ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ពោធិ៍សាត់​ស្វែងរក​អន្តរាគមន៍​ពី​សមាគម​អាដហុក

ដោយ ជិន ជេដ្ឋា
2014-11-19
RFA

ប្រជាពលរដ្ឋ​ចំនួន ២១​គ្រួសារ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ស្វែងរក​អន្តរាគមន៍​ពី​សមាគម​អាដហុក (Adhoc) បន្ទាប់​ពី​អាជ្ញាធរ​ប្រកាស​ថា​នឹង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់ ដើម្បី​ដាំ​កូន​ឈើ​បង្កើត​ព្រៃ​សហគមន៍។ តំណាង​ប្រជាពលរដ្ឋ​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​អាច​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ ប្រសិន​បើ​មាន​ការ​ឈូស​ឆាយ​មែន​នោះ។

តំណាង​ពលរដ្ឋ​បី​នាក់ បាន​ដាក់​លិខិត​ភ្ជាប់​ស្នាម​មេដៃ​ជូន​សមាគម​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​ឲ្យ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ច្បាប់ និង​តស៊ូ​មតិ ព្រម​ទាំង​ស្នើសុំ​ម៉ាស៊ីន​ថត​រូប​ចំនួន​ពីរ​គ្រឿង ទុក​ថត​ផ្ដិត​យក​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស ឬ​ការ​ឈូស​ឆាយ​ប៉ះពាល់​ដីធ្លី​របស់​អ្នក​ភូមិ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​បី​នាក់ គឺ​លោក សោម សារាវុធ ដែល​ត្រូវ​តុលាការ​ខេត្ត​ពោធិ៍សាត់ ចេញ​ដីកា​កោះ​ហៅ​ទៅ​សាកសួរ​រឿង​ដីធ្លី​នេះ​ចំនួន​ពីរ​លើក​រួច​មក​ហើយ​នោះ បញ្ជាក់​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ថា ដី​ភូមិឋាន​ចាស់​ទំហំ​ដី ៦៣​ហិកតារ​របស់​ពលរដ្ឋ​ភូមិ​សន្សក្ដាម ចំនួន ២១​គ្រួសារ បាន​កាន់​កាប់​បន្ត​ពី​ជីដូន​ជីតា និង​ខ្លះ​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៨៣ មក។ កាល​ពី​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ដក​ដី​ព្រៃ​ទំហំ ៣០០​ហិកតារ​ពី​ក្រុមហ៊ុន ភាពីម៉ិច (Pheapimix) មក​ដាក់​ជា​ដី​ព្រៃ​សហគមន៍​ឃុំ​ស្នាអន្សា ប៉ុន្តែ​អាជ្ញាធរ​ឃុំ​មាន​ល្បិច​អាក្រក់ បាន​កាត់​ដី​ផ្នែក​ខ្លះ​យក​ទៅ​លក់ ហើយ​មក​រឹប​អូស​ដី​អ្នក​ភូមិ​ទាំង ២១​គ្រួសារ ទៅ​ធ្វើ​ជា​ដី​សហគមន៍​វិញ។

