​បទ​យក​ការណ៍​៖ កសិករ​សម័យថ្មី​រៀន​បច្ចេកទេស​កសិកម្ម​តាម​កុំព្យួទ័រ​យួរដៃ​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃសុក្រ ទី21 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កសិករកំពុង​ទស្សនា​វីដេអូ ពី​របៀបធ្វើ​កសិកម្មតាម​កុំ​ព្យូទ័រយួរដៃ​ (រូបថត៖ ពៅ មេត្តា)

​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៨០​ភាគរយ​ប្រកប​របរ​កសិក​សកម្ម គឺ​ធ្វើ​កសិកម្ម​តាម​បែប​យថាផល ពិបាក​ក្នុង​ការផលិត​ឲ្យមាន​គុណភាព​ល្អ ដើម្បី​យក​ទៅ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ ។ បច្ចុប្បន្ន​កសិករ​មួយចំនួន​យកចិត្តទុកដាក់​ស្វែងយល់​ពី​វិធីសាស្ត្រ​ថ្មី ដើម្បី​ពង្រើក​គុណភាព​កសិផល ដើម្បី​ឆ្ពោះទៅរក​ការប្រកួតប្រជែង​តម្លៃ​នៅលើ​ទីផ្សារ ។​

​កសិករ​ភាគច្រើន​ពួកគាត់​មិនសូវ​ទទួលបាន​ការអប់រំ​ច្រើន​ទេ ទាំង​ការអប់រំ​ចំណេះដឹង​ទូទៅ និង​ការ​អប់​បែប​ចំណេះ​ជំនាញ​កសិកម្ម ។ កសិករ​ភាគច្រើន​ប្រកប​របរ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​គ្រួសារ ហើយ​នៅ​សេសសល់​ក៏​លក់ដូរ​យក​ជា​ប្រាក់ ។​

​ដើម្បី​ពង្រឹងសមត្ថភាព​របស់​កសិករ​ឲ្យ​អាច​ផលិត​កសិផល​មាន​គុណភាព និង​ទទួលបាន​ផល​ច្រើន​ដើម្បី​អាច​ផ្គត់ផ្គង់​តម្រូវ​ក្នុងស្រុក និង​អាច​យក​ទៅ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ​នោះ ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​ដាក់​ចេញ​គម្រោង​មួយ​ស្តីពី​ការបង្រៀន​កសិករ​ពីរ​បៀ​ប​ធ្វើ​កសិកម្ម​តាម​បច្ចេកទេស ដោយ​សិក្សារ​តាម​បច្ចេកវិទ្យា​ថ្មី ។ គម្រោង​នេះ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ គឺ​មាន​ផ្តល់​កុំព្យូទ័រ​យួរដៃ​ចំនួន​១៩៦ សម្រាប់​ឲ្យ​កសិក​រសិក្សា​រៀនសូត្រ​ពី​របៀប​ធ្វើ​កសិកម្ម ។​

គម្រោង​ថ្មី​នេះ ផ្តល់​កុំព្យួទ័​រយូរ​ដៃ​ឲ្យ​បុគ្គលិក​ផ្សព្វផ្សាយ​ចំនួន​១៩៦​នាក់ នៅក្នុង​ខេត្ត​ចំនួន​៥ ដើម្បី​យក​ទៅ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ពី​របៀប​ធ្វើ​កសិកម្ម ឲ្យ​កសិក​រតាម​ក្រុម​គោលដៅ​មើល ។ ខេត្ត​គោលដៅ​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​កំពុង​អនុវត្ត​គម្រោង​នេះ​មានដូចជា បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង​សៀមរាប ។​

