កម្មករ​រោងចក្រ ជីម លី នៅខណ្ឌ​ពោធិ៍​​សែន​ជ័យ ជាង១ពាន់​នាក់​ហែ​ក្បួន​ទៅ​​ក្រសួង​ការងារ​រក​អន្តរាគមន៍​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com

កម្មកររោងចក្រកាត់ដេរ ជីម លី ក្នុង​ខណ្ឌ​ពោធិ៍​​សែន​ជ័យ មាន​គ្នា​ប្រមាណ​២​​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ហែក្បួនទៅកាន់​ក្រសួងការងារ ដើម្បីទា​ម​ទារឲ្យក្រសួងដាក់​សម្ពាធទៅភាគីរោងចក្រផ្ដល់​លក្ខខណ្ឌការងារ៨​ចំណុច​ដល់​កម្មករ​ ។

តំណាង​កម្មករម្នាក់​លោ​​​ក​​ សុំ សេង ឲ្យVODដឹង ថា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ កម្មករ​បាន​នាំ​គ្នា​ឈរ​មុខ​រោង​ចក្រ​អស់​រយៈ​ពេល​ប្រមាណ​ជា​១​ម៉ោង​ រួច​នាំ​គ្នា​ដើរ​ហែក្បួន​ពីមុខ​រោង​ចក្រ​ទៅ​ក្រសួងការងារ​​ដើម្បី​រក​អន្តរាគមន៍ ។ លោក​ថា ការ​ដើរ​ហែក្បួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​តវ៉ា​របស់​កម្មករ​បី​​ថ្ងៃ​មក​នេះ​មិនដំណោះ​ស្រាយ​ពី​រោង​ចក្រ ។

​កម្មករ​​រោងចក្រ​ជី​ម លី ក្នុង​ភូមិ​ត្រពាំង​ទួល សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្ទុះ​ការ​តវ៉ា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច ដោយ​កម្មករ​អះអាង​ថា ​​រោងចក្រ​បាន​ដក​ជាង​ម៉ាស៊ីន​ម្នាក់​ដោយ​គ្មាន​មូលហេតុ​មុន​បុណ្យ​អុំទូក ហើយ​ក្រុម​តំណាង​សហជីព​បាន​ព្យាយាម​ធ្វើ​ការដោះស្រាយ​ជាមួយនឹង​និយោជក ប៉ុន្តែ​ភាគី​ខាង​ន​យោជក​មិន​ព្រម​ទទួលយក​ជាង​ម៉ាស៊ីន​នោះ​ឲ្យចូល​ធ្វើការ​វិញ​ទេ ។

លក្ខខណ្ឌទាំង​​៨​ចំណុចដែល​កម្មករ​ទាមទារ​រួម​មាន ទទួលយក​ជាង​ម៉ាស៊ីន​ដែល​ត្រូវបាន​បញ្ឈប់​ឲ្យចូល​ធ្វើការ​វិញ ផ្ដល់​លុយ​អាហារ​៤០០០​រៀល​ក្នុង​មួយថ្ងៃ ផ្ដល់​លុយ​ស្នាក់នៅ​និង​សម្រាប់​ធ្វើដំណើរ​១៥​ដុល្លារ​ក្នុង​មួយខែ ផ្ដល់​លុយ​ព្រីម​១៨​ដុល្លារ បើ​កលុយ​៥​ភាគរយ​នៅ​ពេល​កម្មករ​និយោជិក​ដល់​កុងត្រា បើក​លុយ​បី​ខែ​មុន​ដល់​ស្រី្ត​ដែល​ដាក់​ច្បាប់​ឈប់សម្រាក​ទៅ​សម្រាលកូន រៀបចំ​កន្លែង​ដាក់​កង់​ម៉ូតូ​ឲ្យបាន​សមរម្យ និង​អនុវត្ត​ម៉ោង​ចូល​ធ្វើការ​ឲ្យ​ដូច​មុន ៕

សូម​សរសេរ​មក​អ្នកនាង​ ថុល ស្រីលក្ខណ៍​ តាម​រយៈ sreyleak@vodhotnews.com

What Next?

Recent Articles