គ្រួសារ​ត្រូវ​គេ​បោះ​ពស់​វែក​ចូល​ផ្ទះ​ប្តេជ្ញា​តស៊ូ​ការពារ​ផ្ទះ

បុរស​ត្រូវ​គេ​បោះ​ពស់​វែក​ចូល​ផ្ទះ​ត្រូវ​ចាប់​បញ្ជូន​មក​តុលាការ​ដោយ​មិន​ឲ្យ​ពាក់​អាវ​និង​ពាក់​ស្បែក​ជើង​កាល​ពី​ថ្ងៃ​អង្គារ។

បុរស​ត្រូវ​គេ​បោះ​ពស់​វែក​ចូល​ផ្ទះ​ត្រូវ​ចាប់​បញ្ជូន​មក​តុលាការ​ដោយ​មិន​ឲ្យ​ពាក់​អាវ​និង​ពាក់​ស្បែក​ជើង​កាល​ពី​ថ្ងៃ​អង្គារ។ ម៉ៃ វីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ស្ត្រី​ជា​ម្តាយ​និង​កូន​ប្រុស នៃ​គ្រួសារ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ក្តៅ​គគុក ជាមួយ​ក្រុម​ហ៊ុន ឃុន សៀ ដែល​ធ្លាប់​ត្រូវ​បាន​គេ​បោះ​ពស់​វែក​ចូល​ផ្ទះ ហើយ​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ផ្ទះ​នៅ សង្កាត់​បឹង​កក់ ១ ខណ្ឌ​ទួលគោក បាន​សម្រេច​ចិត្ត​វិល​ចូល​ផ្ទះ​វិញ​ហើយ​កាល​ពី​ម្សិល​មិញ ខណៈ​ដែល​ប្តី និង​កូន​ស្រី​ម្នាក់ ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។

អ្នក​ស្រី ម៉ក់ ស៊ាវហ៊ូង អាយុ ៥០​ឆ្នាំ និង​កូន​ប្រុស លី ប៊ុនហៀង អាយុ ១៨​ឆ្នាំ បាន​សម្រេច​ចិត្ត​វិល​ចូល​ផ្ទះ​វិញ​ដោយ​សារ​តែ​ខ្លាច​ផ្ទះ​ដែល​មាន​ជម្លោះ​រង​ការ​រុះរើ​ឬ​ចូល​រំលោភ​បំពាន​យក​ដោយ​មិន​ដឹង​ខ្លួន ពី​សំណាក់​ក្រុម​ហ៊ុន ឃុន សៀ ដែល​ជា​គូ​ជម្លោះ។

លោក ណន អូនី មន្ត្រី​ផ្នែក​ច្បាប់ នៃ​ក្រុម​ការងារ​សិទ្ធិ​លំនៅឋាន​បាន​ឲ្យ​ដឹង​ថា ឪពុក​និង​កូន​ស្រី ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ត្រូវ​បាន​លោក​ចៅ​ក្រម លីម លីបម៉េង ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​អង្គារ ពី​បទ​ប្រើ​ប្រាស់​ហិង្សា​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ស្រប​ច្បាប់។

យុវជន លី ប៊ុនហៀង ដែល​បាន​រត់​គេច​ពី​ការ​ចាប់​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី ខណៈ​ទៅ​មើល​ឪពុក ដែល​ត្រូវ​គេ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹង​ថា រូប​គេ​និង​ម្តាយ​បាន​បង្ខំ​ចិត្ត​វិល​ចូល​ផ្ទះ​វិញ​ដើម្បី​ការពារ​ផ្ទះ​ខ្លួន។ យុវជន​រូប​នេះ​និយាយ​ថា៖ «ខ្ញុំ​ទៅ​ផ្ទះ​វិញ​ដោយ​សារ​យើង​គេច​ខ្លួន​ក៏​អត់​ប្រយោជន៍​ដែរ យើង​សុខ​ចិត្ត​ប្រឈម​នឹង​ការ​ចាប់​ខ្លួន តែ​យើង​មិន​ចង់​ឲ្យ​បាត់​បង់​ផ្ទះ​ពួក​យើង​ទេ»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ថ្លែង​ថា ការ​ចាប់​ខ្លួន​សមាជិក​គ្រួសារ​នេះ អាច​ជា​ការ​ដាក់​សម្ពាធ តាម​រយៈ​ការ​ប្រើ​អំណាច​របស់​តុលាការ ដើម្បី​បង្ខំ​ឲ្យ​គ្រួសារ​ដែល​មាន​ជម្លោះ​ដី​ធ្លី​នេះ ព្រម​ទទួល​យក​សំណង​មិន​សមរម្យ ដែល​ពួក​គេ​តែង​តែ​បដិសេធ​តាំង​ពី​យូរ​មក​ហើយ។ គ្រួសារ​រង​គ្រោះ ក៏​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ​ដែរ។

អ្នក​ស្រី ស៊ាវហ៊ូង បាន​និយាយ​ថា ក្រោយ​ការ​ចាប់​ខ្លួន​ប្តី​និង​កូន​ស្រី​របស់​អ្នក​ស្រី មាន​តំណាង​ក្រុម​ហ៊ុន​ម្នាក់ បាន​ទាក់ទង​រក​អ្នក​ស្រី​ហៅ​ឲ្យ​ទៅ​ចរចា ដើម្បី​បញ្ចប់​រឿង​ជម្លោះ​នេះ ប៉ុន្តែ​អ្នក​ស្រី​មិន​ព្រម ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ប្តី និង​កូន​របស់​អ្នក​ស្រី​ជា​មុន​សិន។ អ្នក​ស្រី​និយាយ​ថា៖ «ប្តី​និង​កូន​ស្រី​ខ្ញុំ បាន​ផ្តាំ​ថា ពួក​គាត់​សុខ​ចិត្ត​នៅ​ក្នុង​គុក មិន​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ចរចា​អ្វី​ទាំង​អស់។ យើង​រស់​នៅ​លើ​ដី​យើង​ផ្ទះ​យើង​ជាង ៣០​ឆ្នាំ មក​ហើយ មិន​មែន​ជា​ដី​អ្នក​ដទៃ​ទេ»។

លោក​ចៅ​ក្រម លីម លីបម៉េង មិន​អាច​ទាក់​ទង​សុំ​ធ្វើ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ។

ក្រុម​ហ៊ុន ឃុន សៀ ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល លើ​ដី សាលា​សង្កាត់​បឹង​កក់​មួយ ក្នុង ខណ្ឌ​ទួល​គោក កាល​ពី ឆ្នាំ​២០១០ ក្នុង​ពេល​ដែល​លោក កែប ជុតិមា ជា​អភិបាល​រាជធានី។ ការ​សម្រេច​របស់​រដ្ឋាភិបាល​ផ្តល់​ដី​សាលា​សង្កាត់​ទៅ​ឲ្យ​ក្រុម​ហ៊ុន ឃុន សៀ នេះ មួយ​ផ្នែក​បាន​ជាន់​លើ​ដី​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ក្បែរ​នោះ ដែល​ពួក​គេ​បាន​អះអាង​ថា បាន​រស់​នៅ​ទី​នេះ ចាប់​តាំង​ពី​ក្រោយ ឆ្នាំ​១៩៧៩ មក។

លោក​ឧត្តម​សេនីយ៍ យឹម លាង ប្រធាន​អង្គរក្ស​លោក ជា ស៊ីម ដែល​ជា​តំណាង​ក្រុម​ហ៊ុន ឃុន សៀ បាន​បិទ​ទូរស័ព្ទ នៅ​ពេល ភ្នំពេញ ប៉ុស្តិ៍ ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ករណី​នេះ កាល​ពី​ម្សិល​មិញ។

លោក ណន អូនី មន្ត្រី​ផ្នែក​ច្បាប់​នៃ​ក្រុម​ការងារ​សិទ្ធិ​លំនៅឋាន (HRTF) បាន​ថ្លែង​ថា ក្រោយ​ពី​មាន​ការ​ពិភាក្សា​ជាមួយ​អង្គការ​លោក ពួក​គេ​សម្រេច​ចិត្ត​ទៅ​ផ្ទះ​វិញ​ហើយ HRTF ក៏​បាន​រក​មេធាវី​បន្ថែម​ពីរ​នាក់ មក​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ជូន​ពួក​គាត់។ លោក​ថ្លែង​ថា៖ «បើ​គាត់​គេច ក៏​គង់​តែ​គេ​ចាប់​ពេល​ណា​មួយ​មិន​ខាន។ អ៊ីចឹង​ពួក​គេ​មិន​អាច​ចុះ​ចោល​ផ្ទះ​ឡើយ ខ្លាច​មាន​ការ​រុះរើ​ផ្ទះ​គាត់ ទើប​គាត់​ទៅ​វិញ»។ លោក​បាន​បន្ត​ថា តាម​ការ​ចរចា​កន្លង​មក​ក្រុម​គ្រួសារ​លោក ស្រ៊ាខេង មិន​ដែល​លើក​ពី​ថ្លៃ​សំណង​ក្នុង​ការ​ចាក​ចេញ​ទេ ព្រោះ​ពួក​គេ​មាន​បំណង​ចង់​រស់​នៅ​ទី​នេះ​ទៀត។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​បើ​ក្រុម​ហ៊ុន​ចាំ​បាច់​ត្រូវ​តែ​ឲ្យ​ពួក​គេ​ចេញ ក្រុម​ហ៊ុន​ត្រូវ​តែ​ផ្តល់​សំណង​សមរម្យ​ទៅ​តាម​តម្លៃ​ទីផ្សារ។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «ក្រុម​ហ៊ុន​នោះ គ្មាន​បំណង​ផ្តល់​សំណង​ជូន​ពួក​គាត់​បាន​ច្រើន លើស​ពី ៨ ម៉ឺន​ដុល្លារ​នោះ​ទេ ក៏​ប៉ុន្ដែ​ពួក​គាត់​ក៏​មិន​ដែល​បាន​ដាក់​តម្លៃ​ចរចា​ផង​ដែរ»៕


What Next?

Recent Articles

One Response to "គ្រួសារ​ត្រូវ​គេ​បោះ​ពស់​វែក​ចូល​ផ្ទះ​ប្តេជ្ញា​តស៊ូ​ការពារ​ផ្ទះ"

  1. Battambang says:

    Why can Khun Sear company pay the suitable or acceptable fee for the land if this company will make more money from that land?
    Why deos this company wants the land for free?