ដោយ៖ ទូច សុខា
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនឹងទៅសួរសុខទុក្ខស្រ្តីបឹងកក់១០នាក់ដែលកំពុងជាប់ឃុំនៅមន្ទីរអប់រំកែប្រែទី២ (ម .២) នៅព្រឹកស្អែក បន្ទាប់ពីបានទទួលការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ៦រូប បានដាក់លិខិតទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំចូលជួបសួរសុខទុក្ខ ស្ត្រីសកម្មជនដីធ្លីទាំង១០នាក់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ នៅថ្ងៃនេះ ព្រះរាជអាជ្ញាអមសាលាដំបូងបោះត្រាលើលិខិតនោះ ដោយអនុញ្ញាតឲ្យតំណាងរាស្ត្រទាំង៦រូបចូលសួរសុខទុក្ខតាមការស្នើសុំ ។
ស្ត្រីសកម្មជនទាំង១០នាក់រួមមាន អ្នកស្រីទេព វន្នី អ្នកស្រីផាន់ ឈុនរ៉េត អ្នកស្រី គង់ ចន្ថា កញ្ញា សុង ស្រីលាភ អ្នកស្រីបូ ឆវី អ្នកស្រីង៉ែត ឃុន អ្នកស្រីណង ស្រេង អ្នកស្រី អ៊ឹម ស្រីទូច អ្ននស្រី ភូង ស្រីភាព និងអ្នកស្រីភួង ពេជ្រ បន្ទាប់ពីមានការចាប់ខ្លួន និងកាត់ទោសឲ្យស្រ្តីទាំងនោះជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់២លានរៀល។
កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ស្ត្រីសកម្មជនដីធ្លី៧នាក់នៅសហគមន៍បឹងកក់ត្រូវបានចាប់ខ្លួន ខណៈដែលពួកគេតវ៉ា និងព្យាយាមបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិ ។ ចំណែកឯស្ត្រី៣នាក់ និងព្រះសង្ឃ១អង្គ ផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃបន្ទាប់ ខណៈដែលពួកគាត់តវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លី៧នាក់ខាងលើ ។ ស្រ្តីទាំង១០នាក់ និងព្រះសង្ឃ១ អង្គខាងលើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការកាត់ទោសភ្លាមៗបន្ទាប់ពីការចាប់ខ្លួន និងបានផ្តន្ទាទោសឲ្យពួកគាត់ជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់២លានរៀល ៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha @vodhotnews.com