សាលាក្ដី​ខ្មែរ​ក្រហម​ផ្អាក​សវនាការ​ព្រោះ​តែ​អវត្តមាន​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ ខៀវ ​សំផន

ដោយ ឡេង ម៉ាលី
2014-11-17
RFA

ខៀវ សំផន ៦១០
ជន​ជាប់​ចោទ ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​អំឡុង​ឆ្នាំ​២០១៣។ hoto courtesy of ECCC

ការ​បន្ត​សវនាការ​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ១៧ វិច្ឆិកា ដើម្បី​ពិភាក្សា​លើ​អង្គសេចក្ដី​ក្នុង​សំណុំ​រឿង ០០២ វគ្គ ២ មិន​បាន​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក​ទេ ដោយ​សារ​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន មិន​បាន​ចូល​រួម។

ចៅក្រម​សាលាដំបូង នៃ​សាលាក្ដី​ខ្មែរ​ក្រហម បង្ខំ​ចិត្ត​ផ្អាក​សវនាការ​ជា​ថ្មី​ម្ដង​ទៀត ដោយ​សារ គ្មាន​មេធាវី របស់​ជន​ជាប់ចោទ ខៀវ សំផន ចូលរួម ប៉ុន្តែ​បាន​ដាក់​លក្ខខណ្ឌ​កំហិត ឲ្យ ជន​ជាប់​ចោទ​ទទួល​យក​ការ​សម្រេច​របស់​សាលាក្តីខ្មែរក្រហម។

ការ​ផ្អាក​សវនាការ​ម្ដង​ទៀត នៅ​ពេល​រសៀល​ថ្ងៃ​ទី ១៧ វិច្ឆិកា។ នៅ​មុន​ពេល​ផ្អាក​សវនាការ​នេះ ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង គឺ​លោក​ចៅក្រម និល ណុន ប្រាប់​ទៅ​ជន​ជាប់​ចោទ ខៀវ សំផន ថា ប្រសិន​បើ​ជន​ជាប់​ចោទ​នៅ​តែ​បង្គាប់​មិន​ឱ្យ​មេធាវី​ការពារ​ក្ដី​គាត់​ចូល​រួម​សវនាការ​ទៀត អង្គ​ជំនុំ​ជម្រះ​នឹង​តែងតាំង​មេធាវី​ដោយ​មិន​ចាំបាច់​យល់​ព្រម​ពី​ជន​ជាប់​ចោទ។ ការ​តែងតាំង​នេះ នឹង​អនុវត្ត​តាម​វិធានការ ៣ យ៉ាងសំឡេង

លោក​ចៅក្រម​បញ្ជាក់​ទៅ​ជន​ជាប់​ចោទ ខៀវ សំផន ថា ទោះ​បី​ជា​គាត់​មាន​សិទ្ធិ​ជ្រើសរើស​មេធាវី​ក្ដី ក៏​សិទ្ធិ​នេះ​មិន​មាន​លក្ខណៈ​ដាច់ខាត​ទេ ហើយ​សិទ្ធិ​នេះ​នឹង​ត្រូវ​កម្រិត​នៅ​ពេល​ដែល​ផល​ប្រយោជន៍​រក​យុត្តិធម៌​តម្រូវ​ឱ្យ​ធ្វើ។

ជន​ជាប់​ចោទ ខៀវ សំផន ឆ្លើយ​តប​អង្គ​ជំនុំជម្រះ​ថា គោល​បំណង​តែងតាំង​មេធាវី​ថ្មី​សម្រាប់​រូប​លោក​នោះ លោក​មើល​មិន​ឃើញ​ថា មាន​អ្វី​ដែល​អាច​ការពារ​សិទ្ធិ​របស់​លោក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថា​ជួន​កាល ការ​តែងតាំង​បែប​នេះ អាច​ប៉ះពាល់​សិទ្ធិ​របស់​លោក​ទៅ​វិញ។ សំឡេង

សវនាការ​នៅ​ពេល​ព្រឹក ជន​ជាប់​ចោទ ខៀវ សំផន បញ្ជាក់​ជូន​អង្គ​ជំនុំជម្រះ​ថា អវត្តមាន​ក្រុម​មេធាវី​ការពារ​ក្ដី​លោក មិន​មែន​ជា​ពហិការ​ទេ។ ក៏​ប៉ុន្តែ​លោក​បង្គាប់​មិន​ឱ្យ​មេធាវី​មក​ចូលរួម ព្រោះ​លោក​ឱ្យ​ក្រុម​មេធាវី​នោះ ខំ​យក​ចិត្ត​ទុក​ខ្លាំង​លើក​ធ្វើ​សារណា​ប្ដឹង​ឧទ្ធរណ៍ ជំទាស់​នឹង​សាលក្រម ដែល​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង លោក​ចៅក្រម និល ណុន ចាត់​ទុក​ការ​អវត្តមាន​របស់​មេធាវី​ការពារ​ជន​ជាប់​ចោទ ខៀវ សំផន នៅ​ពេល​នេះ​ថា ជា​ការ​រំលោភ​សេចក្ដី​បង្គាប់​របស់​អង្គ​ជំនុំជម្រះ។ ការ​ដាក់​ជម្រើស​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន នៅ​ពេល​នេះ គឺ​ជា​វិធានការ​ដំបូង ដែល​អង្គ​ជំនុំជម្រះ​ធ្លាប់​ចេញ​ការ​ព្រមាន​មុន​ពេល​ចាប់​ផ្ដើម​សវនាការ។ រី​ឯ​អ្នក​ច្បាប់​ខ្លះ​ចាត់​ទុក​ថា ការ​ប៉ុនប៉ង​តែងតាំង​មេធាវី​ថ្មី​របស់​អង្គ​ជំនុំជម្រះ គឺ​ខុស​ច្បាប់។

ទោះ​ជា​យ៉ាង​ណា​ក្ដី អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ លើក​សវនាការ​ទៅ​បន្ត​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា​ទៀត ដោយ​ទុក​ពេល​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន ត្រឹម​ម៉ោង៤​ល្ងាច ថ្ងៃ​ទី ១៨ វិច្ឆិកា ដើម្បី​ឆ្លើយតប​ទៅ​អង្គ​ជំនុំជម្រះ​វិញ អំពី​ការ​សម្រេច​ចិត្ត​របស់​លោក ថា​តើ​ត្រូវ​បន្ត​បង្គាប់​ឱ្យ​មេធាវី​ចូលរួម​សវនាការ​សំណុំរឿង ០០២ វគ្គ ២ ឬ​មិន​ចូល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles