខេត្ត​ព្រះសីហនុ ទើប​ល្បែងភ្នាល់​នេះ អាច​ធ្វើ​សកម្មភាព​បាន​ដោយ​ចំហ និង​គ្មាន​ការ​បង្ក្រាប​មកដល់ពេលនេះ។ ជាង​នេះ​កងកម្លាំង​នៅ​ក្នុង​ស្ថាប័ន​ជំនាញ​ទាំងនេះ ក៏​តែងតែ​ទៅ​យក​តារាង​ចាក់​បាល់ ឬ​ប៉ុង​បាល់ ដើម្បី​ចាក់​ភ្នាល់ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ថែមទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ប្រជាពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​ល្បែងស៊ីសង"

  1. people says:

    if the government give them fair salary they won’t do anything against the law but they need some money to feed their family that why some of them committed corruption .corruption need to be clean from the top like in parliament need to be clean .people want ACU to investigate the scandal in parliament ,if they don’t government have to demolish this department ‘why need to keep this department for? every corruption and every scandal everywhere in king dom must investigate because ACU’job.GOD bless all cambodian people’