អ៊ឺរ៉ា​បង្ហាញ​សេចក្ដី​ព្រាង​នៃ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​បែប​ទំនើប

ដោយ ខែ សុណង
2014-11-20
RFA

អ៊ឺរ៉ា ៦២០
អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ពិភាក្សា​រឿង​បោះឆ្នោត នៅ​ក្នុង​សណ្ឋាគារ អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​ ២០ វិច្ឆិកា ២០១៤។ RFA/Khe Sonorng

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អ៊ឺរ៉ា (ERA) បាន​កោះ​ហៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បង្ហាញ​សេចក្ដី​ព្រាង​នៃ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​បែប​ទំនើប និង​បើក​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​ថ្មី​នេះ។

ការ​បង្ហាញ​នេះ គឺ​ដើម្បី​កៀរគរ​រក​សំឡេង​គាំទ្រ​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​បែប​ទំនើប ក្នុង​គោលដៅ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ បញ្ចៀស​នូវ​ភាព​មិន​ប្រក្រតី​នានា។

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត បាន​អះអាង​ថា ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​បែប​ទំនើប នឹង​ផ្ដល់​នូវ​ការ​ជឿ​ទុក​ចិត្ត​ដល់​ម្ចាស់​ឆ្នោត​ដល់​ទៅ ៩៨% ថា​នឹង​គ្មាន​ភាព​មិន​ប្រក្រតី។

តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត លោក គល់ បញ្ញា ថ្លែង​ថា ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​បែប​ទំនើប​នេះ នឹង​ផ្ដល់​ការ​ជឿ​ជាក់​បំផុត​ទៅ​លើ​បញ្ហា​គ្មាន​ឈ្មោះ​ស្ទួន និង​គ្មាន​កំហុស​នៃ​ការ​បញ្ចូល​ទិន្នន័យ​របស់​អ្នក​បោះ​ឆ្នោត​ឡើយ។ លោក​ថា សម្រាប់​ការ​រៀបចំ​តាម​ប្រព័ន្ធ​ថ្មី​នេះ នឹង​មិន​ស៊ី​ពេល​វេលា​ច្រើន​ប៉ុន្មាន​ទេ​សម្រាប់​មនុស្ស ១០​លាន​នាក់ គឺ​អាច​ចំណាយ​ពេល​ប្រមាណ ៩០​ថ្ងៃ​ប៉ុណ្ណោះ។ រីឯ​ការ​ចំណាយ​ថវិកា​ប្រមាណ ១៧​លាន​ដុល្លារ​អាមេរិក អាច​ថា​ក្នុង​ម្នាក់​ចំណាយ​អស់​ប្រមាណ ១​ដុល្លារ ៧​កាក់ ឬ​ប្រហែល ៧​ពាន់​រៀល។ ហើយ​នៅ​ពេល​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ គ.ជ.ប អាច​ចំណាយ​តែ ១​លាន ៤​សែន​ដុល្លារ គឺ​ចំណាយ​តិច​ជាង គ.ជ.ប.ចាស់ ដែល​ធ្វើ​ក្នុង​មួយ​ឆ្នាំៗ​អស់​ប្រមាណ ១​លាន ៧​សែន​ដុល្លារ៖ «មែន​ទែន​រឿង​នេះ​ត្រូវ​ឲ្យ គ.ជ.ប.ថ្មី គេ​ពិនិត្យ​ទៅ ជាពិសេស​ទៅ​មុខ​នេះ​នៅ​ពេល​ដែល​គេ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​នេះ គឺ​ថា​គេ​ត្រូវ​ធ្វើ​វិសោធនកម្ម ត្រូវ​រៀបចំ​ធ្វើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​គោលការណ៍​នានា​ទៀត​ទៅ។ ហើយ គ.ជ.ប.ថ្មី ដែល​គេ​បង្កើត​បាន​មក​នេះ គេ​យក​ប្រព័ន្ធ​ទៅ​សិក្សា​ទៅ​ដើម្បី​យក​ទៅ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​គេ​បច្ចុប្បន្ន អ៊ីចឹង​រឿង​នេះ​ឲ្យ​ទៅ គ.ជ.ប.ថ្មី​ទេ»

លោក គល់ បញ្ញា បញ្ជាក់​ទៀត​ថា ចំណុច​ពិសេស​នៃ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​បែប​ទំនើប​នេះ ក៏​មាន​ការ​ចុះ​ឈ្មោះ​តាម​បែប​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​ប្រើប្រាស់​កម្មវិធី​គ្មាន​សេវា​អ៊ីនធឺណិត និង​កម្មវិធី​ប្រើ​ជាមួយ​សេវា​អ៊ីនធឺណិត ដោយ​មាន​បញ្ចូល​ស្នាម​មេដៃ និង​រូបថត​របស់​អ្នក​បោះ​ឆ្នោត។ ក្រៅ​ពី​នោះ ក៏​មាន​ការ​ផលិត​ប័ណ្ណ​បោះ​ឆ្នោត​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ឯកសារ​ផ្សេងៗ ជាពិសេស​លិខិត​សម្គាល់​សម្រាប់​ការ​បោះ​ឆ្នោត ដែល​ត្រូវ​យក​មក​ប្រើ​ដើម្បី​ចូល​បោះ​ឆ្នោត។

