​ពលរដ្ឋ​ស្រុក​ជីក្រែង​ខេត្តសៀមរាប ព្រមាន​ធ្វើបាតុកម្ម​នៅ​ខាង​មុខ​តុលាការ​​

ដោយ៖​ បូ សា​វី
ថ្ងៃសុក្រ ទី21 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

អាជ្ញាធរ ចុះ​មក​ដោះស្រាយ​បញ្ហា​ដី​ធ្លីឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុកជីក្រែង នា​ពេល​កន្លងមក (រូបថត៖ បូ​ សាវី)

​ប្រជាពលរដ្ឋ​៨២​គ្រួសារ នៅ​ស្រុក​ជី​ក្រែង ខេត្ដ​សៀមរាប គ្រោង​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​តុលាការ​ខេត្ដ​នេះ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ផ្ដល់​យុត្ដិធម៌​ដល់​ពួកគេ ខណៈ​ចៅក្រម​កោះហៅ​ពួកគេ​ឲ្យចូល​បំភ្លឺ និង​បង្ហាញ​ហេតុផល ។​

តំណាង​ពលរដ្ឋ និង​ជា​មេភូមិ​ល្វា ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង លោក យង់ ហ៊ាន ប្រាប់ VOD នៅ​ព្រឹក​ព្រហស្បតិ៍​ម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ដ​សៀមរាប លោក អឿង វណ្ណា បាន​ចេញ​ដីកា​កោះហៅ​ពួកគាត់​បីនាក់ ដើម្បីឲ្យ​ចូល​បំភ្លឺ និង​ទាញហេតុផល​ដោយ​ផ្ទាល់មាត់ នៅ​តុលាការ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៤ ខាងមុខនេះ ។ លោក​ថា​ការកោះហៅ​នេះ ធ្វើឡើង​ក្រោយពេល​ពួកគេ ៨២​គ្រួសារ ប្ដឹង​រក្សា​ការពារ​ដី​ទំហំ​៣០៥​ហិកតា នៅ​ស្រុក​ជី​ក្រែង ដែល​ចៅក្រម​រូបនោះ ដកហូត​ប្រគល់​ឲ្យ​ពលរដ្ឋ​៥​នាក់​នៅ​ស្រុក​ប្រាសាទបាគង ទាំង​អ​យុត្ដិធម៌ ។ លោក​បន្ដថា លោក​នឹង​ដឹកនាំ​ពលរដ្ឋ ទៅ​តវ៉ា​នៅខាងមុខ​តុលាការ​ខេត្ត​សៀមរាប បើសិន​ច្រៅ​ក្រម​មិន​ផ្ដល់​យុត្ដិធម៌​ដល់​ពួកគាត់​។ លោក​ថា «​ទី​១ កាត់​ឲ្យ​ខ្ញុំ លើក​ទី​២ កាត់​ឲ្យ​ខ្ញុំ ដល់​លើក​ទី​៣ អឿង វណ្ណា នេះ គេ​មក​កាត់​[​ក្តី​]​បំបិទ​មុខ គេ​កាត់​តែ​ខ្លួន​គេ អី​តែ​ខ្លួនគេ ឲ្យ​៥​នាក់​នោះ​ឯង​។ ភាគី​ម្ខាង​ទៀត​អត់​ដឹង​ទេ ហៅ​ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃទី​២៦​។ ខ្ញុំ​យក​ប្រជាជន​ភាគច្រើន​ទៅ គ្រប់​មនុស្ស​ទៅ​កាន់​តុលាការ​»

​តំណាង​ពលរដ្ឋ​មួយ​រូប​ទៀត នៅ​ភូមិ​ល្វា លោក មាន ចេង ឲ្យដឹងថា ពលរដ្ឋ​៥​នាក់​នៅ​ស្រុក​ប្រាសាទបាគង បាន​រារាំង​ពួកគាត់​មិន​ឲ្យ​បង្កបង្កើនផល​លើដី​៣០៥​ហិកតា ។ លោក​បន្ដថា នៅ​ខែ​សីហា ឆ្នាំ​២០១៤ អនុប្រធាន​សាលាដំបូង​ខេត្ដ​សៀមរាប លោក ឌុ​ច សុខ​សារិន បានចេញ​ដីកា​សម្រេច​ការពារ​ឲ្យ​ពួកគេ ប៉ុន្ដែ​នៅ​ខែតុលា​ចៅក្រម លោក អឿង វណ្ណា បែរ​ជា​ចេញ​ដី​ការពារ​ឲ្យ​ពលរដ្ឋ​៥​នាក់​ទៅ​វិញ ទើប​ពួកគេ​ដាក់​ពាក្យបណ្ដឹង​ការពារ​ឡើងវិញ ​។

ករណីនេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​សៀមរាប លោក អឿង វណ្ណា មានប្រសាសន៍ថា ការកោះហៅ​ពលរដ្ឋ​នេះ ដើម្បី​ឲ្យ​ពួកគេ​បង្ហាញឯកសារ និង​ទាញ​យក​ហេតុផល​ដោយផ្ទាល់ បន្ទាប់ពី​ពួកគាត់​ដាក់ពាក្យ​ប្ដឹង​តវ៉ា​រក្សា​ការពារ កាលពី​២៧ ខែ​តុលា​កន្លងមក ក្រោយពេល​ដែល​លោក​ចេញ​ដីកា​សម្រេច​ការពារ​ដី​៣០៥​ហិកតា ប្រគល់​ឲ្យ​ពលរដ្ឋ​៥​នាក់​នៅ​ស្រុក​ប្រាសាទបាគង ។ លោក​មានប្រសាសន៍ថា «​ព្រោះ​កាលណា​តុលាការ​ចេញ​ដីកា សម្រេច​រក្សា​ការពារ [​បើ​គាត់​]​ចង់​ប្តឹង​តវ៉ា នឹង​ដីកា​ហ្នឹង គាត់​ត្រូវ​មក​ដាក់​ពាក្យ អ៊ីចឹង​យើង​ត្រូវ​គាត់​មក ដូច​មាន​ន័យ​ថា មក​ឃើញ​ហេតុផល​ដោយ​ផ្ទាល់មាត់​» ។​

អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្ដ​សៀមរាប លោក ច័ន្ទ ចំរើន  មានប្រសាសន៍ថា លោក​កំពុង​សិក្សា​លើ​សំណុំរឿង​នេះ ដើម្បី​ចុះ​ធ្វើការ​ស៊ើបអង្កេត​។ លោក​ថា «​យើង​សិក្សា​សំណុំរឿង ហើយ​ចុះ​ទៅ​បាន​យើង​ដឹង​ថា តើ​រឿង​ហ្នឹង​វា​យ៉ាងម៉េចៗ​» ។​

បើ​តាម​ពលរដ្ឋ​ឲ្យដឹងថា នៅ​ដើម​ខែ​មេសា ឆ្នាំ​២០១២ ដី​ពួកគាត់​៣០៥​ហិកតា​នោះ ត្រូវបាន​តំណាងរាស្ដ្រ​ខេត្ដ​សៀមរាប លោក សៀង ណាំ ប្រកាស​ប្រគល់ឲ្យ​ប្រជាពលរដ្ឋ​៨២​គ្រួសារ​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ប្រគល់​ឲ្យ​រួច​មក ទំនាស់​ចាប់ផ្ដើម​កើតឡើង ។ ពលរដ្ឋ​បញ្ជាក់ថា នៅ​ខែ​សីហា ឆ្នាំ​២០១៤​នេះ អនុប្រធាន​តុលាការ​ខេត្ដ​នេះ បានចេញ​ដី​ការសម្រេច​ការពារ និង​រឹបអូស​ពី​ពលរដ្ឋ​៥​នាក់​នៅ​ស្រុក​ប្រាសាទបាគង​នោះ ដោយ​រក្សា​ទុក​នៅ​ស្ថានភាព​ដើម​នៃ​អចលនវត្ថុ​។ ប៉ុន្ដែ​នៅ​ថ្ងៃទី​២១ ខែតុលា​ឆ្នាំ​២០១៤ ចៅក្រម​សាលាដំបូង​ខេត្ដ​សៀមរាប លោក អឿង វណ្ណា បាន​ចេញ​ដីកា​សម្រេច​បគល់​ឲ្យ​ពលរដ្ឋ​ទាំង​៥​នាក់​នោះ ឲ្យ​បង្កបង្កើន​ផល​វិញ ៕

សូម​សរសេរ​មក​លោក បូ សា​វី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles