Wed, 19 November 2014
យឺន ពន្លក
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ជាស្ថាបនិកមួយរូប ដែលបានប្រឹងប្រែងបង្កើតឲ្យមានឡើងវិញនូវកីឡាល្បុក្កតោរបស់ខ្មែរ កំពុងតែគ្រោងរៀបចំឲ្យមានការប្រកួត និងសម្តែងល្បុក្កតោនៅអង្គរវត្ត ឲ្យបានជាប្រចាំសប្តាហ៍តែម្តង ដើម្បីធ្វើការផ្សព្វផ្សាយមរតកក្បាច់គុនដូនតានេះឲ្យកាន់តែមានភាពល្បីល្បាញថែមមួយកម្រិតទៀត។
លោក សាន គឹមស៊ាន បានទៅបង្កើតសាលាគុនល្បុក្កតោនៅឯខេត្តសៀមរាបជាង២ឆ្នាំមកហើយ ក្រោយពេលលោកត្រូវបានផ្លាស់ប្តូរតួនាទីពីប្រធានសហព័ន្ធ ទៅជាប្រធានកិត្តិយសរបស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជាអស់មួយជីវិតនោះ។ ប៉ុន្តែ លោក បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ខាងមុខនេះលោកបានត្រៀមរៀបចំកម្មវិធីសម្តែងក្បាច់គុនកីឡាប្រពៃណី ជាពិសេសគឺកីឡាល្បុក្កតោខ្មែរ ដើម្បីសម្តែងជូនអ្នកនាំភ្ញៀវ គឺមគ្គុទេ្ទសក៍បានចូលទស្សនាស្វែងយល់ពីខ្លឹមសារអត្ថន័យពិត ព្រមទាំងសិល្បៈនៃភាពទន់ភ្លន់ និងរឹងមាំនៃក្បាច់គុន ដែលជាវប្បធម៌របស់ខ្មែរ។
លោកគឹមស៊ាន បានបន្តថា៖«កម្មវិធីនេះជាគោលបំណងធំមួយរបស់ខ្ញុំ ដើម្បីផ្សព្វផ្សាយពីសក្តានុពលរបស់កីឡាល្បុក្កតោខ្មែរ ដែលជាព្រលឹង និងវប្បធម៌ជាតិ ជូនដល់ភ្ញៀវអន្តរជាតិ ដែលបានមកទស្សនាលើទឹកដីទេសចរណ៍វប្បធម៌ខេត្តសៀមរាប។ លើសពីនេះខ្ញុំមានគម្រោងបង្ហាញឲ្យភ្ញៀវចូលទស្សនានៅចុងសប្តាហ៍ ដោយមានរយៈពេលបីថ្ងៃគឺថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ នៅដើមឆ្នាំ២០១៥ ខាងមុខនេះដោយមានលក់សំបុត្រផងដែរ ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ល្បុក្កតោ»។បើតាមគម្រោងរបស់លោក សាន គឹមស៊ាន នៅថ្ងៃអាទិត្យ ចុងសប្តាហ៍ខាងមុខនេះ នឹងមានការសម្តែងបង្ហាញក្បាច់គុនល្បុក្កតោ រយៈពេលមួយម៉ោង ដើម្បីឲ្យអ្នកនាំភ្ញៀវ ឬមគ្គុទេ្ទសក៍ទេសចរណ៍ បានស្វែងយល់ពីអត្ថន័យពិត ហើយនាំអ្វីៗដែលបានឃើញ បានដឹងទាំងនោះទៅប្រាប់ភ្ញៀវឲ្យបានត្រឹមត្រូវ តាមអត្ថន័យដើមតែមួយ ដោយមិនឲ្យមានការពន្យល់ ឬផ្សព្វផ្សាយខុសៗពីគ្នានោះឡើយ។
លោក គឹមស៊ាន បានលម្អិតថា៖«ក្នុងរយៈពេលមួយម៉ោងនោះ យើងចែកជាបី គឺ២០នាទីសម្រាប់បង្ហាញពីក្បាច់គុនដ៏អស្ចារ្យនៃល្បុក្កតោ ហើយ២០នាទីបន្ទាប់គឺការបង្ហាញពីស្នៀតនីមួយៗសំខាន់ៗ ខណៈ២០នាទីចុងក្រោយគឺជាល្បែងកម្សាន្ត ដែលអនុញ្ញាតឲ្យភ្ញៀវចូលលេងជាបឋម បានដូចជាការប្រកួតលក្ខណៈជាក្រុម ឬបុគ្គលដោយមានកីឡាកម្សាន្ត ដូចជារុញអង្រែជាដើម»។
គួររំឭកថា លោកសាន គឹមស៊ាន បច្ចុប្បន្នមានអាយុ៧០ឆ្នាំ តែលោកនៅតែមានសុខភាព និងកម្លាំងមាំមួន ព្រោះជាអ្នកនិយមចូលចិត្តហាត់គុន ព្រមទាំងមានលក្ខណៈតស៊ូក្នុងការលំបាកជាច្រើនក្នុងឆាកជីវិត ហើយលោកមានក្តីបំណង និងទស្សនៈជាតិនិយមខ្លាំងបំផុតចំពោះក្បាច់គុនល្បុក្កតោ។
លោក បានឈប់ពីប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ដោយប្រគល់ទៅឲ្យលោកវ៉ាត់ ចំរើន ធ្វើជាប្រធានវិញម្តង ព្រោះលោកចង់យកពេលវេលាសម្រាប់សិក្សាស្រាវជ្រាវ និងចងក្រងឯកសាកីឡាល្បុក្កតោ៕