សមាជិក​ព្រឹទ្ធ​សភាគណបក្ស​សម រង្ស៊ី ទាមទារឲ្យ​មាន​ការ​ដោះ​លែង​​ព្រះ​សង្ឃ ​ប្រ​ជា​ពលរដ្ឋ និង​សកម្ម​ជន​នយោ​បាយ​

ដោយ៖​ ទូច សុខា​
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com

​សមា​ជិក​ព្រឹទ្ធ​សភាមក​ពី​​គណបក្ស​ សម​ រង្ស៊ី ទាមទារ​​ឲ្យមាន​ការដោះលែងព្រះសង្ឃ ស្ត្រី​សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នាពេល​ថ្មីៗ​នេះ​ ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ។

ការទាមទារ​នេះធ្វើ​ឡើង​តាម​រយៈ​​សេចក្តី​ថ្លែង​ការណ៍​របស់សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម​ រង្ស៊ី ចុះ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ ក្នុង​​​សេចក្តី​ថ្លែង​ការណ៍នោះ សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម​ រង្ស៊ី ក៏ធ្វើ​ការស្នើ​ទៅ​កាន់​ថ្នាក់​ដឹក​នាំកំពូល​គណបក្ស​ទាំង​ពីរ​ដែលមាន​អាសនៈក្នុង​រដ្ឋ​សភា​នីតិកាល​ទី៥នេះ ​ឲ្យជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​​ព្រះ​សង្ឃ ​ប្រ​ជា​ពលរដ្ឋ និង​សកម្ម​ជន​នយោ​បាយ​ទាំង​នេះ​ផង​ដែរ ។

សេចក្តី​ថ្លែង​ការណ៍ លើក​ឡើង​ថា ការ​ផ្សឹកព្រះសង្ឃ​​យ៉ាង​កំរោល ហើយ​បញ្ជូន​ឲ្យ​តុលាការ​ផ្តន្ទាទោស​ដោយ​សមត្ថកិច្ច មុន​សង្ឃកិច្ច គឺ​មិនមែន​ជាពុទ្ធសាសនិក និង​ប្រទេស​គោរព​បូជា​ព្រះពុទ្ធ​សាសនា​ទេ ។

​សេចក្តី​ថែ្លង​ការណ៍​ ​បាន​បន្ទោស​អាជ្ញា​ធរ​រាជធានីភ្នំពេញ​​ ថាមិន​បាន​ជួប​ពិ​ភាក្សា​ និង​រក​​ដំណោះ​ស្រាយ​ជូន​អ្នក​ភូមិ​បឹង​កក់ នៅ​ពេល​ពួក​គេ​ត្រូវ​ការអន្តរាគមន៍ ។ ចំណែក​ឯ​ការ​ចាប់ និង​បញ្ជូន​សកម្មជន​នយោបាយ​មួយ​ចំនួន​ដូចជា​លោក មាជ សុវណ្ណារ៉ា និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់​ព័ន្ធ​បញ្ហា​ដូចតំណាង​រាស្ត្រ​ដែល​ត្រូវ​បាន​ដោះលែង​ក្រោយ​កិច្ច​ព្រមព្រៀង​នយោបាយ​រួច​ហើយ​នោះមិន​គួរ​បន្ត​មាន​ទៀត​ទេ ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ មិនទាន់​អាច​សុំ​ការអធិប្បាយ​បាន​នៅ​ឡើយ​ទេ ដោយ​លោក​ថា​ជាប់​ប្រជុំ តែ​លោក​ធ្លាប់​មានប្រសាសន៍ថា ការ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ស្ត្រី​សកម្មជន​ទាំងនោះ ដោយសារ​ពួកគេ​​នាំគ្នា​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ដែល​បិទ​ផ្លូវ​សាធារណៈ ។

កន្លង​មក អ្នកនាំពាក្យក្រសួង​ធម្មការ និង​សាសនា លោក សេង សុ​មុន្នី ឲ្យដឹងថា ព្រះអង្គ​សឺ​ន ហាយ ត្រូវបាន​ស្ថាប័ន​ឯករាជ្យ​របស់​ថេរ​សភា​សង្ឃ​ផ្សឹក​តាម​ច្បាប់​សាសនា នៅ​ពេល​បញ្ជូន​ទៅ​ដល់​ស្នងការ​នគរបាល ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ។​

ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ អះអាង​ថា ករណី​ចាប់​ខ្លួនអ្នក​ទាំង​នោះ គឺ​ជា​ចំណាត់​ការតាម​ផ្លូវ​ច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​អំពើ​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងនធ្ងរ គឺ​ពុំ​មាន​ទាក់​ទង​អ្វី​ដល់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​ឡើយ ។

ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន​១០​នាក់​រួម​ទាំង​អ្នកស្រី ទេព វ​ន្នី ម្ចាស់​ពានរង្វាន់​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ពិភពលោក ព្រះសង្ឃ​៣​អង្គ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់​ទៀត ត្រូវបាន​អាជ្ញាធរ​ចាប់​ទៅកាត់ទោស​ទាក់ទង​នឹង​ការតវ៉ា​ករណី​ទឹកស្អុយ​ជន់​លិច​ផ្ទះ​នៅ​បឹង​កក់ និង​ហិង្សានៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ខែ​កក្កដា ។

ក្រោយ​ព្រឹត្តិការណ៍​ហិង្សា​ក្បែរ​ស្ពាន​នាគកាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ តុលាការ និងអាជ្ញាធរ​បាន​ធ្វើការ​ចាប់​ខ្លួនតំណាងរាស្ត្រ និង​សកម្មជនរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តំណាងរាស្ត្រ និង​សកម្មជន​មួយចំនួន​ត្រូវបាន​ដោះលែង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ របស់​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​គណបក្សសង្គ្រោះ​ជាតិ​ព្រម​ចូលធ្វើ​ការក្នុង​សភា ៕

សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles