រដ្ឋសភា​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ធ្វើ​ប្រព័ន្ធ​លូ​និង​ដាក់​ម៉ាស៊ីន​បូម​ទឹក​នៅ​តំបន់​ជន់​លិច

ជំនន់​ទឹក​ភ្លៀង​មួយ​មេ​ធំ​កាល​ពី​ខែ​មុន​ជន់​លិច​ផ្ទះ​អ្នក​កណ្តាល​ក្រុង​បាច​ទឹក​សឹង​គ្រប់​គ្នា។

ជំនន់​ទឹក​ភ្លៀង​មួយ​មេ​ធំ​កាល​ពី​ខែ​មុន​ជន់​លិច​ផ្ទះ​អ្នក​កណ្តាល​ក្រុង​បាច​ទឹក​សឹង​គ្រប់​គ្នា។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ រដ្ឋសភា​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ឬ​ដាក់​ម៉ាស៊ីន​បូម​ទឹក​ជា​ប្រចាំ ដើម្បី​បញ្ចៀស​ភាព​លិច​លង់​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ដែល​ប្រឈម​នឹង​ការ​លិច​លង់​ខ្លាំង ជា​ពិសេស​នៅ​តំបន់​បឹងកក់។

តាម​សំណើរ​របស់​លោក យឹម សុវណ្ណ និង លោក ហូរ វ៉ាន់ អ្នក​តំណាង​រាស្រ្ត មណ្ឌល​ភ្នំពេញ កាល​ពី​ថ្ងៃ ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ និង​ចំណារ​របស់​ប្រធាន​រដ្ឋសភា​ជាតិ លោក ហេង សំរិន ចុះ​ថ្ងៃ ទី១៨ ខែ​វិច្ឆិកា កន្លង​ទៅ​ថ្មីៗ​នេះ បាន​ស្នើ​ឲ្យ​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​ដើម្បី​ធ្វើ​លូ​បង្ហូរ​ទឹក បញ្ចៀស​ការ​លិច​ទឹក​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​និង​ដើម្បី​ដោះ​ស្រាយ​ទុក្ខ​លំបាក​ពួក​គាត់។

លិខិត​នោះ ក៏​បាន​សម្ដែង​ពី​ក្ដី​ព្រួយ​កង្វល់​អំពី​សុខុមាល​ភាព​និង​សុវត្ថិភាព​នៃ​ការ​ស់​នៅ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​ផង​ដែរ​ថា៖ «នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ ទឹក​បាន​លិច​ចូល​ទៅ​ក្នុង​ផ្ទះ សំរាម​និង​លាមក​បាន​អណ្តែត​ពាស​ពេញ ព្រម​ទាំង​មាន​សត្វ​ពស់ ក្អែប ខ្ទួយ វារ​ចូល​ក្នុង​ផ្ទះ​របស់​ពួក​គាត់…​ពេល​ខ្លះ​ក៏​បាន​បង្ក​ឲ្យ​មាន​ការ​ឆ្លង​ចរន្ត​អគ្គិសនី ដែល​អាច​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់ [ទឹក​លិច] នេះ​ផង​ដែរ»។

នៅ​ក្នុង​បទ​សម្ភាស​ដាច់​ដោយ​ឡែក​មួយ​កាលពី​ម្សិល​មិញ លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា ជា​កាតព្វកិច្ច អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាំ​បាច់​ត្រូវ​តែ​ចុះ​ពិនិត្យ​និង​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​នេះ​ជូន​ប្រជា​ពលរដ្ឋ ដោយ​ការ​ជីក​កាយ​រៀបចំ​បណ្ដាញ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ឬ​ដាក់​ម៉ាស៊ីន​បូម​ទឹក​នៅ​កន្លែង​ដែល​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ សម្រាប់​បូម​រំដោះ​ទឹក​ចេញ​ការពារ​ទឹក​លិច​ផ្ទះ​និង​ផ្លូវ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។

