​កម្មករ​រោងចក្រ​មួយ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាង​១០០​នាក់​សន្លប់​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com

កម្មករ​ជាង​១០០​នាក់ នៅ​រោងចក្រ​ផ្កាឈូក ហៅ​រោងចក្រ GPH​ ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​យ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះបាន​ដួលសន្លប់ ដោយសារ​ការផ្ទុះ​ធ្លាយ​សារធាតុ​គីមី​នៅក្នុង​រោងចក្រ​។​

​កម្មករ​ម្នាក់នៅ​រោងចក្រ​ផ្កាឈូក សុំ​មិន​បញ្ជាក់​អត្តសញ្ញាណ​ឲ្យដឹងថា នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែវិច្ឆិកានេះ មាន​ការផ្ទុះ​សារធាតុ​គីមី នៅក្នុង​អគារ​ទី​៣នៃ​រោងចក្រ​ ទើបបណ្ដាលឲ្យ​កម្មក​រជាង​១០០​នាក់​សន្លប់​។

​ប្រភព​ដដែល​ឲ្យដឹងថា ភ្លាមៗ​អ្នកគ្រប់គ្រង​រោងចក្រ​បាន​បញ្ជូន​កម្មក​រ​ដួលសន្លប់​ទៅកាន់​មន្ទីរពេទ្យ ចំណែក​កម្មករ​ផ្សេង​ទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ហើយ​រោងចក្រ​ក៏​បាន​បិទទ្វារ​ផងដែរ​។ ទោះយ៉ាងណាប្រភព​មិន​បាន​បញ្ជាក់ថា តើ​កម្មករ​ដួលសន្លប់​ទាំងនោះ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណា​ទេ​។​

​ប្រធាន​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ឲ្យ​ VOD ​ដឹងថា ភ្លាមៗ​ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ លោក​បាន​ចុះ​ទៅ​ដល់​រោងចក្រ​នោះ​។ លោក​ថា ពេល​លោក​ទៅ​ដល់​ទីនោះរោងចក្រ​ផ្កាឈូក​បាន​បិទទ្វារ​ទៅហើយ ហើយក៏​មិន​ឃើញ​មាន​ឡានពេទ្យ​ដឹកជញ្ជូន​កម្មករ​សន្លប់​ដែរ​។ លោក​បន្តថា តាម​ការសាកសួ​រកម្ម​ករ​នៅ​រោងចក្រ​នោះ​ឲ្យដឹងថា ពិតជា​មាន​ការផ្ទុះ​សារធាតុ​គីមី​បណ្ដាលឲ្យ​កម្មករ​ដួលសន្លប់​មែន ប៉ុន្តែ​ពួកគេ​មិនដឹងថា តើ​កម្មករ​ទាំងនោះ​ត្រូវបាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណា​ទេ​។ លោក​ ប៉ាវ ស៊ីណា បន្ថែមថា នេះ​ជា​រឿង​ដ៏​អាថ៌កំបាំង និង​គួរ​ឲ្យ​ឆ្ងល់​។​

​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​ហែម ដា​រិទ្ធិ មានប្រសាសន៍ថា លោក​បាន​ទទួល​ព័ត៌មាន​នោះដែរ ប៉ុន្តែ​លោក​មិន​បាន​ចុះ​ទៅ​ដល់​រោងចក្រ​នោះ​ផ្ទាល់​ទេ​។ លោក​បញ្ជាក់ថា តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន មាន​កម្មករ​ជាង​១០០​នាក់​បាន​ដួលសន្លប់​នៅ​ព្រឹក​មិញ​នេះ​។​

VOD មិនអាច​ទាក់ទង​អ្នក​គ្រប់គ្រង​រោងចក្រ​ផ្កា​ឈូ​ក ដើម្បី​សុំ​ការអធិប្បាយ​ជុំវិញ​ករណី​ផ្ទុះ​សារធាតុ​គីមី​នេះ​បាន​នៅឡើយ​ទេ​។

​កម្មករ​ឲ្យ​ដឹង​ថា រោង​ចក្រផ្កាឈូក ហៅ​រោងចក្រ GPH​ មាន​ទីតាំង​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles