Mon, 17 November 2014
ហុង រស្មី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ជាមួយនឹងមហិច្ឆតាដ៏សាមញ្ញមួយ យុវជនម្នាក់បានប្រែជីវិតពីក្មេងស្រុកស្រែមកជាបុគ្គលិកលំដាប់ខ្ពស់ក្នុងសណ្ឋាគារផ្កាយ៥លើទឹកដីនៃមហាអំណាចប្រេងកាត ដ៏មហាសាលក្នុងពិភពលោក។
លោក ម៉ុម ចាន់ធី អាយុ២៧ឆ្នាំ តែងតែសន្សំចិត្ដគិតចង់ជិះយន្ដហោះធ្វើដំណើរមើលពិភពលោកខាងក្រៅនៅថ្ងៃណាមួយ។ ពីដំបូងលោកឈានជើងដល់រាជធានីភ្នំពេញ លោកបានបម្រើការងារក្នុងសណ្ឋាគារមួយជាអ្នកថែសួន និងបន្ដទៅជាអ្នកថែទាំងអាងហែលទឹកក្នុងឆ្នាំ២០០៥។
នៅពេលសណ្ឋាគារ Raffles Dubai ប្រកាសរើសបុគ្គលិកតាមរយៈសណ្ឋាគារ Raffles Le Royal នៅភ្នំពេញ នាពាក់កណ្ដាលឆ្នាំ២០០៧ លោកបានចាប់យកឱកាសនេះដោយដាក់ពាក្យការងារក្នុងមុខតំណែងជាអ្នកសម្អាតក្នុងបន្ទប់ស្ប៉ាតែម្ដង។
យុវជនដែលកំពុងរស់នៅក្នុងទីក្រុងឌូបៃដ៏ស៊ីវិល័យនៃប្រទេសអារ៉ាប់រួម បានឲ្យដឹងថា៖ «នៅពេលចូលសម្ភាសផ្ទាល់មាត់ ខ្ញុំពិតជាមានអារម្មណ៍រំជើបរំជួលណាស់។ ក្នុងចិត្ដគិតបញ្ហា២យ៉ាង គឺទីមួយ ខ្ញុំចង់ជិះយន្ដហោះ ហើយទីពីរ ខ្ញុំចង់ទៅមើលពិភពខាងក្រៅដើម្បីទទួលបានបទពិសោធផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចកាន់តែច្រើនថែមទៀត»។
ក្ដីស្រមៃក្លាយជាការពិត យុវជនរូបនេះបានសំពះលាឪពុកម្ដាយ និងក្រុមគ្រួសារដើរចូលអាកាសយានដ្ឋានដើម្បីឆ្ពោះដំណើរទៅក្រុងឌូបៃ។
ជាមួយនឹងសេចក្ដីរំភើបអរលាយភ័យ លោកបានរំឭកថា៖ «នៅពេលខ្ញុំឈានដល់ទឹកដីគេភ្លាម ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដោយបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាល អគារខ្ពស់ៗសន្លឹម និងបរិយាកាសការងារដែលមានបុគ្គលិកមកពីគ្រប់ទិសទីក្នុងពិភពលោក»។
មិនយូរប៉ុន្មាន អ្នកថែទាំបន្ទប់ស្ប៉ារូបនេះផ្សាំនឹងជីវិតថ្មី និងទទួលបានអត្ថប្រយោជន៍គ្រប់យ៉ាងពីក្រុមហ៊ុនក្នុងការរស់នៅដ៏សមរម្យ។
ចាន់ធី បាននិយាយថា៖ «ខ្ញុំស្នាក់នៅក្នុងអាផាតមិនដ៏ស្រស់ស្អាតដូចក្នុងក្ដីសុបិនប្រកបដោយផាសុកភាព រួមទាំងមានមជ្ឈមណ្ឌលកីឡា និងសួនច្បារសម្រាកកាយផងដែរ»។
រហូតមកដល់ពេលនេះ លោកហាក់មិនទាន់បានជួបប្រជាពលរដ្ឋខ្មែរដែលមកបម្រើការងារនៅទីក្រុងឌូបៃនេះច្រើននៅឡើយទេ។
លោកបានសន្និដ្ឋានថា៖ «ខ្ញុំមិនអាចផ្ដល់តួលេខជាក់លាក់ទេ ប៉ុន្ដែខ្ញុំអាចសន្មតថា ប្រជាជនខ្មែរដែលមកធ្វើការងារនៅទីនេះមានចំនួនសរុបប្រមាណ៣០នាក់ប៉ុណ្ណោះ»។
ពាក់ព័ន្ធនឹងការហូបចុកប្រចាំថ្ងៃលើទឹកដីនៃប្រទេសអារ៉ាប់រួមនេះ លោកបានលើកឡើងថា លោកទទួលបានការផ្គត់ផ្គង់អាហារជាច្រើនប្រភេទចាប់ពីមុខម្ហូបចិន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី និងអារ៉ាប់ជាដើម។ ប៉ុន្ដែលោកនៅតែអារម្មណ៍ខ្វះអ្វីម្យ៉ាង គឺរសជាតិមុខម្ហូបខ្មែរ។
ជាទូទៅ លោកធ្វើដំណើរមកលេងមាតុភូមិកំណើតម្ដងក្នុងមួយឆ្នាំ ឬពីរឆ្នាំម្ដង។ ថ្ងៃមកកម្ពុជាលើកចុងក្រោយ គឺនៅក្នុងខែកក្កដាកន្លងទៅដែលមានរយៈពេល៤៥ថ្ងៃ។
យុវជនដែលខិតខំធ្វើការងាររូបនេះ ត្រូវបានដំឡើងតំណែងជាអ្នកគ្រប់គ្រងផ្នែកស្ប៉ារយៈពេល២ឆ្នាំនៅសណ្ឋាគារ Raffles Dubai បន្ទាប់មកលោកសុំប្ដូរមកសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញក្នុងមុខតំណែងជំនួយការប្រធានផ្នែកស្ប៉ា ក្នុងឆ្នាំ២០១០។
លោកបានបន្ថែមថា៖ «ខ្ញុំបានសម្រេចចិត្ដត្រឡប់មកក្រុងឌូបៃវិញនៅចុងឆ្នាំ២០១១ ហើយបច្ចុប្បន្នខ្ញុំគឺជាប្រធានក្រុមផ្នែក Front Office នៅសណ្ឋាគារ Jumeirah Group International ។
ក្នុងដំណើរឡើងចុះៗភ្នំពេញ-ឌូបៃ លោកមានគម្រោងបង្កើនបទពិសោធផ្នែក Room Division ឲ្យបានច្រើនជាមុនសិនទើបត្រឡប់មកកម្ពុជា។
លោក ចាន់ធី បានអះអាងថា៖ «នៅពេល៥-៧ឆ្នាំទៅមុខទៀត ខ្ញុំចង់ក្លាយជាប្រធានគ្រប់គ្រងផ្នែក Room Division ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥នៅព្រះរាជាណាចក្រកម្ពុជា»៕

GOD bless you guy’ working hard ‘be honest ‘you will be successful in your life’.GOD bless all cambodian people’
Yes, your career with responsibility can make your life and future brighter there. Do appreciate your good work and intention.