ការ​លើក​ឡើង​នេះ នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​អំពី​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​បែប​ទំនើប នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា រៀបចំ​ដោយ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អ៊ឺរ៉ា។ សិក្ខា​សាលា​នេះ ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ដំណាក់​កាល​នីមួយៗ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា និង​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ទៅ​នឹង​កំណែ​ទម្រង់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ គាំទ្រ​ចំពោះ​ការ​រៀបចំ​ប្រព័ន្ធ​ថ្មី​នេះ។ លោក​ថា នេះ​ជា​ការ​ឆ្លើយ​តប​នូវ​កិច្ច​ព្រមព្រៀង​នៃ​គណបក្ស​ទាំង​ពីរ ត្រង់​ចំណុច​ភាព​ចម្រូងចម្រាស​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​ទាមទារ​ឲ្យ​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ដោយ គ.ជ.ប.ថ្មី​នោះ៖ «យើង​នឹង​ពិនិត្យ​បន្ថែម​ទៀត​ថា តើ​បើ​មាន​ប្រព័ន្ធ​ថ្មី​ហើយ តើ​យើង​ត្រូវ​មាន​យន្តការ​បែប​ណា? ហើយ​សមត្ថកិច្ច​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ឲ្យ​បាន​ពេញ​លេញ? ព្រោះ​កន្លង​មក​នេះ​ជា​សមត្ថកិច្ច​របស់ គ.ជ.ប ក៏​មែន​ពិត ប៉ុន្តែ​បាន​បើក​ផ្លូវ​ផ្ដល់​សិទ្ធិ​អំណាច​ទៅ​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​អ្នក​រៀបចំ​ចុះ​ឈ្មោះ​បញ្ជី​បោះ​ឆ្នោត​ហ្នឹង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​បោះ​ឆ្នោត នៅ​ពេល​ថ្ងៃ​បោះ​ឆ្នោត ប្រជាពលរដ្ឋ​មិន​អាច​រក​ឈ្មោះ​បោះ​ឆ្នោត​បាន ដូច្នេះ​យើង​នឹង​បំបាត់​នូវ​មន្ទិល​សង្ស័យ​ទាំងអស់​ហ្នឹង​ហើយ»

ប៉ុន្តែ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​នៃ គ.ជ.ប លោក ហ៊ឺ រ៉ុង មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ថ្មី​កំពុង​ធ្វើ​ការ​សិក្សា​នេះ គ.ជ.ប មិន​ទាន់​សន្មត​ថា​ល្អ​យ៉ាង​ណា​ទេ។ គ.ជ.ប នឹង​ពិភាក្សា​គ្នា​លើ​ចំណុច​មួយ​ចំនួន​ដែល​យល់​ថា​មិន​ទាន់​ត្រឹមត្រូវ​នៅ​ឡើយ​ដែរ៖ «ខាង​ខ្ញុំ​មិន​ទាន់​ប្រាកដ​ថា​យ៉ាង​ម៉េច​ទេ គ្រាន់​តែ​ថា​យើង​នឹង​ធ្វើ​ការ​សិក្សា សំខាន់​គណៈកម្មការ​ចម្រុះ​គណបក្ស​ទាំង​ពីរ​នោះ គាត់​សម្រេច​ច្បាប់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ គ.ជ.ប ធ្វើ​យ៉ាង​ម៉េច​ខាង​បច្ចេកទេស​ហ្នឹង​សិក្សា​បន្ថែម​ទៀត»

មន្ត្រី គ.ជ.ប ដដែល​ឲ្យ​ដឹង​ថា ការ​ចុះ​ឈ្មោះ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០១៤ គ.ជ.ប មាន​អ្នក​ចុះ​ឈ្មោះ​ប្រមាណ​ជិត ១៨​ម៉ឺន​នាក់ លុប​ឈ្មោះ​ប្រហែល ១០​ម៉ឺន​នាក់ និង​កែ​តម្រូវ​ឈ្មោះ​ជាង ៣​ម៉ឺន​នាក់។

នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រុម​ការងារ​សម្ព័ន្ធ​អ៊ឺរ៉ា​នេះ គ្រោង​ធ្វើ​ការ​សិក្សា​សាកល្បង​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​បែប​ទំនើប នៅ​ឃុំ​ចំនួន​២ នៃ​ខេត្ត​កណ្ដាល ជា​ខេត្ត​ប្រជុំ​ជន និង​ខេត្ត​ដាច់​ស្រយាល​អាច​ជា​ខេត្ត​រតនគិរី ឬ​ខេត្ត​មណ្ឌលគិរី។ បញ្ហា​នេះ ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ អាជ្ញាធរ និង គ.ជ.ប សហការ​ចំពោះ​ការ​សាកល្បង​នេះ​ជា​ជំហាន​ដំបូង មុន​នឹង​ឈាន​ដល់​ការ​សាកល្បង​ថ្នាក់​ជាតិ​ដោយ គ.ជ.ប.ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles