ដោយ ហ៊ុំ ចំរើន
2014-11-17
RFA

អ្នកបើកឡានតាក់ស៊ីនៅខេត្តបាត់ដំបងអះអាងថា មូលហេតុដែលក្រុមអ្នកបើកតាក់ស៊ី រត់ដណ្ដើមម៉ូយគ្នារញ៉េរញ៉ៃតាមបេនឡាននោះ ដោយសារអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមិនរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ដើម្បីទុកឱកាសស្វែងរកប្រាក់កម្រៃបានច្រើនពីអ្នកបើកឡានតាក់ស៊ីដោយងាយស្រួល។ នៅក្នុងករណីនេះសមត្ថកិច្ចក្រុងបាត់ដំបងបញ្ជាក់ថាពុំមែនជាកំហុសរបស់អាជ្ញាធរនោះទេ។
ក្រុមអ្នកបើកឡានតាក់ស៊ីនៅម្ដុំផ្សារបឹងឈូកខេត្តបាត់ដំបងចង់ឲ្យអាជ្ញាធរខេត្ត រៀបចំវេនឡានតាក់ស៊ីចេញដំណើរតាមបេនឡានឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនអ្នកធ្វើដំណើរមិនដណ្ដើមគ្នាអនាធិបតេយ្យប៉ះពាល់ដល់សតិអារម្មណ៍អ្នកធ្វើដំណើរ។
អ្នកបើកឡានតាក់ស៊ីពីក្រុងបាត់ដំបងទៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យម្នាក់ ថ្លែងមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃទី១៧វិច្ឆិកាថា ការរត់ដណ្ដើមម៉ូយគ្នាតាមបេនឡានប្រសេចប្រសាចដូចគោហ្វូងកន្លងទៅ មិនបានផលចំណេញដល់ក្រុមអ្នកបើកឡានតាក់ស៊ីនោះទេ គឺពួកគេធ្វើទាំងបង្ខំចិត្តដោយសារអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមិនចាត់របៀបឲ្យបានត្រឹមត្រូវ ដើម្បីឆ្លៀតឱកាសរកប្រាក់កម្រៃឲ្យបានកាន់តែច្រើនពីអ្នកបើកឡានតាក់ស៊ី។ សំឡេង
លោកឲ្យដឹងទៀតថាអាជ្ញាធរប៉ូលិលណនិងមន្ត្រីពាក់ព័ន្ធមិនត្រឹមតែមិនចាត់របៀបវេនចេញដំណើរឡានតាក់ស៊ីឲ្យមានសណ្ដាប់ធ្នាប់ប៉ុណ្ណោះទេ ក្រៅពីនោះថែមទាំងបានយកប្រាក់ពីអ្នកបើកឡានតាក់ស៊ីខុសក្នុងវិក្កយបត្រទៀតផង។ លោកថាក្នុងវិក្កយបត្រ គេសរសេរ៤ពាន់៥រយរៀល (៤៥០០រៀល) តែជាក់ស្ដែងត្រូវបង់ប្រាក់ពី៩ពាន់(៩០០០)ទៅមួយម៉ឺនរៀលក្នុងមួយជើង។
ទាក់ទងនិងបញ្ហានេះអភិបាលក្រុងបាត់ដំបង លោកសៀង ឯមវូនស្ហី មានប្រសាសន៍បញ្ជាក់ថា ហេតុដែលក្រុមអ្នកបើកឡានតាក់ស៊ី ដណ្ដើមម៉ូយរញ៉េរញ៉ៃប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនោះ គឺពុំមែនសមត្ថកិច្ចមិនគិតគួរលើការងារនេះនោះទេ ប៉ុន្តែបញ្ហានេះដោយសារក្រុមអ្នកបើកឡានតាក់ស៊ីមិនអនុវត្តន៍ការណែនាំរបស់សមត្ថកិច្ច។ សំឡេង
ចំពោះរឿងដែលអ្នកបើកឡានតាក់ស៊ីនិយាយថាមន្ត្រីពាក់ព័ន្ធយកប្រាក់ខុសពីវិក្កយបត្រនោះ លោកថាពុំទទួលព័ត៌មានជុំវិញបញ្ហានេះនៅឡើយទេ។ ទោះយ៉ាងនេះក្ដីលោកថានឹងតាមដានលើការងារនេះ។
ទាក់ទងមិនបញ្ហានេះដែរមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី កត់សំគាល់ថា ក្រុមអ្នកបើកឡានតាក់ស៊ីរត់ដណ្ដើមម៉ូយតាមបេនឡាននៅខេត្តបាត់ដំបងនោះ កើតឡើងក្លាយជាទម្លាប់ស្ទើរគ្រប់ទីកន្លែងទៅហើយ។ លោកថាដើម្បីជៀសវាងភាពអនាធិបតេយ្យនៅក្នុងសង្គមមួយនេះ អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធគួររៀបចំដាក់ជាវេនឲ្យមានសណ្ដាប់ធ្នាប់ជាការប្រសើរ។ សំឡេង
យ៉ាងណាលោកបន្តថា ដើម្បីរៀបចំវេនអ្នកបើកឡានតាក់ស៊ីឲ្យបានល្អ លុះណាអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមានសកម្មភាពដូចភ្លៀងរលឹម ទើបជំរុញលើការងារនេះបានយូរអង្វែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ភាគហ៊ុននៃក្រុមហ៊ុនសំលៀកបំពាក់ឈ្មោះជីធីអាយបន្តធ្លាក់ថ្លៃដោយសារបាតុកម្មរបស់កម្មករ
- ប្រជាពលរដ្ឋនៅខេត្តព្រះវិហារព្រួយបារម្ភពីការកើនឡើងនៃល្បែងស៊ីសងនិងចាក់កន្ទុយលេខ
- ប្រជាកសិករនៅខេត្តបន្ទាយមានជ័យត្អូញត្អែរតម្លៃស្រូវចុះថោកមិនទទួលបានផលចំណេញ
- កសិករនៅខេត្តព្រៃវែងព្រួយបារម្ភពីតម្លៃស្រូវចុះថោក
- អាជ្ញាធរខេត្តកំពតរៀបចំពិព័រណ៍កសិកម្មដោយមានកសិករប្រមាណបីរយនាក់ចូលរួម
- ប្រជាពលរដ្ឋចោទអាជ្ញាធរខេត្តព្រះសីហនុថាអាចជាប់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសង
- ដំណើរកម្សាន្តតាមឡូរីលើផ្លូវរថភ្លើងនៅបាត់ដំបងជាកន្លែងទាក់ទាញភ្ញៀវទេសចរ
- លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសភូមា
- អាជីវករលក់ដូរទំនិញក្នុងពិធីបុណ្យអុំទូករអ៊ូរទាំពីការលក់ទំនិញមិនសូវដាច់