Tue, 18 November 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ពលរដ្ឋរងគ្រោះដោយសារដីធ្លីមកពី ខេត្តព្រះវិហារ ប្រមាណ ១០០ នាក់ ដែលបានស្នាក់នៅក្នុង វត្តសាមគ្គីរង្សី ជិត ៣ខែ ដើម្បីរង់ចាំរកដំណោះស្រាយពីមន្ត្រីរដ្ឋាភិបាលបានស្វែងរកអន្តរាគមន៍ជាថ្មីនៅមុខរដ្ឋសភា ដើម្បជំរុញឲ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយទំនាស់ដីធ្លីរបស់ពួកគេ។
លោក យន់ សុគន្ធ តំណាងប្រជាពលរដ្ឋបានថ្លែងថា ពលរដ្ឋបានមករង់ចាំស្វែងរកដំណោះស្រាយជិត ៣ ខែមកហើយ ប៉ុន្តែនៅតែពុំមានដំណោះស្រាយ ដូច្នេះហើយទើបនាំគ្នាឡើងមកមុខរដ្ឋសភាដើម្បីឲ្យកោះមន្ត្រីដែលពាក់ព័ន្ធទាំងនោះឡើងមកឆ្លើយបំភ្លឺពីបញ្ហានោះ។ លោកថា៖ «ប្រសិនបើគេមិនដោះស្រាយទេ យើងនឹងស្នាក់នៅភ្នំពេញរហូតដើម្បីតវ៉ាឲ្យមានដំណោះស្រាយ។ ពួកយើងត្រូវបានគេឈូសផ្ទះអស់ហើយ»។
លោកបាននិយាយថា ការទាមទារនោះត្រូវបានគណៈកម្មការ ទី១ នៃរដ្ឋសភា អនុញ្ញាតឲ្យពលរដ្ឋចូលជួបបញ្ជាក់អំពីទុក្ខកង្វល់របស់ពួកគេ ហើយគេសន្យាថា នឹងចុះពិនិត្យមើលទំនាស់ដីធ្លីក្នុងពេលឆាប់ៗ។
លោក ផាន់ ធឿន តំណាងប្រជាពលរដ្ឋម្នាក់ទៀតបានថ្លែងថា ប្រធានគណៈកម្មការ លោក អេង ឆៃអ៊ាង សន្យាថា នឹងជំរុញឲ្យសមាជិករបស់ខ្លួនចុះពិនិត្យលើដីមានជម្លោះដោយផ្ទាល់ ហើយគណៈកម្មការនេះ នឹងកោះហៅអភិបាលខេត្ត ប្រធានអាជ្ញាធរជាតិព្រះវិហារ និងអង្គការយូណេស្កូ ដើម្បីឆ្លើយបំភ្លឺលើករណីនេះ។ លោកបានថ្លែងថា៖ «ខ្ញុំនឹងហែញតិ្ត រហូតដល់បានសម្រេច ទើបខ្ញុំត្រឡប់ទៅផ្ទះវិញ ពីព្រោះទៅវិញក៏គ្មានអីហូប ហើយក៏គ្មានកន្លែងរស់នៅដែរ»។
នៅក្នុងញត្តិរបស់ពលរដ្ឋដែលបានដាក់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អះអាងថា កាលពីដើម ឆ្នាំ២០១២ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ របស់គណបក្សប្រជាជនកម្ពុជា និងលោក ជុច ភឿន ប្រធានអាជ្ញាធរជាតិព្រះវិហារ ឃុបឃិតគ្នាជាមួយអាជ្ញាធរខេត្ត បានប្រើកងកម្លាំងប្រដាប់អាវុធ ឈូសឆាយផ្ទះរបស់ពលរដ្ឋ ២៥៣ គ្រួសារ វត្តអារាម សាលារៀន នៅ ភូមិឫស្សី ឃុំកន្ទួត ស្រុកជាំក្សាន្ត ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា នេះជាលើក ទី៤ ហើយ ដែលពលរដ្ឋមានបញ្ហានេះ ហែញត្តិទៅរដ្ឋសភាដើម្បីស្វែងរកអន្តរាគមន៍ បន្ទាប់ពីគ្មានដំណោះស្រាយជាច្រើនឆ្នាំ។
លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ របស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា រឿងដែលកំពុងតែលើកបដាតវ៉ា នេះគឺជារឿងថ្មីដែលលោកមិនទាន់បានដឹងថា តើគាត់ប្រភពដើមមកពីណាដែរ លោកក៏មានការឆ្ងល់ដែរ លោកពុំដែលឈូសផ្ទះអ្នកណាម្នាក់ទេ ដូច្នេះត្រូវពិនិត្យមើលហេតុផលឲ្យបានច្បាស់សិន។ លោកបានថ្លែងថា៖ «ខ្ញុំធ្វើអ្វីៗទៅតាមច្បាប់ ហើយអ្វីដែលខ្ញុំធ្វើគឺពុំមែនប្រយោជន៍ខ្លួនឯងគឺដើម្បីប្រយោជន៍ជាតិ ដូច្នេះយើងពិនិត្យមើលឲ្យបានច្បាស់លាស់ថា តើពួកគាត់តវ៉ានោះដោយមានការរៀបរៀងឬយ៉ាងម៉េច? បើមានការរៀបរៀង ទោះបីជាដោះ ១០០០ ឆ្នាំទៀតក៏មិនចប់ដែរ»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងថា បញ្ហាស្វែងរកដំណោះស្រាយដីធ្លីនៅតែពុំមានប្រសិទ្ធភាពបើទោះបីជារដ្ឋាភិបាលបានជំរុញឲ្យមានការកែទម្រង់ ហើយរដ្ឋសភាបានកោះហៅភាគីដែលពាក់ព័ន្ធចូលមកបំភ្លឺ ប៉ុន្តែបញ្ហាពលរដ្ឋតវ៉ានៅតែដដែល។ លោកថា៖ «យន្តការដោះស្រាយបានជាប់គាំងដោយសារតែរដ្ឋាភិបាលមិនហ៊ានកាត់សាច់ស្អុយចេញ ដូច្នេះបញ្ហាដីធ្លីទាំងអស់នៅតែដោះមិនចេញ»។
យោងតាមរបាយការណ៍របស់អង្គការលីកាដូ ដែលបានចេញផ្សាយកាលពី ខែមេសា បានឲ្យដឹងថា រយៈពេលប៉ុន្មានខែដើម ឆ្នាំ២០១៤ នេះ រលកនៃការរំលោភដីធ្លី ដែលមានអំពើហិង្សានៅតែបន្តកើតមានឡើង ដែលធ្វើឲ្យមានផលប៉ះពាល់អាក្រក់ដល់ប្រជាពលរដ្ឋចំនួនជាង ២ ២៤៦ គ្រួសារ នៅស្ទើរគ្រប់ខេត្ត។ បញ្ហានៃការរំលោភដីធ្លីដែលបានកើតឡើងនៅក្នុងរយៈពេល ១៣ ឆ្នាំនៅកម្ពុជានេះបានធ្វើឲ្យប៉ះពាល់លើប្រជាពលរដ្ឋកន្លះលាននាក់៕