គណៈកម្មការ​ទី​​១​នៃ​រដ្ឋ​សភាកោះហៅ​​​លោក ប៉ា សុជាតិ​វង្ស ចូល​បំភ្លឺ​នៅសប្ដាហ៍​ក្រោយ​

ដោយ៖​ ទូច សុខា​
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស នាពេល​កន្លង​មក

គណៈ​កម្មាការ​ទី១​នៃ​រដ្ឋសភា​ ឲ្យ​ដឹង​ថា ខ្លួន​កំពុង​រៀប​ចំ​លិខិត​​កោះហៅ​​អភិបាល​រាជធានី​ភ្នំ​ពេញ​លោក ប៉ា សុជាតិ​វង្ស​ តាម​រយៈ​ក្រ​សួង​មហា​ផ្ទៃ ​​ឲ្យ​លោក​ចូល​បំ​ភ្លឺនៅ​រដ្ឋសភានៅសប្ដាហ៍​ក្រោយ ទាក់​ទង​នឹង​រឿង​ទឹក​លិចផ្ទះ​អ្នក​ភូមិ​បឹង​កក់ និង​​ការ​ចាប់​ខ្លួន​សកម្ម​ជន​ដី​ធ្លី​ ។

ការ​កោះហៅ​នេះ ធ្វើឡើង​បន្ទាប់​ពី​អ្នក​មាន​ជម្លោះ​ដីធ្លី​១០​នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​ម្នាក់​១​ឆ្នាំ បន្ទាប់ពី​ពួកគេ​តវ៉ា​បិទផ្លូវ​ព្រះមុនីវង្ស រក​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ដែល​ជន់​លិច​ផ្ទះ​នៅ​បឹង​កក់​ ។​

ប្រធាន​គណៈ​កម្មការ​ទី១នៃ​រដ្ឋ​សភា លោក អេង ឆៃ​អ៊ាង ឲ្យ​VOD​ដឹង​ ​នៅ​ព្រឹកថ្ងៃចន្ទ​​នេះថា ​គណៈ​កម្មការ​ទី១ នៃ​រដ្ឋសភា​កំ​ពុង​រៀប​ចំ​លិខិត​ដាក់​ទៅ​កាន់​​ក្រ​សួង​មហា​ផ្ទៃ តាម​រយៈ​ប្រ​ធាន​រដ្ឋ​សភាលោក ហេង សំរិន ដើម្បី​ស្នើ​ ឲ្យ​ក្រ​សួង​មហា​ផ្ទៃ​រៀប​ចំ​​ឲ្យ​លោក ប៉ា សុជាតិ​វង្ស ចូល​បំភ្លឺ​នៅ​រដ្ឋ​សភា​​នៅ​ថ្ងៃទី២៧ ខែ​វិច្ឆិកា វេលា​ម៉ោង ២រ​សៀល ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​ដី​ធ្លី និង​រឿង​ទឹក​លិច​ផ្ទះ​អ្នក​ភូមិ​បឹង​កក់​។

លោកបញ្ជាក់​ថា«​ព្រោះ​អាជ្ញា​ធរ​រាជធានី​ខេត្ត​ហ្នឹង​ស្ថិត​នៅ​ក្រោម​ រដ្ឋ​បាល​របស់​ក្រ​សួង​មហា​ផ្ទៃ​​ អញ្ចឹង​យើង​អត់​មាន​សរសេរ​ទៅ​កាន់​គាត់​ផ្ទាល់​ទេ គឺ​យើង​សរសេរ​ទៅ​កាន់​ក្រ​សួង​មហាផ្ទៃ ហើយ​យើង​សុំ​ឲ្យ​ក្រ​សួង​មហាផ្ទៃ​ចាត់​គាត់​ តាម​អ្វី​ដែល​រដ្ឋ​សភា​ចង់​បាន»។  ​លោក​បន្ថែម​ថា លិខិត​នេះអាច​នឹងទៅ​ដល់​ក្រ​សួង​មហា​ផ្ទៃ​នៅ​​ថ្ងៃ​ស្អែក ឬ​យ៉ាង​យូរ​ក្នុង​សប្តាហ៍​នេះ។

ទាក់​ទង​ទៅ​នឹង​ការ​កោះ​ហៅ​របស់​គណៈ​កម្ម​ការ​ទី​១នៃ​រដ្ឋ​សភា​នេះ អភិ​បាល​រាជ​ធានី​ភ្នំពេញលោក ប៉ា សុជាតិ​វង្ស ប្រាប់​VODយ៉ាង​ខ្លី​ថា លោក​ទុក​ឲ្យ​មាន​ការ​ធ្វើ​តាម​នីតិ​វិធី​ ។

ការ​កោះ​ហៅ​អភិ​បាល​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​លោក កឹម សុខា អនុ​ប្រធាន​ទី១ នៃ​រដ្ឋ​សភា បាន​ស្នើ​ទៅ​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​លោក អេង ឆៃអ៊ាង កាល​ពី​សប្តាហ៍​មុន ឲ្យកោះហៅ​ ​លោក ប៉ា សុជាតិ​វង្ស មក​សាក​សួរ​ពី​ដំណោះស្រាយ​ទឹក​លិច​ផ្ទះ​អ្នក​ភូមិ​បឹង​កក់​ និង​ជំរុញ​ឲ្យមាន​ការ​ដោះលែង​សកម្មជន​ទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ​​ ។

​ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន​១០​នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ជា​បើ​ពន្ធនាគារ​ម្នាក់ៗ​១​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​២​លាន​រៀល បន្ទាប់ពី​ពួកគេ​តវ៉ា​បិទផ្លូវ​ព្រះមុនីវង្ស រក​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ដែល​ជន់​លិច​ផ្ទះ​នៅ​បឹង​កក់​ ។ ចំណែក​ព្រះសង្ឃ​១​អង្គ​ក៏​ត្រូវបាន​កាត់ទោស​ដូចគ្នានេះដែរ ខណៈ​ឃ្លាំមើល​ការតវ៉ា​នៅ​មុខ​តុលាការ ៕

សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles