Tue, 2 December 2014
ឈន ណន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ថវិការបស់រាជរដ្ឋាភិបាលចំនួន២៤លាន និងប្រាក់ឧបត្ថម្ភពីណាហ្គាវើល និងស្រាបៀរអង្គរ សរុប៦ពាន់ដុល្លារទៀត ត្រូវបានប្រគល់ឲ្យកីឡាការិនីចំបាប់ និ សំណាង ដែលដណ្តើមបានមេដាយសំរឹទ្ធពីការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៤ នៅភូកេត ប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យ ហើយលោក ធិន វិចិត្រ ដែលជាគ្រូបង្វឹកក៏ទទួលបានប្រាក់តាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលនេះ២៤លានរៀលដែរ។
លោក ថោង ខុន ប្រធានNOCC បានថ្លែងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជយលាភីកីឡាអាស៊ីតំបន់ឆ្នេរ លើកទី៤ ឆ្នាំ២០១៤តាមអនុក្រឹត្យ ដែលបានធ្វើនៅទីស្នាក់ការ NOCC នោះថា៖ «កីឡាអាស៊ីតំបន់ឆ្នេរនេះធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដោយចាប់ផ្តើមលើកទី១នៅឥណ្ឌូនេស៊ី នាឆ្នាំ២០០៨ ហេតុនេះរយៈពេល៧ឆ្នាំហើយ ទើបកម្ពុជាយើងដណ្តើមបានមេដាយសំរឹទ្ធជាប្រវត្តិសាស្ត្រ លើកដំបូង ដូចក្នុងកីឡាអាស៊ី “Asian Games” ដែលលោក យូ ជិនហុង បានឈ្នះមេដាយសំរឹទ្ធលើកដំបូង ឆ្នាំ១៩៦២ ផ្នែកកីឡាប្រដាល់សកល ជាប្រវត្តិសាស្ត្រ អ៊ីចឹងដែរ»។
លោក ថោង ខុន បានថ្លែងទៀតថា៖«តាមអនុក្រឹត្យថ្មីដែលសម្តេចតេជោ ហ៊ុន សែន ទើបតែបានឯកភាពនោះគឺការប្រកួតកីឡាអាស៊ីតំបន់ឆ្នេរនេះ បានទទួលប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលដូចការប្រកួត Asian Games ដែរដោយអ្នកឈ្នះមេដាយមាសបាន៨០លានរៀល ប្រាក់បាន៤០លានរៀល និងអ្នកឈ្នះមេដាយសំរឹទ្ធបាន២៤លានរៀល ហេតុនេះ និ សំណាង ទទួលបានប្រាក់២៤លានរៀលពីរាជរដ្ឋាភិបាល។ បន្ថែមលើនេះគឺខាងស្រាបៀរអង្គរ និងខាងណាហ្គាវើល បានឧបត្ថម្ភដល់ និ សំណាង ៣ពាន់ដុល្លារដូចៗគ្នា ហើយខ្ញុំសង្ឃឹមថា ក្រុមហ៊ុនផ្សេងៗទៀត ក៏នឹងមានការជួយដល់ ជាបន្តទៀតផងដែរ»។
ក្រៅពីទទួលបានអារម្មណ៍ដ៏រំភើបពីការទទួលបានប្រាក់រង្វាន់ឧបត្ថម្ភពីខាងក្រុមហ៊ុនណាហ្គាវើល និងក្រុមហ៊ុន Cambrew របស់ស្រាបៀរអង្គរ សរុប៦ពាន់ដុល្លារបន្ថែមទៅលើប្រាក់តាមអនុក្រឹត្យ២៤លានរៀល កាលពីថ្ងៃអាទិត្យនោះ និ សំណាង នៅតែទទូចសុំឲ្យមានការជួយទំនុកបម្រុងបន្ថែមពីក្រុមហ៊ុនផ្សេងៗទៀត ដើម្បីឲ្យនាងអាចសម្រចបំណងធំមួយ គឺការស្វែងរកមេដាយមាសពីការប្រកួតកម្រិតអាស៊ីនេះជូនប្រទេសជាតិ។
និ សំណាង បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យនោះថា៖ «ខ្ញុំពិតជាត្រូវការជួយជាចាំបាច់ពីក្រុមហ៊ុនផ្សេងៗទៀត ដោយការចុះកិច្ចព្រមព្រៀងឲ្យខ្ញុំជួយថតផ្សាយពាណិជ្ជកម្មតំណាងឲ្យក្រុមហ៊ុននោះវិញក៏បាន ដើម្បីឲ្យខ្ញុំមានប្រាក់សម្រាប់ទ្រទ្រង់ការហ្វឹកហាត់ប្រចាំឆ្នាំរបស់ខ្ញុំ ក៏ដូចជាការសិក្សាបរទេសរបស់ខ្ញុំផងដែរ ព្រោះក្រៅពីការប្រើប្រាស់បទពិសោធ និងចំណេះដឹងក្នុងការចូលរួមជួយអភិវឌ្ឍវិស័យកីឡាចំបាប់តាមរយៈការធ្វើជាគ្រូបង្វឹក ឬជាអាជ្ញាកណ្តាល នៅពេលខ្ញុំចាស់ ខ្ញុំនៅមានគោលបំណងសំខាន់មួយត្រូវបំពេញឲ្យបានគឺការដណ្តើមមេដាយមាសលើការប្រកួតលើឆ្នេរខ្សាច់នេះជូនជាតិឲ្យបាន ប៉ុន្តែបំណងមួយនេះបានសម្រេចលុះត្រាតែមានការជួយឧបត្ថម្ភពីក្រុមហ៊ុនវិស័យឯកជន»។
លោក ធិន វិចិត្រ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាផងនោះ បាននិយាយថា៖ «និ សំណាង អាចឈានដល់ការដណ្តើមបានមេដាយមាសលើការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់នេះ បានលុះត្រាតែមានការជួយឧបត្ថម្ភបន្ថែមជាចាំបាច់ពីក្រុមហ៊ុនឯកជនលើការហ្វឹកហាត់ប្រចាំឆ្នាំរបស់នាង ព្រោះមកដល់ពេលនេះក្រុមចំបាប់របស់យើង បានហ្វឹកហាត់តែលើទីលានធម្មតាប៉ុណ្ណោះ គឺយើងអត់ទាន់មានទីលានឆ្នេរខ្សាច់ សម្រាប់ហ្វឹកហាត់នោះទេ ហើយយើងក៏មិនទាន់មានកម្មវិធីហ្វឹកហាត់ជាប្រចាំលើជំនាញនេះនោះដែរ ហេតុនេះការជួយ និ សំណាង ឲ្យបានចេញទៅហ្វឹកហាត់នៅក្រៅប្រទេសគឺជារឿងដ៏ល្អបំផុត»៕