លោក​ថា ពលរដ្ឋ​មិន​ចង់​ដោះ​ដូរ​ទៅ​កន្លែង​ណា​ផ្សេង​ក្រៅ​ពី​ភូមិឋាន​ធ្លាប់​រស់នៅ និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ឈូស​ឆាយ​រំលោភ​បំពាន​លើ​ដី​របស់​ពួក​គាត់៖ «ខ្ញុំ​នឹង​នាំ​គ្នា​ខ្ញុំ​ទៅ​ហាម​ឃាត់​ប្រឈម​មុខ​ត​ទល់​គ្នា​ហ្នឹង​ចំពោះ​មុខ​គ្រឿងចក្រ ចំពោះ​មុខ​អាជ្ញាធរ។ ខ្ញុំ​អត់​មាន​ខ្លាច​អី​ទេ បើ​គ្រាន់​តែ​ការពារ​ដី​ខ្លួន​ឯង​ម៉ែ​ឪ​បន្សល់​ទុក​ឲ្យ​ប៉ុណ្ណឹង គេ​ចាប់​ក៏​ចាប់​ចុះ​អត់​មាន​ខ្លាច ឬ​មាន​ភ្ញាក់​ផ្អើល​អី​ទេ​បង»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ស្នាអន្សា លោក មោក កោ បដិសេធ​ថា អាជ្ញាធរ​មិន​បាន​ប្រកាស​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​អ្វី​នោះ​ទេ ប៉ុន្តែ​បើ​មាន​ការ​ដាំ​ដុះ​កូន​ឈើ​មែន​នោះ គឺ​មិន​ចាំបាច់​ឈូស​ឆាយ​ឡើយ គឺ​អាច​ដាំ​នៅ​តាម​ចន្លោះៗ​ព្រៃ​តែ​ម្ដង ពីព្រោះ​ដី​នោះ​សម្បូរ​ទៅ​ដោយ​ព្រៃ​ស្រាប់។ លោក​បង្ហើប​ថា ការ​ពិត​អ្នក​ភូមិ​ដែល​មាន​ផល​ប៉ះពាល់​ពី​ដី​ព្រៃ​សហគមន៍​នេះ មាន​តែ ៦​គ្រួសារ​ប៉ុណ្ណោះ តែ​បាន​បំបែក​ទៅ​ជា ២១​គ្រួសារ ហើយ​អាជ្ញាធរ​ក៏​ធ្លាប់​បាន​សម្រប​សម្រួល និង​ដោះ​ដូរ​ដី​នៅ​ក្បែរ​នោះ​ក្នុង​ម្នាក់ ១​ហិកតារ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មិន​ព្រម​ដោះ​ដូរ៖ «អត់ៗ! អត់​បាន​ប្រកាស​ផង (ប្រកាស​ដាក់​គ្រឿងចក្រ) ដាំ​កូន​ឈើ​ឈូស​ឆាយ​ធ្វើ​ស្អី​គេ​ដាំ​ចន្លោះៗ​ព្រៃ។ ដាំ​កូន​ឈើ​អា​ហ្នឹង​នៅ​លើ​រដ្ឋបាល​ព្រៃ​ឈើ​តើ។ អ្ហឺស! នរណា​ក៏​គេ​ថា​បាន​ដូច​តែ​គ្នា​ហ្នឹង គ្រាន់​តែ​បោះ​បង្គោល​យក​អត់​ធ្វើ​វា​មាន​ស្អី​ដី​ព្រៃ​ហ្នឹង អា​ដី​ស្រែ​គាត់​ក្រុម​និស្សិត​គេ​វាស់​ឲ្យ​អស់​ហើយ»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា ខាង​លោក​នឹង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ច្បាប់ និង​តស៊ូ​មតិ​ដល់​ពួក​គាត់។ ចំណែក​ការ​ស្នើសុំ​ម៉ាស៊ីន​ថត​រូប និង​ជួយ​ព្យាបាល​ជំងឺ​អ្នក​មាន​បញ្ហា​ដីធ្លី​ម្នាក់​នោះ គឺ​លោក​មិន​ទាន់​អាច​ឆ្លើយ​តប​យ៉ាង​ណា​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​ធ្វើ​សំណើ​ទៅ​ស្នាក់​ការ​កណ្ដាល​របស់​លោក​បន្ត​ទៀត។ លោក​បញ្ជាក់​ថា ក្រោយ​ពី​ចុះ​អង្កេត​ករណី​ដីធ្លី​នេះ​ជាច្រើន​លើក​មក លោក​រក​ឃើញ​ថា ទីតាំង​ដី​ដែល​ពលរដ្ឋ​កំពុង​ទាមទារ​នោះ ជា​ប្រភេទ​ដី​ស្រែ​ចម្ការ​ធ្លាប់​បង្កបង្កើនផល​ពី​មុន​មក​មែន ប៉ុន្តែ​ពួក​គាត់​មិន​ធ្វើ​ជាប់​លាប់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles