ដោយ អ៊ុក សាវបូរី
2014-11-17
RFA

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្ដល់បទសម្ភាសន៍ក្នុងពេលលោកដឹកនាំការតវ៉ាសុំឲ្យទំនិញចុះថោក កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៣។ RFA/Sek Bandith
មេធាវីការពារក្ដីជូនលោក វន់ ពៅ និង លោក សុគន្ធ សម្បត្តិពិសិទ្ធ ស្នើសុំសាលាឧទ្ធរណ៍ ដកពាក្យបណ្ដឹងសុំនៅក្រៅឃុំ របស់លោក វន់ ពៅ និង លោក សុគន្ធ សម្បត្តិពិសិទ្ធ។ ការស្នើសុំដកពាក្យបណ្ដឹងនេះ បានធ្វើឡើង ក្រោយពេលដែលតុលាការ បានដោះលែងអ្នកទាំង២រួចហើយ កាលពីចុង ខែឧសភា ឆ្នាំ២០១៤។
ប្រធានជំនុំជម្រះសាលាឧទ្ធរណ៍ លោក ញូង ធុល បានធ្វើការបិទបណ្ដឹងសុំនៅក្រៅឃុំ របស់មេធាវីការពារក្ដីឲ្យលោក វន់ ពៅ និងលោក សុគន្ធ សម្បត្តិពិសិទ្ធ តាមការស្នើសុំ របស់មេធាវីនោះហើយ កាលពីព្រឹក ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
នៅក្នុងសវនាការសាលាឧទ្ធរណ៍នោះ មិនមានវត្តមានលោក វន់ ពៅ និងលោក សុគន្ធ សម្បត្តិពិសិទ្ធ ទេ។ ប៉ុន្តែអ្នកស្រី សាន សុគន្ធា មេធាវីឲ្យអ្នកទាំង២ ថ្លែងថាមិនមែនជាសវនាការដេញដោលទេ ទើបអ្នកទាំង២ មិនមានមុខនៅថ្ងៃនេះ។ អ្នកស្រី សាន សុគន្ធា បន្តថាការសុំដកពាក្យបណ្ដឹង ពីសាលាឧទ្ទរណ៍នេះ មកពីលោក វ៉ន់ ពៅ និងលោក សុគន្ធ សម្បត្តិពិសិទ្ធ កាលនោះនៅជាប់ឃុំ ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ហើយមានជំងឺធ្ងន់ ដែលត្រូវព្យាបាលចាំបាច់។ ប៉ុន្តែការស្នើសុំកាលនោះ ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញច្រានចោល ទើបក្រុមមេធាវីការពារក្ដីឲ្យអ្នកទាំង២ ប្ដឹងទាស់មកសាលាឧទ្ធរណ៍ថ្ងៃនេះ មេធាវីមកសុំឲ្យសាលាឧទ្ធរណ៍ បិទសំណុំរឿងប្ដឹងទាស់នោះវិញ ព្រោះអ្នកទាំង២ ត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំ៖ «កម្មវត្ថុរបស់យើង សុំឲ្យកូនក្ដីយើងនៅក្រៅឃុំ ប៉ុន្តែជាក់ស្ដែងកូនក្ដីយើងនៅឃុំដែលមានសាលក្រម លើអង្គសេចក្ដីហើយ អីចឹងយើងត្រូវតែដកពាក្យវិញ ព្រោះយើងក៏ជួយសម្រួលដល់សាលាឧទ្ធរណ៍ កុំឲ្យពិបាកប្រើនីតិវិធីយូរលើរឿងនឹង អីចឹងយើងដកពាក្យវិញតែម្ដងទៅ»។
លោក វន់ ពៅ និង លោក សុគន្ធ សម្បត្តិពិសិទ្ធ និងអ្នកផ្សេងទៀត សរុប២៣នាក់ ត្រូវសមត្ថកិច្ច ចម្រុះចាប់ខ្លួន ថ្ងៃ០២និង០៣ ខែមករា ឆ្នាំ២០១៤ ក្នុងពេលកម្មករ ទាមទារដំឡើងប្រាក់ឈ្នួល អប្បបរមា ១៦០ដុល្លារ។ អ្នកទាំង២៣នាក់នោះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំកន្លះ ទៅដល់៤ឆ្នាំកន្លះ ប៉ុន្តែទោសទាំងនោះត្រូវព្យួរ ចាប់ពីថ្ងៃ ៣០ខែឧសភាឆ្នាំ២០១៤។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ ថ្លែងក្រៅសាលាឧទ្ធរណ៍ថា ជនទាំង២៣នាក់ ក្នុងនោះមានលោក វន់ ពៅ លោក សុគន្ធ សម្បត្តិពិសិទ្ធ លោក ថេង សារឿន លោក ចាន់ ពុទ្ធិស័ក្តិ និងកម្មករ រួមទាំងអ្នកដំណើរឆ្លងកាត់ ក្នុងសកម្មភាពកម្មករកំពុងតវ៉ា ដំឡើងប្រាក់ឈ្នួលទាប១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង និងនៅផ្លូវជាតិលេខ៤នោះ សរុប២៣នាក់នោះ រងនូវការចោទពីសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ លោកថា នៅពេលសវនាការ សាលាឧទ្ធរណ៍ខាងមុខសង្គមស៊ីវិល និងអ្នកទាំង២៣នាក់ សង្ឃឹមថាតុលាការនឹងច្រានចោល បទចោទនោះ ព្រោះក្រសួងយុត្តិធម៌ កំពុងតែកែទម្រង់ ដើម្បីកុំឲ្យមាននិទណ្ឌភាព នៅប្រទេសកម្ពុជា៖ «ទី៣ ទាក់ទងនឹងផ្លូវវ៉េងស្រេង និងយ៉ាក់ជីង ការធ្វើទារុណកម្ម ការបង្កឲ្យមនុស្សស្លាប់ ៤នាក់និងបាត់ខ្លួនម្នាក់ ហើយរងរបួសជាច្រើននាក់ មកទល់ពេលនេះយើងឃើញថាមានតែប្រជាពលរដ្ឋសាមញ្ញ ដែលមិនដឹងអីត្រូវជាប់ពន្ធនាគារ២៣នាក់។ ប៉ុន្តែជនដៃដល់ដែលបង្ក ឲ្យមនុស្សស្លាប់ និងរងរបួស មិនបានយកមកផ្ដន្ទាទោសតាមច្បាប់ទេ។ នេះគឺរដ្ឋាភិបាល ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ កុំឲ្យដូចរឿងលោក ឈូក បណ្ឌិត តទៀត អានឹងបានអាចបំបាត់និទណ្ឌភាពបាន»។
ស្របគ្នានេះដែរសេចក្ដីថ្លែងការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីថ្ងៃ អាទិត្យទី១៦ខែវិច្ឆិកា អំពាវនាវឲ្យលើកលែងការចោទ ចំពោះអ្នកការពារសិទ្ធិមនុស្ស៤នាក់ និងមនុស្ស៦នាក់ផ្សេងទៀត មុនពេលសវនាការនៅសាលាឧទ្ធរណ៍។
សេចក្ដីថ្លែងការណ៍រៀបរាប់ថា ដើមបណ្ដឹងឧទ្ធរណ៍ រួមមានអ្នកការពារសិទ្ធិមនុស្ស៤នាក់ រួមនឹងមនុស្ស៦នាក់ផ្សេងទៀត ដែលសាលាដំបូងដំណើរការសវនាការ មិនបានអនុលោម តាមបទដ្ឋានអប្បបរមា នៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ ជនជាប់ចោទ៦នាក់ ត្រូវបានរកឃើញថា មានទោស កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ប៉ុន្តែអ្នកការពារសិទ្ធិមនុស្ស៤នាក់ ត្រូវបានប្ដូរបទចោទភ្លាមៗ ទៅជាបទផ្ដើមគំនិតក្នុងអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី២ឆ្នាំកន្លះ ទៅដល់៤ឆ្នាំកន្លះ ប៉ុន្តែទោសនោះ ត្រូវព្យួរ។ សេចក្ដីថ្លែងការណ៍ដដែល សំដែងការព្រួយបារម្ភ ទាក់ទងនឹងឯករាជ្យភាពរបស់តុលាការ ព្រោះក្នុងពេលសវនាការកាលនោះ សាលាដំបូងរាជធានីភ្នំពេញ ខ្វះភស្តុតាងដាក់បន្ទុកទាំងស្រុង និងបានរំលោភបំពានម្ដងហើយម្ដងទៀត លើសិទ្ធិទទួលបានការ ជំនុំជម្រះក្តី ដោយយុត្តិធម៌ របស់ជនជាប់ចោទ។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងក្នុងលិខិតនោះថា សេចក្ដីសម្រេចរបស់សាលាដំបូង ផ្អែកលើការពិចារណា បែបនយោបាយ ជាជាងភស្តុតាង ជាក់ស្ដែង។ ដូច្នេះគេត្រូវពឹងផ្អែក លើសាលាឧទ្ធរណ៍ ក្នុងការការពារសិទ្ធិទទួលបាន ការជំនុំជម្រះក្ដី ដោយយុត្តិធម៌របស់ជនជាប់ចោទ ដែលអាចនឹងជាការលើកលែង ការចោទប្រកាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ការចរចាដោះស្រាយវិវាទការងាររវាងបុគ្គលិកនិងក្រុមហ៊ុនទ្រូថាមអាស៊ីបរាជ័យ
- HRW ជំរុញឲ្យប្រទេសផ្ដល់ជំនួយគួរប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សរបស់កម្ពុជា
- បុគ្គលិកក្រុមហ៊ុនទ្រូថាមអាស៊ីតវ៉ាមិនឲ្យបុគ្គលិកថ្មីចូលធ្វើការ
- CCIM សាទរចំពោះតុលាការខេត្តកំពង់ឆ្នាំងករណីកាត់ទោសអ្នកសម្លាប់អ្នកកាសែត
- ពលរដ្ឋប្រមាណ៨០០នាក់គ្រោងធ្វើបាតុកម្មមុខរដ្ឋសភាទាមទារដោះលែងសកម្មជនដីធ្លី
- សមាគមធាងត្នោតចេញរបាយការណ៍អង្កេតស្តីពីការជួលលំនៅឋាននៅភ្នំពេញ
- រដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ខែអប្បបរមាឲ្យកម្មករចំនួន១២៨ដុល្លារនៅឆ្នាំ២០១៥
- តុលាការខេត្តកំពង់ចាមដោះលែងមន្ត្រីសហជីពនិងកម្មករ៥នាក់ឲ្យនៅក្រៅឃុំ
- អង្គការសិទ្ធិមនុស្សទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនដីធ្លី