ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
មាស សុខសោភា នាពេលកន្លងមក (រូបភាព៖ វង្ស សុម៉ាលីន)
ស្ងាត់ពីការតាមដានរឿងរ៉ាវឯកជនតែមួយរយៈប៉ុណ្ណោះ តារាចម្រៀង មាស សុខសោភា បានក្លាយជាថៅកែជ្រូកយ៉ាងព្រងើយ ដោយប៊ិះនឹងមិនធ្វើឲ្យមានការចាប់អារម្មណ៍ពីជំនួញក្រៅឆាករបស់នាង។ បច្ចុប្បន្ន ជំនួញរបស់នាងត្រូវបានគេអះអាងថា មានទ្រង់ទ្រាយធំដុំ មិនចាញ់អ្នកផ្ដត់ផ្គង់ជ្រូកធំមួយចំនួនប៉ុន្មានទេ ។
ប្រភពពីអ្នករស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ នៅតំបន់ភ្នំតូច ក្នុងខេត្តកំពង់ស្ពឺបានឲ្យVODដឹងក្នុងពិធីមង្គលការតារាចម្រៀងនាងឈួន ស្រីម៉ៅ ថា មាស សុខសោភា បានបើកកសិដ្ឋានចិញ្ចឹមជ្រូកក្នុងទ្រង់ទ្រាយកាន់តែធំ ក្នុងអំឡុងចុងឆ្នាំ២០១៤នេះ ។ ការពិតជំនួញរបស់នាង បានបើកច្រើនឆ្នាំមកហើយ ដោយគ្រាន់តែច្រើនឆ្នាំមកនេះ នាងដំណើរការត្រឹមទ្រង់ទ្រាយតូចបែបសាកល្បង ។ ប៉ុន្តែ ក្នុងពេលមនុស្សភាគច្រើនភ្លេចធ្វើការតាមដាន ស្រាប់តែនាងបោះទុនចំណាយដល់រាប់ម៉ឺនដុល្លារដំឡើងការចិញ្ចឹម រហូតធ្វើឲ្យអ្នកស្រុកនោះផ្ដល់រហស្សនាមថា «ថៅកែជ្រូក»យ៉ាងព្រងើយ។ នៅក្នុងកសិដ្ឋានរបស់នាងទើបតែបានដំឡើងជាទ្រុងជ្រូកធំ២ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយប៉ុណ្ណោះ ដោយក្នុងទ្រុងទាំងពីរអាចផ្ទុកមេជ្រូក និងកូនជ្រូកកាប់សាច់បានជាង៧០០ក្បាល ។
Title
ប្រភពឲ្យដឹងទៀតថា ទ្រុងជ្រូករបស់នាង មានការចំណាយមិនក្រោម៦ម៉ឺនដុល្លារនោះទេ ដោយមិនទាន់រាប់បញ្ចូលថ្លៃទិញដីទំហំជិតមួយហិកតា និងថ្លៃសាងសង់ទ្រុងជ្រូក ជីកស្រះ និងសង់ផ្ទះលំហែកាយដែលនាងបានសាងសង់ ទុកគ្រាន់សម្រាកលេងរាល់ពេលចុះទៅត្រួតការនោះផង ។ ប្រភពដដែលបានបញ្ជាក់ថា «អាភាមានបើកចិញ្ចឹមជ្រូកហ្នឹងយូរហើយ ប៉ុន្តែកាលមុនចិញ្ចឹមតិចៗទេ! ដល់ឥឡូវទៅមើលបានដឹងអូន គឺសង់រោងធំណាស់ ហើយបើដាក់ជ្រូកដល់១ពាន់ក្បាលក៏មិនពេញដែរ»។
បច្ចុប្បន្ន នាងចាត់ចែងម្ដាយ និងប្អូនប្រុសពៅម្នាក់ ឲ្យនៅប្រចាំការមើលខុសត្រូវកសិដ្ឋាន ដោយនាង និងស្វាមី ចុះទៅមើលខុសត្រូវគឺទាល់តែដល់ពេលចាប់លក់ ឬទំនេរពីការងារសិល្បៈ ។ ក្រៅពីបានចំណាយលើថ្លៃជីកស្រះ ធ្វើទ្រុងជ្រូកតាមស្ដង់ដារ នាងក៏បានចំណាយប្រាក់ទិញដីពង្រីក តាំងពីខ្នាតតូចកាលពីប៉ុន្មានឆ្នាំមុន ដល់ជិតមួយហិកតានាពេលចុងក្រោយផងដែរ ។ មានការអះអាងថា គម្រោងអាជីវកម្មរបស់នាងចំណាយមិនក្រោម១០ម៉ឺនដុល្លារនោះទេ បើរាប់ទាំងថ្លៃសាងសង់ និងការចំណាយទិញដី។

មាស សុខសោភា និងឈួន ស្រីម៉ៅ (រូបភាព៖ វង្ស សុម៉ាលីន)
មាស សុខសោភា មិនអាចសុំការបញ្ជាក់ពាក់ព័ន្ធនឹងការពង្រីកអាជីវកម្មរហូតជាប់ឈ្មោះជាថៅកែជ្រូកបានទេ។ យ៉ាងណាក៏ដោយ កន្លងមកតារាចម្រៀងរូបនេះ ធ្លាប់បានទទួលស្គាល់រួចហើយ ថាខ្លួនពិតជាបើកចិញ្ចឹមជ្រូកមែន ប៉ុន្តែស្ថិតក្នុងទ្រង់ទ្រាយតិចតួចនោះទេ ។ អ្នកនាង ឈួន សុវណ្ណឆៃ ដែលជាអ្នកណែនាំឲ្យទិញដីនៅក្បែរកសិដ្ឋានជ្រូករបស់ខ្លួន បានអះអាងដូចគ្នាថា កសិដ្ឋានជ្រូករបស់មាស សុខសោភា ពិតជាទើបដំឡើងក្លាយជាកន្លែងផ្គង់ផ្គង់ជ្រួកដល់ជាង៧០០ក្បាលក្នុងការប្រមូលផលលក់ម្ដងៗប្រាកដមែន ក្នុងពេលដែលជំនួញនេះ ចំណាយតែ៤ខែ អាចចាប់លក់បាន ៕
សូមសរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
ពិតជាការជួយអភិវឌ្ឍប្រទេសខ្មែរមែន។ គ្រាន់បើជាងអ្នកមានលុយរាប់លានដែលយកទៅទុកចោល នៅធនគារបរទេសគ្មានប្រយោជន៍ដល់ជាតិបន្តិចសោះ។