ដោយ៖ ហៃ សូឡា
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
កម្មករអង្គុយរង់ចាំលទ្ធផលនៃកិច្ចពិភាក្សាតំណាងរបស់ខ្លួន (រូបភាព៖ ឡាយ សាមាន)
កម្មកររោងចក្រហ៊ុយ ចៀន ឬចៀន ឡឹ ប្រមាណ៤០០នាក់ប្រមូលផ្ដុំមុខរដ្ឋសភាជាថ្មី នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីធ្វើការតវ៉ាទាមទារឲ្យរដ្ឋសភាស្នើទៅរដ្ឋាភិបាលផ្ដល់ប្រាក់បុរេប្រទានសម្រាប់ទូទាត់ប្រាក់អតីតភាពជូនកម្មករ ។
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ប្រាប់VODថា ការឡើងមកតវ៉ារបស់កម្មករនៅព្រឹកនេះ គឺដើម្បីដាក់ញត្តិទៅកាន់រដ្ឋសភា ស្នើឲ្យជួយពន្លឿនការដោះស្រាយ និងស្នើសុំប្រាក់បុរេប្រទាន ដើម្បីទូទាត់ប្រាក់អតីតភាពការងារជូនកម្មករ និងប្រាក់បំណាច់ផ្សេងៗ ។
ក្នុងញត្តិដែលកម្មករត្រៀមដាក់ទៅកាន់រដ្ឋសភារៀបរាប់ថា អស់រយៈពេលជាង២ខែហើយដែលកម្មករនិយោជិតនៃរោងចក្រហ៊ុយ ចៀន ឬចៀន ឡឹ គ្នានប្រាក់សម្រាប់ទិញអង្ករ ម្ហូបអាហារ បង់ថ្លៃផ្ទះជួល ទឹក ឡាន និងកូនទៅសាលារៀនជាដើម ។ ម្យ៉ាងវិញទៀត កម្មការនីម្នាក់ឈ្មោះ ពាង សុខណេ បានស្លាប់បាត់បង់ជីវិត ពេលសម្រាលកូនក្នុងបន្ទប់ជួល ដោយសារគ្មានប្រាក់សម្រាប់ទៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ។
អត្ថបទទាក់ទង
មកដល់ម៉ោងប្រមាណ១០និង៣០នាទីនេះ តំណាងកម្មករ៥នាក់ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងមន្ទីររដ្ឋសភាដើម្បីពិភាក្សា តែពុំទាន់ដឹងថាទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ ។
ក្រុមអ្នកតវ៉ាឲ្យដឹងថារោងចក្រដេរស្បែកជើង ហ៊ុយ ចៀន ដែលក្រោយមកប្ដូរឈ្មោះទៅជា ចៀន ឡឹ បង្កើតឡើងនៅឆ្នាំ២០០៦ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានកម្មករសរុប១២០០នាក់ ។
គួរបញ្ជាក់ថា ស្របពេលជាមួយការតវ៉ារបស់កម្មករនេះ អ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារមានគ្នាប្រមាណជិត១០០នាក់ ក៏ធ្វើការប្រមូលផ្ដុំមុខមន្ទីរដ្ឋសភា ដើម្បីស្វែងរកអន្តរាគមន៍បញ្ហាដីធ្លីរបស់ខ្លួនផងដែរ ៕
សូមសរសេរមកកញ្ញា ហៃ សូឡា តាមរយៈ sola_hay@yahoo.com