​អ្នកស្រី ព្រំ និច ជា​កសិករ​នៅ​ក្នុង​ខេត្តកំពង់ធំ​ថ្លែង​ក្នុងពេល​ជួបជុំ​ទស្សនា​វីដេអូ​ពី​របៀប​ធ្វើ​កសិកម្ម នៅក្នុង​ក្រុង​ស្ទឹង​សែន​ថា អ្នកស្រី​បាន​មើល​វីដេអូ​នោះ​២​ទៅ​៣​ដង ហើយ​ចាប់​អារម្មណ៍​ពីរ​រៀប​ថ្មី​នៃ​ការ​ធ្វើ​កសិកម្ម ។ អ្នកស្រី​បញ្ជាក់ថា ចំណុច​ចាប់អារម្មណ៍​នោះ​គឺ​ការ​ធ្វើ​ស្រូវ ដោយ​ស្ទូង​មួ​យ​ដើមៗ​គឺ​ចំណាយ​ពូជ​តិច តែ​បាន​ផល​ច្រើន ។ អ្នកស្រី​មានប្រសាសន៍​ថា «ពេល​នេះ​គេ​ដាក់​រង្វើលៗ​តែ​បាន​ផល​ច្រើន​ជាង ហើយ​អត់​ពូ​ជ​តិច​ជាង​»

​អ្នកស្រី ព្រំ និច ថ្លែង​ទៀត​ថា ក្រៅ​ពី​ការ​បច្ចេកទេស​នៃ​ការដាំ​ស្រូវ​នោះ តាមរយៈ​ខ្សែ​វិដេអូក៏​បាន​បង្រៀន​រូ​បគាត់ ចេះ​ពី​របៀប​ដាំ​បន្លែបង្ការ​ផ្សេងៗ​ទៀត​ដែរ ។​

កសិករ​វ័យ​ប្រមាណ​៦០​ឆ្នាំ​ម្នាក់​ទៀត ដែល​កំពុង​មើល​ខ្សែ​វីដេអូ​ដែរ​នោះ​លោក ទេស សាកេ​ន  ថ្លែងថា​លោក​ធ្វើ​កសិកម្ម​ជាង​ពាក់កណ្តាល​ជីវិត​ទៅ​ហើយ គឺ​អនុវត្ត​តាម​ទម្លាប់​តៗ​ពី​ដូនតា​មក ។ លោក​បន្ត​ដោយ​ទឹកមុខ​ញញឹម​ថា បច្ចេកទេស​ថ្មី​នៃ​ការ​ស្ទូងស្រូវ​ដែល​គាត់​ទទួលបាន​ពី​ការមើល​ខ្សែ​វីដេអូ​នេះ គឺ​មាន​ភាពងាយស្រួល​ក្នុង​ថែទាំ​ជាង​ទម្លាប់​បុរាណ ។​ លោក​បន្ថែម​ថា «ងាយ​ស្រួ​ល​ថែ​ជាង​អាយើង​ស្ទូង​ញឹក ងាយ​ដែល​វា​មាន​ប្រលោះ​ជើង​ចំហ ជើង​ជាន់ ដើរ​ចូល​ទៅ​ស្រួល បើ​ស្ទូង​ញឹកយើង​ដើរ​ចូល​អត់​កើត​»​  ។

​ការបង្រៀន​កសិករ​ពី​វិធី​ធ្វើ​កសិកម្ម​របស់​គម្រោង​ធនាគារ​អភិវឌ្ឍន៍អាស៊ី នៅ​ខេត្ត​ទាំង​៥​នេះ គឺ​មាន​បុគ្គលិក​ផ្សព្វផ្សាយ​នៅ​តាម​ឃុំ ចាំ​ពន្យល់​រាល់​ចម្ងល់​ផ្សេងៗ​របស់​ក្រុម​កសិករ​គោលដៅ ។ ក្រៅ​ពី​ការ​សួរ​ពេល​មើល​ខ្សែ​វីដេអូ​ដោយផ្ទាល់ កសិករ​ក៏​អាច​សាកសួរ​ទៅ​បុគ្គលិក​ផ្សព្វផ្សាយ​កសិកម្ម​តាម​ទូរស័ព្ទ​បានដែរ នៅពេល​ដែល​កសិករ​មា​ន​ចម្ងល់​ពេល​អនុវត្ត ការដាំដុះ ឬ ចិញ្ចឹមសត្វ​នេះ ។​

បុគ្គលិក​ផ្សព្វផ្សាយ​ព័ត៌មាន​កសិកម្ម​ប្រចាំ​ឃុំ អាច​កំណត់ពេល​ណាត់​កសិករ​ក្នុង​មួយ​ខែ ឬ​មួយ​សប្តាហ៍​ម្តង ដើម្បី​បង្ហាញ​ខ្សែ​វីដេអូ​ពី​របៀប​ធ្វើ​កសិកម្ម ។ កសិករ​អាច​ជួប​គ្នា​ពី​៤​ទៅ​៥​នាក់​ក្នុង​ពេល​ជួប​គ្នា​មើល​ខ្សែ​វីដេអូ​មួយ​លើកៗ ។​

ខ្សែ​វីដេអូ​បង្ហាញ​ពី​ការ​បច្ចេកទេស​កសិកម្ម​ក្នុង​៤​ខែ​ដំបូង​នេះ មាន​បង្ហាញ​ពី​ការផលិត​ស្រូវ និង​ចិញ្ចឹម​មាន់ រួម​ទាំង​របៀប​ដាំ​បន្លែ​ផ្សេងៗ​ទៀត ។ ខ្សែ​វីដេអូ​ដែល​ចាក់​ឲ្យ​កសិក​រមើល​នោះ​គឺ​ផលិត​ដោយ​ក្រសួង​កសិកម្ម និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ដែល​ធ្វើការ​ទាក់ទង​វិស័យ​កសិកម្ម ។

​មន្ត្រី​កសិកម្ម​ឃុំ​គគី​ធំ ស្រុក​បា​រ៉ា​យ ខេត្ត​កំពង់ធំ លោក ម៉ាន ភារុណ លើកឡើងថា មាន​ភាពងាយស្រួល​ក្នុង​ការបង្រៀន​កសិករ​ពី​របៀប​ធ្វើ​កសិកម្ម តាមរយៈ​ការបង្ហាញ​ជា​ខ្សែ​វីដេអូ ព្រោះ​ថា​កសិករ​ដែល​មិន​ចេះអក្សរ​ក៏​ពួក​គាត់​អាច​រៀនសូត្រ​បានដែរ មិន​ពិបាក​ដូច​អាន​អក្សរ​ក្នុង​សៀវភៅ ឬ​ប័ណ្ណ​ផ្សព្វផ្សាយ​ផ្សេងៗ​នោះទេ ។ លោក​បញ្ជាក់ថា ចាប់តាំងពី​ការបង្ហាញ​វីដេអូ​កសិករ​មើល​មក គឺ​ការអនុវត្ត​របស់​កសិក​រ​មាន​ភាព​ផ្លាស់ប្តូរ ។ លោក​មានប្រសាសន៍ថា «ធ្វើ​ស្រូវអ៊ីចឹង បើ​បច្ចេកទេស​ធ្វើ​ស្រូវ​ឲ្យគាត់ ពេល​ដែល​គាត់​[ចញ្ចឹម]មាន់ បើកបច្ចេកទេសមាន់​​ឲ្យ​គាត់​មើល ដល់​ពេលអ៊ីចឹង​គាត់​អាចដឹងថា អូហ៍ របៀបចិញ្ចឹម​មាន់​ធ្វើ​ទ្រុងវាដូចម៉េច ពេល​ពន្លែងវាដូចម្ត៉េច ខុសគ្នា​អ៊ីចឹង​»

មន្ត្រី​កសិកម្ម​នៅ​ឃុំ​ម្សាក្រង នៅ​ស្រុក​ស្ទោង កញ្ញា ស៊ឹម សារឿ​ន ថ្លែង​ថា​ការបង្ហាញ​តាម​ខ្សែ​វីដេអូ​ដល់​កសិករ មិន​ពិបាក​បង្រៀន​ទេ គឺ​អ្នក​ដែល​ចេះអក្សរ​អាច​កត់ត្រា​បន្ថែ​ម ចំណែក​អ្នក​មិន​ចេះអក្សរ​អាច​មើល ហើយ​ចំណាំទុក​យកទៅ​អនុវត្ត​ផ្ទាល់ ។ កញ្ញា​បន្តថា នៅក្នុង​ឃុំ​ម្សាក្រង កសិករ​ភាគច្រើន​ចាប់អារម្មណ៍​លើ​ការ​ចិញ្ចឹម​មាន់ ។​ កញ្ញាថា «ឧបមាថា ទ្រុង​មាន់អ៊ីចឹង ធ្វើ​វាគ្រាន់​បើ​ជាង​។ ឧ​ទាហរណ៍​ថា គាត់​ជា​គ្រួសារ​ក្រី​ក្រអ៊ីចឹង គាត់​អត់​សូវ​មាន​លទ្ធភាព​ទេ អ៊ីចឹង​គាត់​អាច​យក​ធាង​ត្នោត​មក​ធ្វើ​ទ្រុងមាន់ ប៉ុន្តែ​ក៏​ដូច​គ្នា»

អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក គិត សេង លើកឡើង​ក្នុង​របប​ទីផ្សារសេរី ឈ្មួញ​ជា​អ្នក​កំណត់​តម្លៃ​កសិផល ហើយ​រដ្ឋាភិបាល​មិន​អាច​លូកដៃ​ចូល​បានទេ ។ តែ​លោក​បញ្ជាក់ថា ដើម្បី​ជួយ​ដល់​កសិករ​គឺ​រដ្ឋាភិបាល កំពុង​ពង្រឹង​សមត្ថភាព​កសិក​រ និង​ពង្រីក​ឲ្យមាន​ទីផ្សារ​ច្រើន ឲ្យមាន​ការប្រកួតប្រជែ​ង​ទិញ​កសិផល​មានតម្លៃ​ខ្ពស់ ។ លោក​ថា «យើង​មាន​​ភាព Access(ដំណើរការ) ទៅ​កាន់​ទី​ផ្សារច្រើន មិន​អាច​ថា​ទី​ផ្សារ​ដែល​វៀត​ណាម ទី​ផ្សារ​ដែល​ខាង​ថៃ ព្រំដែន គឺ​យើង​គិត​ទី​ផ្សារ​អន្តរជាតិ ទីផ្សារ​អឺរ៉ុប ទីផ្សារអាមេរិក ​ទីផ្សារហុង​កុង ទីផ្សារ​ចិន​ ​ព្រោះ​ចិន​ជា​មហា​ប្រទេសធំដែល​ទំនិញ​ត្រូវ​ការ​ច្រើន​ដែរ រក​វិធី​សាស្ត្រគ្រប់​បែ​ប​យ៉ាង​ឲ្យ​អង្ករ​ និង​ទំនិញ​របស់​យើង​គ្រប់​មុខ​ទាំងអស់ ចូល​ទៅ​ទីផ្សារចិនបាន​​»

ចំណូល​ពី​វិស័យ​កសិកម្ម​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ស្មើនឹង ២៩% នៃ​ប្រាក់​ចំណូល​ទទួលបាន​ពី​ការនាំចេញ​សរុប ។ បច្ចុប្បន្ន​បញ្ហា​ប្រឈម​របស់​កសិករ​ក្រៅពី​មិន​មាន​ចំណេះដឹង​បច្ចេកទេស​កសិកម្ម ខ្វះ​ដី​បង្ករ​បង្កើន​ផល ខ្វះ​ប្រព័ន្ធធារាសាស្ត្រ កសិផល​ផលិត​បាន​មិន​មាន​ទីផ្សារ ឬ​លក់​បាន​ក្នុង​តម្លៃ​ថោក​មិន​សម​នឹង​ការចំណាយ​របស់​កសិក​រ ឬ​ត្រូវ​ឈ្មួញកណ្តាល​កំណត់​ថ្លៃ​តាម​នឹង​ចិត្ត​ជា​ដើម ។ កត្តា​ទាំង​នេះ​នាំ​ឲ្យ​កម្ពុជា​ជា​ប្រទេស​កសិកម្ម តែ​កសិករ​ក្លាយ​ជា​អ្នកក្រីក្រ​រហូត ដល់​អ្នក​ខ្លះ​ខ្វះ​អង្ករ​បរិភោគ​៕

​សូម​សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles