ព្រះ​មហាក្សត្រ​តែង​តាំង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​អាណត្តិ​ថ្មី

លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុង​អង្គ​ប្រជុំ​កន្លង​មក។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុង​អង្គ​ប្រជុំ​កន្លង​មក។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ព្រះ​មហាក្សត្រ នរោត្តម សីហមុនី បាន​ឡាយ​ព្រះ​រាជក្រឹត្យ​តែង​តាំង​ជា​ផ្លូវ​ការ​នូវ​សមាជិក​ថ្មី​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម បន្ទាប់​ពី​ច្បាប់​ស្ថាប័ន​នេះ​ត្រូវ​បាន​អនុម័ត​កាល​ពេល​ថ្មីៗ​នេះ។

បើ​តាម​ព្រះ​រាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្ត​ដោយ​ព្រះ​មហាក្សត្រ ព្រះ​ករុណា សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី កាល​ថ្ងៃ​ព្រហស្បតិ៍ បាន​ឲ្យ​ដឹង​ថា បន្ថែម​លើ​សមាជិក​អចិន្រៃ្តយ៍ ៣ រូប​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ប្រធាន​តុលាការ​កំពូល លោក ឌិត មុន្ទី អគ្គ​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​កំពូល លោក​ស្រី ជា លាង ព្រះ​រាជ​អាជ្ញា​និង​ចៅ​ក្រម​ចំនួន ៨ រូប ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម។

លោក អ៊ុំ សារិទ្ធ (មក​ពី​ព្រឹទ្ធសភា) លោក អ៊ិត រ៉ាឌី (មក​ពី​រដ្ឋសភា) លោក ប្លង់ ឆ្លាម លោក​ស្រី ប៊ុន្និញ ប៊ុណ្ណារី លោក ប្រាក់ គឹមសាន លោក សេង ប៊ុនឃាង លោក សម ប៊ុនផុន និង​លោក ស៊្រា អាង ត្រូវ​បាន​តែង​តាំង​សម្រាប់​អាណត្តិ​រយៈ​ពេល ៥ ឆ្នាំ​នេះ។

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ដែល​មាន​ព្រះ​មហាក្សត្រ​ជា​ប្រធាន មាន​អំណាច​តែង​តាំង ផ្ទេរ ព្យួរ និង​ដក​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា។

ក្រុម​សង្គម​ស៊ីវិល​បាន​រិះគន់​ច្បាប់​ចម្រូង​ចម្រាស​ចំនួន​បី​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ ដែល​ផ្តល់​អំណាច​ខ្លាំង​ដល់​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ក្នុង​ការ​គ្រប់​គ្រង​ស្ថាប័ន​តុលាការ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ការ​ដំឡើង​ឋានៈ និង​ការ​ដាក់​ទោស​ទណ្ឌ​ចៅក្រម​និង​ព្រះ​រាជអាជ្ញា​ហើយ​បាន​ហៅ​ច្បាប់​ទាំង​នេះ​ថា ជា​ការ​បន្ទាប​ឯករាជ​ភាព​របស់​តុលាការ៕


What Next?

Recent Articles