អ្នកភូមិ​ខ្វា​ក្នុង​ខណ្ឌ​ដង្កោ​រិះគន់​អាជ្ញាធរ​យឺតយ៉ាវ​ពី​ការ​ជួយ​រំដោះ​ទឹក​លិច​ផ្ទះ​ពលរដ្ឋ

ដោយ សេក បណ្ឌិត
2014-11-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទឹក​ជន់​លិច​ផ្ទះ​ពលរដ្ឋ​ខណ្ឌ​ដង្កោ ៦២០

ស្ថានភាព​ប្រជាពលរដ្ឋ​រស់​នៅ​ម្ដុំ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​លូ​ហូរ​ចូល​ជន់​លិច​ភូមិ រូប​ថត​ថ្ងៃ​ទី ១៣ វិច្ឆិកា ២០១៤។ RFA/Sek Bandith

ពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​រស់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​លូ​ហូរ​ចូល​ជន់​លិច​ភូមិ​ជាង​២​ខែ​មក​ហើយ​នោះ រិះគន់​ចំពោះ​ការ​ទទួល​ខុស​ត្រូវ និង​ដោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន​មានការ​យឺតយ៉ាវ។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​រឿង​នេះ​មាន​មន្ទិល​សង្ស័យ​ថា​មាន​ភាព​មិន​ប្រក្រតី​នៅ​ពីក្រោយ​ខ្នង​នៃ​ដំណើរ​បង្ហូរទឹក​ចេញពី​សហគមន៍​នោះ។ ចំណែក​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​វិញ បាន​បដិសេធ​ចំពោះ​ករណី​នេះ។

រយៈពេល​ជាង​២​ខែ​មក​ហើយ​ដែល​អ្នកភូមិ​ខ្វា រស់នៅ​ត្រាំ​ទឹក​ដោយ​ផ្ទះសម្បែង​របស់​ពួកគាត់​លិចលង់​ខ្លះ​ដល់​ដំបូល​ដោយ​ទឹក​លូ​ពី​គ្រប់​មជ្ឈដ្ឋាន​សម្រុក​ហូរ​ចូល​សហគមន៍​មួយ​នេះ។

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​ហាក់​មិន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​ឡើយ។ សំឡេង

អ្នកភូមិ​ដែល​ជម្លៀស​ខ្លួន​ចេញពី​តំបន់​ទឹក​លិច មក​រស់នៅ​លើ​ផ្លូវ​ថ្នល់​ជាប់​របង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង​បាន​ដាក់​ការ​សង្ស័យ​ថា ការ​យឺតយ៉ាវ​ក្នុង​ការ​រំដោះ​ទឹក​ចេញ​បែបនេះ​ជា​ចេតនា​មួយ​ដើម្បី​ដាក់​សំពាធ​លើ​ពលរដ្ឋ ឲ្យ​លក់​ផ្ទះ​ចាក​ចេញពី​ភូមិ​ក្នុង​តម្លៃ​ថោក ហើយ​ទុក​តំបន់​នោះ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ ដោយ​មិន​ពិបាក​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ ឬ​បណ្ដេញ​ចេញ​ដូច​នៅ​តំបន់​បឹងកក់ និង​តំបន់​ផ្សេងៗ​ទៀត​នៅ​ក្នុង​ក្រុង។

ស្ត្រី​អ្នកភូមិ​ម្នាក់​ក្នុងចំណោម​អ្នកភូមិ​ជាច្រើន​ទៀត​មានប្រសាសន៍ថា នៅ​ក្នុង​ភូមិ​នេះ​មាន​រណ្ដៅ​ដី​ធំ​មួយ​មាន​ជម្រៅ​រាប់​សិប​ម៉ែត្រ ដែល​អ្នកមាន​លុយ​ម្នាក់​ជីក​យក​អាចម៍​ដី​លក់​ជាច្រើន​ឆ្នាំ​មក​ហើយ។

ចំណែក​តំបន់​អភិវឌ្ឍន៍​ផ្សេងៗ​ក៏បាន​បង្ហូរ​ទឹក​លូ​ចូល​រហូត​ពេញ​រណ្ដៅ​ដី​នោះ​ហើយ​ហៀរហូរ​ជន់​លិច​ដី​ផ្ទះ​ភូមិ​ជុំវិញ​នោះ​ថែមទៀត ក្នុង​រយៈពេល​ប្រមាណ​ជា​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ។ ប៉ុន្តែ​កាលពី​មួយ​ឆ្នាំ​មុន​នេះ​នៅ​មាន​លូ​បង្ហូរ​ទឹក​ចេញ​វិញ ដោយមាន​លិច​ផ្ទះ​ផ្លូវ​បន្តិចបន្តួច​ក្នុង​រយៈពេល​ខ្លី ចំណែក​នៅ​ចុង​ឆ្នាំនេះ​លូ​ចាស់​នោះ​គ្មាន​ការ​យក​ចិត្តទុកដាក់​ថែទាំ ហើយ​ក៏​កប់​បាត់​រក​មិន​ឃើញ​ឡើយ។

ទឹក​ជន់​លិច​ផ្ទះ​ពលរដ្ឋ​ខណ្ឌ​ដង្កោ ៦២១
ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​លូ​ហូរ​ចូល​ជន់​លិច​ផ្ទះ​ជិត​ដល់​ដំបូល រូប​ថត​ថ្ងៃ​ទី ១៣ វិច្ឆិកា ២០១៤។ RFA/Sek Bandith

លោកស្រី​បន្ត​ថា បញ្ហា​នេះ​អាច​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​ម្ចាស់​រណ្ដៅ​ដី​ឬ​ក្រុមហ៊ុន​ណាមួយ​ជាមួយ​អាជ្ញាធរ ដើម្បី​ដាក់​សំពាធ​លើ​ពលរដ្ឋ​ឲ្យ​ទ្រាំ​រស់នៅ​នៅ​តំបន់​នោះ​លែង​បាន។ សំឡេង

ទាក់ទង​ករណី​នេះ​ដែរ ប្រជាពលរដ្ឋ​ម្នាក់ទៀត លោក ចាន់ សុផល បាន​ឲ្យ​ដឹង​ដែរ​ថា តំបន់​សហគមន៍​ភូមិខ្វា​នេះ អាជ្ញាធរ​ក្រុង​ធ្លាប់​ប្រកាស​កំណត់​ជា​តំបន់​អភិវឌ្ឍន៍​តំបន់​បៃតង។ សំឡេង

លោក​បន្ត​ថា​មាន​ហេតុផល​មួយ​ចំនួន​ដែល​បញ្ជាក់​ថា អាជ្ញាធរ​មិន​គិតគូរ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​អាច​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុមហ៊ុន​ឯកជន ឬ​បុគ្គល​អ្នកមាន​លុយ​ដែល​មាន​លុយ​ចង់​គ្រប់គ្រង​តំបន់​នេះ​ផ្ដាច់​មុខ​ដោយ​ដាក់​សំពាធ​លើ​ពលរដ្ឋ​តាម​មធ្យោបាយ​ផ្សេងៗ ដើម្បី​ឲ្យ​ពលរដ្ឋ​ពិបាក​រស់នៅ​ហើយ​សម្រេច​ចាកចេញ​ដោយ​ខ្លួនឯង។ សំឡេង

អ្នកភូមិ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​អាជ្ញា​ធរមាន​ឆន្ទៈ​ដោះស្រាយ​ពិតជា​អាច​ធ្វើ​ទៅ​បាន​ឆាប់ ពីព្រោះ​មាន​ច្រក​អាច​រំដោះ​ទឹក​ចេញពី​តំបន់​នោះ​បាន​ដោយ​បង្កើត​ប្រព័ន្ធ​លូ​ថ្មី​បង្ហូរទឹក​នោះ​ទៅ​បឹងទំពុន។ ម្យ៉ាងទៀត​អ្នកភូមិ​បាន​ពឹង​ឲ្យ​អ្នកបច្ចេកទេស​គូស​ប្លង់​បណ្ដាញ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ចេញ និង​ចំនួន​ទឹក​ដែល​ត្រូវ​ចំណាយ​ក្នុង​ការ​អនុវត្ត​ប្លង់​នោះ​ហើយ​ដាក់​ជូន​អាជ្ញាធរ​ជា​ជំនួយ​លើ​ការ​សម្រេចចិត្ត​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​សហគមន៍​ខ្វា ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​ថា​យ៉ាងណា​នោះ​ទេ។

ឆ្លើយតប​បញ្ហា​នេះ ចៅ​សង្កាត់​រង សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ អ្នកស្រី សឿង សរី មាន​ប្រសាសន៍​ពន្យល់​ថា អាជ្ញាធរ​ពុំ​ដែល​មានគំនិត​ស៊ុមគ្រលុំ​គ្នា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ណាមួយ​ហើយ​មក​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្លួនឯង​ឲ្យ​រស់​វេទនា​នោះ​ទេ។ ផ្ទុយទៅវិញ​មានតែ​ព្យាយាម​ស្នើ​ទៅ​រដ្ឋាភិបាល​សុំ​ឲ្យ​លើកលែង​តំបន់​នោះ​ចេញពី​គម្រោង​អភិវឌ្ឍន៍​អាង​ស្តុក​ទឹក និង​ស្នើ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្នា​ថែមទៀត​នៅ​ថ្ងៃ​ខាងមុខ។ សំឡេង

កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា អ្នកភូមិ​ខ្វា​ប្រមាណ​១​រយ​នាក់​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅមុខ​សាលា​ខណ្ឌ​ដង្កោ​ដោយ​នាំ​យក​នូវ​ការ​លំបាក​របស់​ពួកគាត់​ដោយសារ​ទឹក​លិច​ផ្ទះ ការខាតបង់​ទ្រព្យសម្បត្តិ និង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ជួយ​អន្តរាគមន៍ ទៅ​ម្ចាស់​រណ្ដៅ​ដី​នៅ​ភូមិ​នោះ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជួយ​ផ្ដល់​ថវិកា​សាងសង់​ប្រព័ន្ធ​លូ​ដើម្បី​រំដោះ​ទឹក​ចេញពី​សហគមន៍​ភូមិ​ខ្វា​នោះ​ឲ្យ​បាន​ឆាប់។

សំឡេង

ក្នុង​ការ​តវ៉ា​នោះ​អាជ្ញាធរ​ខណ្ឌ និង​ប្រជាពលរដ្ឋ​បាន​ជជែក​តវ៉ា​គ្នា​យ៉ាង​តឹងតែង​ដោយសារ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខណ្ឌ គ្មាន​ជម្រើស​អ្វី​ថ្មី​ក្រៅពី​ដាក់​ម៉ាស៊ីន​បូម​ទឹក​ចេញ ប៉ុន្តែ​មធ្យោបាយ​នោះ​ពលរដ្ឋ​មើល​ឃើញ​ថា​ពុំ​មាន​ប្រសិទ្ធភាព ពីព្រោះ​ការ​ប្រើ​ម៉ាស៊ីន​ប៉ូម​នោះ តាំងពី​ទឹក​លិច​ត្រឹម​ជង្គង់ រហូត​ទឹក​ឡើង​លិច​ដំបូល​ផ្ទះ​រហូត​សព្វ​ថ្ងៃ​នេះ។

តែ​ទោះ​អាជ្ញាធរ​ខណ្ឌ​បាន​អះអាង​ថា ខ្លួន​បាន​ស្នើ​ទៅ​អាជ្ញាធរ​ក្រុង សុំ​ជំនួយ​អ្នកបច្ចេកទេស​មក​សិក្សា​តំបន់​នោះ​ឲ្យ​ច្បាស់លាស់​ជា​មុន​សិន​មុននឹង​ប្រើ​គ្រឿងចក្រ​បុក ឬ​កាយ​កាត់​ផ្លូវ​ដាក់​លូ​ថ្មី ប៉ុន្តែ​ចំពោះ​មុខ​អត់​មាន​ជម្រើស​អ្វី​ក្រៅពី​ប្រើ​ម៉ាស៊ីន​បូម​ទឹក​នោះ​ចេញ​បណ្ដោះអាសន្ន​ទេ។

សំឡេង

ក្រុម​ប្រជាពលរដ្ឋ​ហាក់​មិន​សប្បាយចិត្ត ចំពោះ​ការ​ផ្ដល់​ដំណោះស្រាយ​ប្រើ​ម៉ាស៊ីន​ប៉ូម​នោះ​ឡើយ ព្រោះ​ម៉ាស៊ីន​នោះ​តូច ហើយ​ដំណើរ​ការ​មិន​ជាប់លាប់​ទៀត ប៉ុន្តែ​ពួកគាត់​ក៏​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទន្ទឹង​រង​ចាំ​មើល​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខណ្ឌ ហើយ​នាំគ្នា​រំសាយ​ការ​ប្រមូលផ្តុំ​តវ៉ា​នោះ​បណ្ដោះអាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "អ្នកភូមិ​ខ្វា​ក្នុង​ខណ្ឌ​ដង្កោ​រិះគន់​អាជ្ញាធរ​យឺតយ៉ាវ​ពី​ការ​ជួយ​រំដោះ​ទឹក​លិច​ផ្ទះ​ពលរដ្ឋ"

  1. ប្រជាពលរដ្ឋ says:

    > . . ឆ្នាំ នេះ អត់មាន ទឹកជំនន់ ទេ តើ ទឹក ស្អុយ នេះ មក ពីណា ?

  2. ?? says:

    all our people have to know who have the right to order those security to punishing these people. for me I believe this unrespectable leaders know only silence our people . they only wanted our people to shut up and die that all. they did not care about you I bête in the next election will change. in the past our people has been confusing they did not see the real face of evil. from now on if they going to that black hole again it will be the end of their life. peace for all

  3. people says:

    this is the hell on earth’.if the government care they should hire engineer to do the properly job and at least the government can employ a lot of people .poor people in this area and near the capital of king dumb of wonder ,king dumb of dirty water’GOD bless all cambodian people’