លោក​បាន​បន្ត​ថា នៅ​តំបន់ ភូមិ​ខ្វា និង ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ប្រជា​ពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​សភាព​លិច​ទឹក​នៅ​ឡើយ។ ចំណែក​នៅ​តំបន់​បឹងកក់ ដែល​ស្ថិត​ចំ កណ្ដាល​នៃ​បេះដូង​រាជធានី​ភ្នំពេញ​វិញ នៅ​ពេល​ដែល​មាន​ភ្លៀង​ធំ​ម្ដងៗ ទឹក​លិច​ចូល​ទៅ​ដល់​ក្នុង​ផ្ទះ​ប្រជា​ពលរដ្ឋ ធ្វើ​ឲ្យ​ស្ទះ​បង្គន់​អនាម័យ ដែល​ចាំ​បាច់​ត្រូវ​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ប្រកប​ដោយ​ស្តង់ដារ​បច្ចេក​ទេស​ឲ្យ​បាន​ត្រឹម​ត្រូវ​ជូន​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នេះ។

លោក​ថ្លែង​ទៀត​ថា៖ «ឥឡូវ​នេះ​ក្រសួង​ធនធាន​ទឹក​ក៏​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា នៅ​ចន្លោះ​ថៃ្ង ទី២៤​-៣០ ខែ​វិច្ឆិកា ខាង​មុខ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​ក្នុង​ទូទាំង​ប្រទេស ដូច្នេះ​បើ​មិន​ត្រៀម​រៀបចំ​កាយ​ប្រឡាយ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ឬ​ដាក់​ម៉ាស៊ីន​បូម​ទឹក ចាំ​បូម​រំដោះ​ទឹក​ចេញ​ទេ​នោះ តំបន់​ខាង​លើ​ទាំង​អម្បាល​ម៉ាន​នេះ នឹង​ប្រឈម​ការ​លិច​លង់​ជា​ថ្មី និង​កាន់​តែ​ខ្លាំង​ថែម​ទៀត»។

ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ​ទទួល​បាន​លិខិត​របស់​រដ្ឋសភា​នេះ​ហើយ និង​កំពុង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​ការ​សិក្សា​ដើម្បី​រៀបចំ​ប្រព័ន្ធ​មេ​សម្រាប់​តភ្ជាប់​បណ្ដាញ​លូ​បង្ហូរ​ទឹក​នៅ​ក្នុង​តំបន់​ទាំង​នោះ។

គួរ​បញ្ជាក់​ថា ដោយ​សារ​ការ​តវ៉ា​ឲ្យ​មាន​ការ​រៀបចំ​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ស្ត្រី​បឹងកក់ ៧ នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ ទី១០ ខែ​វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ការ​រាំង​ស្ទះ​ចរាចរណ៍​សាធារណៈ​និង​ត្រូវ​តុលាកា​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល ១​ឆ្នាំ និង​ពិន័យ​ប្រាក់ ២ លាន​រៀល​ក្នុង​ម្នាក់ៗ៕


What Next?

Recent Articles

One Response to "រដ្ឋសភា​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ធ្វើ​ប្រព័ន្ធ​លូ​និង​ដាក់​ម៉ាស៊ីន​បូម​ទឹក​នៅ​តំបន់​ជន់​លិច"

  1. Samrong tong says:

    ក្រុងភ្នំពេញលិចទឺក ពេលភ្លៀងធំម្ដងៗ មិនមែនជារឿងថ្មីទេ សម័យសង្គមរាស្រ្ដនិយម ក៏លិចដែរ?
    ក្រុងភ្នំពេញមានមនុស្សរស់នៅឡើងពី ១ ជា ១០ រីឯសំណង់ថ្មី ពី១ ជា ៥០ ចំណែកប្រព័ន្ធលូ ចាស់គំរិលដដែល
    រូចមកគេថែមទាំងលុប បឹងបួថែមទៀត។ លទ្ធផល ឃើញនឹងភ្នែកគ្រប់គ្នា។
    ល្មមបញ្ឈប់នយោបាយ ល្អតែមុខ ក្ដិតសុទ្ទតែអាចម៍ ហើយ។ រីល្បិចរមួលផ្សំគ្រេច បន្លំធ្វើចេះក៏ល្មមចប់ដែរ ជាង៣០ឆ្នាំហើយ គួរភ្ញាក់ខ្លួន ដោយខ្លួនឯង កុំចាំបាច់គេធាក់។