អង្គការ​ផ្នែក​កុមារ​៖ ​កុមារ​កម្ពុជា​គប្បី​ទទួលបាន​ការការពារ​ប្រសើរ​ជាង​ពេលបច្ចុប្បន្ន​​

ដោយ៖​ អុឹង ប៊ុនថន​
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com

​អង្គការ​អន្តរជាតិ​ដែល​ធ្វើកា​រលើ​សិទ្ធិ​កុមារ​ស្នើឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់ចេញ​នូវ​គោលនយោបាយ និង​បទដ្ឋាន​ការពារ​បន្ថែមទៀត​ដើម្បី​អនាគត​កុមារ​កម្ពុជា​ជាង​៥​លាន​នាក់​។

​ការស្នើ​របស់​អង្គការ​ទស្សនៈ​ពិភពលោក អង្គការ​ភ្លែន​អន្តរជាតិ និង​អង្គការ​ជួយសង្គ្រោះ​កុមារ នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​នេះ​គឺ​ស្របពេល​ដែល​ពិភពលោក​ កំពុង​ប្រារព្ធ​ខួប​ទី​២៥​នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ទាំងនោះ បាន​កត់សម្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ​បន្ទាប់​ពី​កម្ពុជា​បាន​ផ្តល់​សច្ចាប័​ន​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ​តាំងពី​ឆ្នាំ​១៩៩២​ ។

​ប៉ុន្តែ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​កន្លង​មក​របស់ ក្រសួង​កិច្ចការនារី និង​អង្គការ​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) បាន​រកឃើញ​ថា​អំពើហិង្សា​លើកុមារ ​បានកើតឡើង​ទូទាំង​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​ជាង​ពាក់កណ្តាល នៃ​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ធ្លាប់​រងគ្រោះ​ដោយសារ​ហិង្សា​លើ​រាងកាយ​ មុន​ពួកគេ​អាយុ​១៨​ឆ្នាំ ​។ អង្គការ​ទាំងនោះនិយាយថា ប្រសិន​ជា​គ្មាន​វិធានការ​ណាមួយ​ក្នុង​ការទប់ស្កាត់​អំពើ​ទាំងនេះ តាម​ការវិភាគ​ទៅ​ថ្ងៃ​អនាគត កុមារ​ដែល​រងគ្រោះ​ដោយសារ​អំពើហិង្សា​ពី​កុមារភាព នឹងធ្លាក់ខ្លួន​ទៅ​ប្រព្រឹត្ត​សកម្មភាព​នានា​ដែល​មាន​គ្រោះថ្នាក់ ឬ​ក្លាយខ្លួនជា​អ្នក​ប្រព្រឹត្តិ​អំពើ​ហិង្សា​បន្ត​ទៅ​ថ្ងៃ​អនាគត​ ។

​លោកស្រី អិ​មម៉ី​លីន ហ្គា​ព្រីល​ ប្រធាន​ផ្នែក​ការពារ​កុមារ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាស៍ថា «តាមរយៈ​បទពិសោធន៍​ការងារ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​កន្លងមក មាន​កត្តា​ការរំលោភ បំពាន​កុមារ​ជាច្រើន​ត្រូវបាន​ដោះស្រាយ​ក្រៅ​ប្រពន្ធ័តុលាការ តាមរយៈ​ការសម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន ជាជាង​ឆ្លងកាត់​តាម​នីតិវិធី​តុលាការ​ ។ កត្តា​នេះ រឹតតែ​ជម្រុញ​ឲ្យ​ជនល្មើស​ដែល​មាន​លុយ អាច​កាត់បន្ថយ​ទោស ខ្លួន​តាមរយៈ​ការ​បង់លុយ ហើយ​រួច​ផុត​ពី​ភាពអយុត្តិធម៌​ផ្សេងៗ​ដែល​កើតមាន​ឡើង​លើ​ជនរងគ្រោះ​ ។ ការដោះស្រាយ​បញ្ហា​តាមរយៈ​វិធីសាស្ត្រ​នេះហើយ ដែល​ធ្វើឲ​បញ្ហា​ផ្សេងៗ​ចេះ​តែ​បន្ត​កើតមាន​ឡើង​លើ​កុមារ​ដូចជា​អំពើ ហិង្សា​លើ​កុមារ ពលកម្ម​កុមារ ការជួញដូរ​មនុស្ស និង​ប្រើប្រាស់​គ្រឿងញៀន​ផ្សេងៗ​» ។​

​លោក រាន​ចាន់ ពួ​យ៉ាល់ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ជួយសង្គ្រោះ​កុមារ​នៅ​កម្ពុជា​មានប្រសាសន៍ថា «តាមរយៈ​ការវិភាគ​ស្ថានភាព​របស់​អង្គការ​មួយ​ចំនួន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ហាក់​ខ្វះខាត​នូវ​យន្តការ​ត្រួតពិនិត្យ ប្រកបដោយ​ប្រសិទ្ធិភាព និង​សមត្ថភាព​ក្នុងការ​ផ្ញើ​ជូន​នូវរបាយការណ៍​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ ទៅដល់គណៈកម្មការអង្គការសហប្រជាជាតិ​ ។ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ត្រូវ​ដើរតួនាទីឲ្យបានសក​ម្ម​ជាង​នេះ ក្នុង​ការសម្របសម្រួល​ក្រុម​ការងារ​រដ្ឋាភិបាល​ថ្នាក់ជាតិ ស្ថាប័ន និង​ក្រសួង​ដែល​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​សម្រេចឲ្យបាន​នូវ​សិទ្ធិ​ដ៏​ពេញលេញ​សម្រាប់​កុមារ​» ។​

​លោក ទី សុ​វណ្ណា​រី អ្នកជំនាញ​ផ្នែក​សិទ្ធិ​កុមារ​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ មានប្រសាសន៍ថា «ស្របពេល​ដែល​ជំនួយ​ឧបត្ថម្ភ​ពី​ខាងក្រៅ អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​នៅពេល​អនាគត ថវិការដ្ឋ​នៅមានកម្រិត និង​មិន​ទាន់​ច្បាស់លាស់​ក្នុង​ផ្នែក​សិទិ្ធ​កុមារ​និ ង​កិច្ច​ការពារ​កុមា​រ ព្រមទាំង​កង្វះ​សមត្ថភាព​ក្នុង​ការសម្របសម្រួល​របស់ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ក្នុង​គោលដៅ​បង្កើន​តួនាទី​យ៉ាង​សកម្ម​ ក្នុងការ​គោលនយោបាយ ឬ​កិច្ចសហការ​នានា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការការពារ​កុមារ គឺជា​ចំណុច​ដែល​គួរ​ពិចារណា​ដើម្បី​ជំរុញ ប្រទេស​កម្ពុជា​បំពេញបាន​នូវ​ការគោរព ការពារ​ និង​អនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ» ៕

សូមសរសេរមកលោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles