ដោយ៖ ខាន់ លក្ខិណា
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
តំណាងរាស្ត្របក្សប្រឆាំងថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញធ្វើខុសនីតិវិធីច្បាប់ ករណីសួរចម្លើយសកម្មជនបក្សប្រឆាំង ដោយមិនមានមេធាវីការពារក្ដីចូលរួមជាមួយ ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបងលោកស្រី មូរ សុខហួរ ឲ្យ VOD ដឹងនៅថ្ងៃពុធនេះថា ការដែលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី សួរចម្លើយលោក អ៊ុក ពេជ្រសំណាង នៅថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៤ ដោយមិនបានជូនដឹងដល់មេធាវីរបស់គាត់ជាមុន ដើម្បីឲ្យចូលការពារកូនក្ដី និងផ្ដល់ព្រឹក្សាយោបល់ផ្លូវច្បាប់ឲ្យកូនក្ដីខ្លួនគាត់នោះ គឺជាការអនុវត្តខុសនីតិវិធីច្បាប់ ។
លោកស្រីថា ការសួរយកចម្លើយជនជាប់ចោទ ដោយមិនមានមេធាវីការពារក្ដីផ្ដល់ការប្រឹក្សាយោបល់ ជាគ្រោះថ្នាក់ដ៏ធំដល់ជនជាប់ចោទ ព្រោះគាត់មិនចេះច្បាប់ មិនដឹងថាចម្លើយទាំងអស់របស់គាត់ អាចនឹងមកចងគាត់វិញទេ ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា នីតិវិធីរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនេះ ជាការរំលោភសិទិ្ធលើសិទ្ធិជនជាប់ចោទ ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ ។ លោកស្រីថា លោកស្រីនឹងដាក់លិខិតទៅប្រធានរដ្ឋសភា ពេលប្រធានរដ្ឋសភាសម្រេចរួចហើយ នឹងបញ្ជូនទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីឲ្យកោះហៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី មកឆ្លើយបំភ្លឺចំពោះការអនុវត្តខុសនីតិវិធីនេះ ។
VOD បានព្យាយាមទាក់ទងលោកចៅក្រម កែវ មុនី ដើម្បីបានការឆ្លើយតបនឹងការចោទប្រកាន់នេះ ប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ។
នាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី ហ៊ុង គឹមសួន មានប្រសាសន៍ថា តាមច្បាប់រាល់ការសួរយកចម្លើយពីជនជាប់ចោទ ចៅក្រមត្រូវតែតម្រូវឲ្យជនជាប់ចោទរកមេធាវីមកការពារខ្លួនជាមុនសិន ។
កាលពីខែសីហាកន្លងទៅ សកម្មជនគណបក្សសង្គ្រោះជាតិលោក អ៊ុក ពេជ្រសំណាង ត្រូវបានតុលាការសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ពីបទចូលរួមធ្វើកុបកម្មប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៥៦, ៤៥៧, ៥០៤ និងមាត្រាក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com