ដោយ៖ ខាន់ លក្ខិណា
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com
ប្រជាពលរដ្ឋខេត្តព្រះសីហនុ ចោទក្រុមហ៊ុនមួយថា ជួលកម្លាំងស៊ីឈ្នួលឲ្យមកកម្ទេចដំណាំក្នុងភូមិរបស់ពួកគេ។
តំណាងសហគមន៍សង្កាត់អូរត្រេះ ហៅអូរដំរី ខណ្ឌស្ទឹងហាវ ខេត្តព្រះសីហុន លោក ង៉ែត ចន្ធូ ឲ្យ VOD ដឹងនៅថ្ងៃទី១៥ ខែ វិចិ្ឆកា ឆ្នាំ ២០១៤នេះថា អ្នកស្រី ហ៊ឹម សុវណ្ណារី ដែលជាម្ចាស់ក្រុមហ៊ុន យ៉េ ម៉ាឡេ បានជួលកម្លាំងស៊ីឈ្នួលឲ្យមកកាប់និងដុតបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ ដោយចោទប្រជាពលរដ្ឋថា រស់នៅលើដីរបស់ខ្លួនដោយខុសច្បាប់។
លោកង៉ែត ចន្ធូ អះអាងថា ប្រជាពលរដ្ឋបានចូលទៅរស់នៅលើដីនៅភូមិអូរដំរីនេះតាំងពីឆ្នាំ១៩៨៦ មកម្ល៉េះ។ លោកបន្តថា កន្លងមកមានក្រុមហ៊ុនមួយចំនួន បានមករុះរើផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិនេះ ពេលនោះពួកគាត់បានពឹងពាក់រកអ្នកឲ្យជួយ ក្នុងនោះមានឈ្មោះអ្នកស្រី ហ៊ឹម សុវណ្ណារី ម្ចាស់ក្រុមហ៊ុន យ៉េ ម៉ាឡេ ម្នាក់ដែរ។ ប៉ុន្តែមួយឆ្នាំក្រោយមក ស្រាប់តែអ្នកស្រី ហ៊ឹម សុវណ្ណារី អះអាងថា គាត់ក៏មានដីនៅនោះដែរ។ ពេលនោះហើយទំនាស់ក៏ចាប់ផ្ដើមកើតមានឡើង រវាងអ្នកភូមិ និងលោកស្រី ហ៊ឹម សុវណ្ណារី។
VOD មិនអាចទាក់ទងលោកស្រីហ៊ឹម សុវណ្ណារី ដើម្បីបំភ្លឺការចោទប្រកាន់នេះបានទេ។
អភិបាលខេត្តព្រះសីហនុលោក ឈិត សុខុន ឲ្យដឹងថា លោកមិនដឹងពីប្រវត្តិទំនាស់ដីធ្លីនៅទីនោះទេ ប៉ុន្តែលោកថា ពេលនេះទំនាស់ដីនោះបានទៅដល់តុលាការហើយ ដូច្នេះការដោះស្រាយយ៉ាងណា លោកថា គឺជាសមត្ថកិច្ចរបស់តុលាការ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំនៅខេត្តព្រះសីហនុ លោកបួន ណារិទ្ធិ ឲ្យដឹងថា រឿងរ៉ាវដីធ្លីនៅ អូរដំរីនេះ មានភាពស្មុកស្មាញខ្លាំង ដោយសារមានការដណ្ដើមដីគ្នា រវាងប្រជាពលរដ្ឋ និងអ្នកមានអំណាច ហើយក៏មានការប្ដឹងផ្ដល់គ្នាទៅតុលាការជាច្រើនលើកមកហើយ។ លោកបន្តថា តាមលោកដឹង មកដល់ពេលនេះ មិនទាន់មានអ្នកណាម្នាក់មានប័ណ្ណកម្មសិទិ្ធច្បាស់លាស់ លើដីនៅតំបន់អូរដំរីនោះទេ៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhen@vodhotnews.com