ដោយ រដ្ឋា វិសាល
2014-11-20
RFA

ផែនទីខេត្តស្ទឹងត្រែង (Photo: RFA)
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ភូ ម៉ាឌី (Phou Mady Investment Group) ថាគំរាមឲ្យអ្នកភូមិរុះរើលំនៅឋានចេញពីកន្លែងពួកគាត់កំពុងរស់នៅ។ ផ្ទុយទៅវិញ មន្ត្រីមូលដ្ឋានអះអាងថា ប្រជាពលរដ្ឋអ្នកតវ៉ា គឺមកសង់ផ្ទះស្នាក់នៅកន្លែងនោះ ក្រោយពេលរដ្ឋបានប្រគល់ដីនោះឲ្យក្រុមហ៊ុនជាសម្បទានសេដ្ឋកិច្ច។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានកំណត់ពេលពីរខែ ឲ្យប្រជាពលរដ្ឋរុះរើលំនៅឋានចាកចេញពីកន្លែងនោះ ជាថ្នូរទទួលប្រាក់ឧបត្ថម្ភ ១០០ដុល្លារក្នុងមួយគ្រួសារ។
អ្នកតវ៉ាមួយរូបឈ្មោះ រឿន ចាន់ធឿន នៅថ្ងៃទី២០ ខែវិច្ឆិកា រៀបរាប់ថា ពួកគាត់គ្មានជម្រើសចាកចេញពីកន្លែងបានតាំងទីលំនៅនេះទេ ពីព្រោះពួកគាត់ចាកចេញពីខេត្តកំពត មកធ្វើកម្មករនៅតំបន់នោះ ដោយសារតែមានជីវភាពក្រីក្រ។ ហេតុនេះ ការបណ្ដេញពួកគាត់ គឺជាការធ្វើឲ្យជីវិតរស់នៅរបស់ពួកគាត់ប្រឈមទៅនឹងខ្វះទីជម្រក៖ «គេឲ្យរុះរើផ្ទះហ្នឹងចេញ បើអត់រុះទេប្រយ័ត្នគេដឹកគ្រឿងចក្រមក គេឈូសឆាយចោល។ មួយគ្រួសារអត់មានដីធំទេ ដប់ម៉ែត្រម្ភៃម៉ែត្រ សាមសិបម៉ែត្រទេ ឲ្យ ១០០ ឲ្យខ្ញុំទៅនៅកន្លែងណា»។
ក្រុមហ៊ុន ភូ ម៉ាឌី ទទួលបានដីជិត ១ម៉ឺនហិកតារនៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីវិនិយោគដំណាំកៅស៊ូកាលពីឆ្នាំ២០០៦។
តំណាងក្រុមហ៊ុនសុំមិនបញ្ចេញឈ្មោះ បដិសេធថា ក្រុមហ៊ុនមិនបានគំរាមបណ្ដេញប្រជាពលរដ្ឋនោះទេ គឺគណៈកម្មការចម្រុះខេត្ត មានមន្ត្រីឃុំ ស្រុក មន្ត្រីជំនាញព្រៃឈើ បានចុះពិនិត្យស្រាវជ្រាវជាក់ស្តែងពីប្រវត្តិកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅតំបន់នោះ គឺពលរដ្ឋជាង ៤០គ្រួសារ បានចូលតាំងទីលំនៅលើដីសម្បទានសេដ្ឋកិច្ចកាលពីឆ្នាំ២០១២។ លោកកត់សម្គាល់ថា ប្រជាពលរដ្ឋទាំងនោះចំណាកស្រុកមកធ្វើជាកម្មករក្រុមហ៊ុនចិន នៅក្បែរនោះ។ បន្ទាប់មក ពួកគាត់បានមកសង់រោងស្នាក់នៅលើដីក្រុមហ៊ុន ភូ ម៉ាឌី ជាបណ្ដោះអាសន្ន ហើយទាមទាររស់នៅលើដីនោះបន្តទៀត។
របាយការណ៍របស់អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា ប្រជាពលរដ្ឋពាក់ព័ន្ធរស់នៅលើដីសម្បទានក្រុមហ៊ុនមាន ៥០គ្រួសារ ក្នុងនោះ ៦គ្រួសារ រស់នៅលើដីនោះមុនក្រុមហ៊ុនទទួលបានដីសម្បទាន។
បំភ្លឺជុំវិញទំនាស់រវាងពលរដ្ឋ និងក្រុមហ៊ុន មេឃុំស្រែគរ លោក សៀក មេគង្គ ទទួលស្គាល់ថា ប្រជាពលរដ្ឋ ៦គ្រួសារ ពិតជាបានរស់នៅលើដីនោះមុនក្រុមហ៊ុន។ ករណីនេះ ក្រុមហ៊ុនបានទទួលស្គាល់ និងកាត់ដីនោះជូនពលរដ្ឋ។ លោកកត់សម្គាល់ថា ដីនៅតំបន់នោះត្រូវជនខិលខូចលួចកាប់រាន ហើយលក់ដីទៅឲ្យពលរដ្ឋចំណាកស្រុក ទើបធ្វើឲ្យប៉ះពាល់ដល់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន៖ «មាន ១៥គ្រួសារដែលមិនព្រមទទួលសំណងនៅប្រទង់ប្រទាញហ្នឹង ខ្ញុំគឺថាប្រឈមនឹងផ្លូវច្បាប់ហើយ។ ខ្ញុំរាល់ថ្ងៃកំពុងតែណែនាំគាត់ ឯកសារនៅលើដៃខ្ញុំនេះ»។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល អះអាងដែរថា លោកបានចុះអង្កេតករណីនេះ បន្ទាប់ពីអ្នកភូមិបានប្ដឹងមកសមាគមលោក។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនពិតជាបានមកតាំងទីលំនៅលើដីក្រុមហ៊ុន ដែលឋិតនៅជាប់នឹងអតីតផ្លូវជាតិលេខ៧៨អា ក៏ប៉ុន្តែពួកគេជាជនក្រីក្រគ្មានដីរស់នៅ។ ករណីនេះ លោកសំណូមពរឲ្យអាជ្ញាធរ សិក្សារកដីសម្បទានសង្គមកិច្ចជូនពលរដ្ឋទាំងនោះ ប្រសើរជាងបណ្ដេញពួកគាត់ចេញពីកន្លែងធ្លាប់រស់នៅ៖ «អ្នកនៅមុន ហើយក្រុមហ៊ុនឲ្យក៏ជាការល្អមួយសម្រាប់ប្រជាពលរដ្ឋហ្នឹង ដែលបានផ្តល់យុត្តិធម៌ដល់គាត់។ ដោយឡែកអ្នកមិនទាន់កាត់ឲ្យហ្នឹង ស៊ើបអង្កេតមើលទៅ បើសិនគាត់អត់មានដីពិតប្រាកដជាក់ស្តែង យើងគួរផ្តល់ឲ្យគាត់។ ប្រសាសន៍សម្ដេច ហ៊ុន សែន ក៏គាត់ធ្លាប់បាននិយាយដែរ បើដីនៅទំនេរហើយ ឲ្យគាត់នៅទៅ»។
ទោះជាយ៉ាងនេះក្តី មេឃុំស្រែគរ លោក សៀក មេគង្គ ឲ្យដឹងថា ក្រៅពីប្រជាពលរដ្ឋ ៦គ្រួសារ ដែលក្រុមហ៊ុនទទួលស្គាល់ និងកាត់ដីលំនៅឋានពួកគាត់ចេញពីដីសម្បទាន គឺមានប្រជាពលរដ្ឋ ២៩គ្រួសារ យល់ព្រមទទួលប្រាក់ឧបត្ថម្ភ ហើយចាកចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋាភិបាលប្រជុំពិភាក្សាសើរើដីសម្បទានសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ
- ពលរដ្ឋនៅក្រចេះចោទអនុប្រធានភូមិថាគំរាមបណ្ដេញពលរដ្ឋចេញពីភូមិ
- ជនជាតិព្នងនៅមណ្ឌលគិរីតាំងលំនៅថ្មីលើដីដែលរដ្ឋដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនLKL
- ពលរដ្ឋមានជម្លោះដីធ្លីនៅពោធិ៍សាត់ស្វែងរកអន្តរាគមន៍ពីសមាគមអាដហុក
- តុលាការសម្រេចឃុំខ្លួនឪពុកនិងកូនស្រីក្នុងសំណុំរឿងជម្លោះដីធ្លីនៅបឹងកក់១
- ពលរដ្ឋនៅកោះរ៉ុងចោទក្រុមហ៊ុនថតកុនបេស្តខេមថាឈូសឆាយរំលោភដីចម្ការ
- ពលរដ្ឋនៅក្រុងប៉ោយប៉ែតនាំគ្នាតវ៉ាឲ្យអាជ្ញាធរបើកទំនប់បង្ហូរទឹកចេញពីស្រែ
- ពលរដ្ឋនៅកំពង់ឆ្នាំងស្នើអាជ្ញាធរដកហូតដីព្រៃលិចទឹកដែលអ្នកភូមិកាប់ទន្ទ្រាន
- ទាហានខេត្តឧត្ដរមានជ័យរងការចោទប្រកាន់ថារំលោភយកដីប្រជាពលរដ្ឋនិងបិទផ្លូវចេញចូល