លោក ថោង ខុន អះអាង​ថា​មិន​បាន​ដឹង​ប្រាក់​ចំណូល​ពិត​ប្រាកដ​ពី​ប្រាសាទ​អង្គរវត្ត

ដោយ អ៊ុក សាវបូរី
2014-11-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ថោង ខុន ញ៉ែម បុញ្ញឫទ្ធិ ៦២០
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន (ឆ្វេង) និង​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉ែម បុញ្ញឫទ្ធិ (ស្តាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ RFA/Ouk Savborey

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​តាម​ការ​កោះ​អញ្ជើញ​ពី​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។ ក្នុង​ជំនួប​នោះ លោក ថោង ខុន បញ្ជាក់​ថា ក្រសួង​ទេសចរណ៍ មិន​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បញ្ជាក់​ប្រាប់​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ថា មិន​បាន​ដឹង​ពី​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ទេ គឺ​ខាង​អាជ្ញាធរ​អប្សរា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អ្នក​គ្រប់គ្រង។

លោក​ថ្លែង​បន្ត​ថា ក្រសួង​ទេសចរណ៍ គ្រាន់​តែ​បាន​ដឹង​ពី​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចូល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឆ្នាំ​២០១៣ មាន​ចំនួន ៤​លាន ២​សែន​នាក់។ ប៉ុន្តែ​ប្រាក់​ចំណូល​ប៉ុន្មាន ហើយ​បង់​ចូល​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្មាន គឺ​ក្រសួង​ទេសចរណ៍ មិន​បាន​ដឹង​ឡើយ។ លោក​ថា ថវិកា​ជាតិ គឺ​បាន​ពី​ថ្លៃ​ធ្វើ​ទិដ្ឋាការ ឬ​វីសា ដែល​ភ្ញៀវ​ខ្លះ​បង់​តាម​ក្រសួង​ទេសចរណ៍ ភ្ញៀវ​ខ្លះ​បង់​តាម​ក្រសួង​មហាផ្ទៃ ភ្ញៀវ​ខ្លះ​បង់​តាម​ក្រសួង​ការ​បរទេស ជាដើម ក្រសួង​ក៏​មិន​បាន​ដឹង​ចំនួន​ប៉ុន្មាន​ដែរ។ ប៉ុន្តែ ក្រសួង​ទេសចរណ៍ បាន​ដឹង​តែ​ពី​ចំណូល​ជាតិ​ទៅ​លើ​ផ្នែក​ឯកជន ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន សេវា​ដឹក​ជញ្ជូន ជាដើម ដែល​ចំណូល​នោះ​បាន​ចូល​ទៅ​ដល់​ដៃ​អ្នក​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​ទាំងអស់​នោះ​មាន​ជាង ៥០​ម៉ឺន​នាក់ ដែល​ក្រសួង​ប៉ាន់ស្មាន​មាន​ចំនួន ២.៥៤៧​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ៖ «រឿង​កិច្ចការ​ទាំងអស់​នេះ​បើ​ចង់​ដឹង​ច្បាស់ ខ្ញុំ​បាន​សំណូមពរ​ឲ្យ​គណៈកម្មការ​ទី​៧ លោក​ធ្វើ​ការ​ផ្ទាល់ ឬ​ក៏​សាកសួរ​ទៅ​អាជ្ញាធរ​អប្សរា​តែ​ម្តង»

ដោយ​មើល​ឃើញ​ថា ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរ​នៅ​តែ​មិន​ច្បាស់​លាស់ ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ក្រសួង​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចេះ​តែ​កើន​ឡើង​មក​ទស្សនា​ប្រទេស​កម្ពុជា និង​មក​ទស្សនា​ប្រាសាទ​បេតិកភណ្ឌ​ជាតិ​នោះ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បាន​ស្នើសុំ​ឲ្យ​ក្រសួង​ទេសចរណ៍ ជា​អ្នក​គ្រប់គ្រង​លក់​សំបុត្រ​ជូន​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ​វិញ៖ «ក៏ប៉ុន្តែ​ដែល​ជា​សំណូមពរ ក៏ដូចជា​ឯកឧត្តម​មាន​ប្រសាសន៍​ដែរ គឺ​យើង​ស្នើសុំ​ឲ្យ​បន្ត​ការ​គ្រប់គ្រង​អង្គរ ការ​លក់​សំបុត្រ​របស់​អង្គរ​ហ្នឹង យក​មក​ឲ្យ​ក្រសួង​ទេសចរណ៍ គ្រប់គ្រង​វិញ ពីព្រោះ​យើង​ចំណាយ​លុយ​ទាក់ទាញ​ទេសចរ​មក មិន​គួរ​ណា​បណ្តោយ​ឲ្យ​គេ​លក់​សំបុត្រ​យក​ចំណេញ​ទទេៗ​អ៊ីចឹង​ទេ។ ដូច្នេះ ដើម្បី​ឲ្យ​ចំណូល​ចូល​ដល់​ថវិកា​ជាតិ​បាន​កើន​ឡើង កាត់​បន្ថយ​ភាព​ក្រីក្រ ដើម្បី​ប្រមូល​ថវិកា​ជាតិ​ឲ្យ​បាន​ច្រើន យើង​ស្នើសុំ​យ៉ាង​ទទូច​ឲ្យ​យក​ការ​លក់​សំបុត្រ​ចូល​មើល​អង្គរ​ហ្នឹង មក​គ្រប់គ្រង​តាម​រយៈ​ក្រសួង​ទេសចរណ៍ វិញ»

ឆ្លើយ​តប​នឹង​សំណើ​នេះ លោក ថោង ខុន ថ្លែង​ថា ជា​សំណើ​ដែល​ត្រូវ​ពិគ្រោះ​យោបល់​ច្រើន​ពី​គ្រប់​ស្ថាប័ន ដែល​លោក​មិន​អាច​ផ្តល់​ចម្លើយ​បាន​ទេ។

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត ត្រូវ​បង់​ប្រាក់​ម្នាក់ ២០​ដុល្លារ ក្នុង​ការ​ទស្សនា​ប្រាសាទ​ពេញ​មួយ​ថ្ងៃ។

ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា គណៈកម្មការ​នេះ​នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ មក​បំភ្លឺ​អំពី​រឿង​វប្បធម៌​ជាតិ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "លោក ថោង ខុន អះអាង​ថា​មិន​បាន​ដឹង​ប្រាក់​ចំណូល​ពិត​ប្រាកដ​ពី​ប្រាសាទ​អង្គរវត្ត"

  1. _ says:

    ម្យ៉ាងដែរ ក្រសួងទេសចរណ៏ដើរតួជាអ្នកវិនិយោគផ្នែកផ្សព្វផ្សាយទីផ្សារប្រើប្រាស់ថវិការរដ្ឋ តែផលប្រយោជន៍ចំបងបានទៅក្រុមហ៊ុនដែលទទួលសិទ្ធគ្រប់គ្រងប្រាសាទតំបន់ទេសចរ ។
    ស្ថាប័នរដ្ឋអោយតែពូកែរកសុីបែបនេះ ច្បាស់ជាខាតចុងខាតដើមអស់ហើយ!

  2. ?? says:

    the group of this dictator have no knowledge to lead our nation.in the next election if our people vote for this group again it will be no one GOD will help them. peace for all

  3. កូនឪ says:

    រដ្ឋាភិបាលដឹកនាំដោយបុរសខ្វាក់ ខ្វាក់ទាំងអស់
    -នាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសថា គាត់មិនដែលបានដឹកពីបញ្ហាដីធ្លីសោះឡើយ គាត់មិនដែលដឹងថារាស្ត្រមានបញ្ហាដីធ្លីទេ ទោះបីរាស្រ្តតវ៉ាស្ទើរពេញប្រទេសក៏គាត់អត់ដឹងដែរ គាត់មិនត្រឹមតែខ្វាក់ទេ តែត្រចៀកថ្លង់ទៀត គាត់ដឹងតែខាងព្រូសប៉ុណ្ណោះ
    -ឥឡូវរដ្ឋមន្ត្រីទេសចរណ៍ បែរជាថាអត់ដឹងអ្វីទាំងអស់ ចឹងដឹកនាំប្រទេសធ្វើអី បើអត់ដឹងអ្វីទាំងអស់ចឹង បើខ្វាក់ថ្លង់គង់អាចនិយាយគ្នាបាន តែបើធ្វើខ្វាក់ ថ្លង់ ពិតជាពិបាកនិយាយណាស់ រលាយហើយខ្មែរ

  4. ប្រជាពលរដ្ឋ says:

    រដ្ឋមន្ត្រី ថោង ខុន ជាមនុស្ស អត់ វិញ្ញាណ ឬ បានជាមិនដឹង !