ពលករ​ខ្មែរ​២០​នាក់​ដែល​ត្រូវបាន​សង្គ្រោះនៅ​ឥណ្ឌូនេស៊ី​មកដល់​កម្ពុជា​នៅ​រសៀល​នេះ​​

ដោយ៖​ អុិត សូធឿត​
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com

​ក្រសួងការបរទេស​ឲ្យដឹងថា ពលករ​ខ្មែរ​២០​នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទូក​នេសាទ​ថៃ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី នា​ពេលកន្លងមក និង​ត្រូវ​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​នៅ​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ពុធ​នេះ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​​ក្រសួងការបរទេស​ចេញ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឲ្យដឹងថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ IOM នៅ​ទីក្រុង​ហ្សា​កាតា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំង​២០​នាក់​មក​កម្ពុជា​វិញ​។

សេចក្ដីប្រកាស​ព័ត៌មាន ឲ្យដឹងទៀតថា មុននឹង​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ទាំង​២០​នាក់​នេះ ស្ថានទូត​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ធ្វើការ​ចរចា​ជាមួយ​តំណាង​ទូក​នេសាទ​ថៃ ដើម្បី​ឲ្យ​ថៅកែ​ទូក​បើក​ប្រាក់ខែ​គ្រប់​ចំនួន​ដល់​ពួកគាត់​។ លោក​ថា តាម​សំណើ​របស់​ស្ថានទូត​កម្ពុជា អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ សន្យា​ផ្តល់​ថវិកា​ដល់​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំងអស់នេះ ម្នាក់​១០០០​ដុល្លារ សម្រាប់​សម្រួល​ក្នុងការ​ធ្វើ​សមាហរណកម្ម​ពួកគាត់ ចូល​ក្នុង​សង្គម​គ្រួសារ​វិញ​។​

បើតាម​​សេចក្ដីប្រកាស​ព័ត៌មាន ឲ្យដឹង​ដែរថា ពលរដ្ឋ​ខ្មែរ​ទាំង​២០​នាក់​នោះ​មាន​អាយុ​ពី​១៩​ឆ្នាំ ដល់​៣៤​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​សៀមរាប បន្ទាយមានជ័យ ព្រៃវែង កំពង់ចាម កំពង់ធំ និង​ក្រចេះ​៕

សូម​សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles