ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រសួងយុត្តិធម៌បំភ្លឺជាផ្លូវការទៅក្រសួងមហាផ្ទៃវិញថា ការដោះលែងសកម្មជនបក្សប្រឆាំងលោក មាជ សុវណ្ណារ៉ា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ត ឬទម្លាក់ចោលបទចោទ គឺទុកឲ្យតុលាការជាអ្នកសម្រេច ។
ការអះអាងរបស់ក្រសួងយុត្តិធម៌នេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃផ្ញើលិខិតទៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយយោងតាមលិខិតរបស់ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលស្នើសុំជួយអន្តរាគមន៍ទម្លាក់ការចោទប្រកាន់ និងលើកលែងលោក មាជ សុវណ្ណារ៉ា ។ សកម្មជនបក្សប្រឆាំងរូបនេះត្រូវតុលាការឃុំខ្លួនដោយចោទពាក់ព័ន្ធនឹងអំពើហិង្សាលើពួកសន្តិសុខ ដែលរារាំងបាតុករទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។
លិខិតក្រសួងសួងមហាផ្ទៃបានស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយពិនិត្យ និងជួយយោបល់មកក្រសួងមហាផ្ទៃដើម្បីមានមូលដ្ឋានចាត់វិធានការបន្ត ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ឲ្យ VOD ដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ក្រសួងយុត្តិធម៌បានផ្ញើលិខិតផ្លូវការមកក្រសួងមហាផ្ទៃហើយ ដោយបញ្ជាក់ថា វិធីដែលអាចធ្វើឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំបណ្តោះអាសន្ន ឬទម្លាក់ចោលបទចោទគឺជាសិទ្ធិអំណាចរបស់ចៅក្រម ដែលក្រសួងយុត្តិធម៌មិនអាចលូកដៃបាន ។ លោកបញ្ជាក់ថា «បង្ហាញពីនីតិវិធី ដើម្បីឲ្យសម៉ីខ្លួនស្ថិតនៅក្រៅឃុំ អត់មានដោះលែងទេ ក្រៅឃុំជាបណ្តោះអាសន្ន» ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ មិនប្រតិកម្មទៅនឹងការលើកហេតុផលរបស់រដ្ឋាភិបាលនេះទេ ហើយគណបក្សកំពុងពិភាក្សាជាមួយមេធាវី ដើម្បីជួយឲ្យមានយុត្តិធម៌ដល់លោក មាជ សុវណ្ណរ៉ា ។ ប៉ុន្តែលោកយល់ថាប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាត្រូវការពេលវេលាច្រើនទៀតដើម្បីធ្វើកំណែទម្រង់ ។ លោកថា «យើងសង្ឃឹមថា ប្រព័ន្ធយុត្តិធម៌ស្រុកយើង មានការកែលម្អ ឲ្យកាន់តែល្អប្រសើរឡើង មិនមែនត្រឹមតែករណីលោក មាជ សុវណ្ណារ៉ា ទេ គឺករណីសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅតែម្តង ជាពិសេសរឿងជនរងគ្រោះដោយសារដីធ្លី ដែលរងគ្រោះដោយប្រព័ន្ធយុត្តិធម៌មួយមិនឯករាជ្យ មិនអព្យាក្រឹត ហើយមិនយុត្តិធម៌ទៀត ។ ទាំងអស់នេះកំពុងតែសិក្សាមើលកំណែទម្រង់តាមវិធីណាខ្លះ» ។
យ៉ាងនេះក្តីនៅអាណត្តិទី៥នេះ តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បានអនុម័តច្បាប់៣ ដើម្បីទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។ ប៉ុន្តែសង្គមស៊ីវិលដាក់ការព្រួយបារម្ភថា ច្បាប់ថ្មីនោះមិនបានជួយឲ្យតុលាការឯករាជ្យទេ តែបានផ្តល់អំណាចច្រើនដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីត្រួតត្រាចៅក្រម និងព្រះរាជអាជ្ញាដែលជាដើមចមធ្វើឲ្យបក្សកាន់អំណាចកាន់តែមានឱកាស ប្រើប្រព័ន្ធយុត្តិធម៌ដើម្បីពង្រីកអំណាចរបស់ខ្លួន ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com