ដោយ តាំង សារ៉ាដា
2014-12-02
RFA

ក្រសួងយុត្តិធម៌ (RFA/Sek Bandith)
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅព្រឹកថ្ងៃអង្គារ ទី២ ធ្នូ នេះ នាំយកញត្តិរូបថតជិត ៣០០សន្លឹក ទៅកាន់ក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាកាសអំពាវនាវឲ្យមានការបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា។
មន្ត្រីក្រសួងយុត្តិធម៌បានទទួលយកញត្តិ ដោយសន្យាថា នឹងពិភាក្សាដើម្បីដោះស្រាយបញ្ហាទាំងនោះ។
នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១ ធ្នូ ថា ញត្តិទាំងនេះគឺជាសារដ៏សំខាន់មួយរបស់ពលរដ្ឋក្នុងការទាមទារឲ្យក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជាច្រើនទៀត ចាត់វិធានការដ៏មានប្រសិទ្ធភាពក្នុងការបញ្ចប់អំពើនិទ្ទណ្ឌភាពក្នុងសង្គម៖ «មានករណីជាច្រើនដែលយើងសង្ឃឹមថា រដ្ឋាភិបាលដែលគាត់បានប្ដេជ្ញាថា នឹងមានការកែទម្រង់ស៊ីជម្រៅហ្នឹង ហើយក្នុងការប្ដេជ្ញាជាច្រើនហ្នឹង ឃើញមានលើកអំពីកំណែទម្រង់យុត្តិធម៌ច្រើន។ អ៊ីចឹងយើងឃើញថា ការចូលរួមរបស់ប្រជាពលរដ្ឋនេះនឹងជួយបន្ទរសំឡេងដល់ក្រសួងពាក់ព័ន្ធឲ្យគាត់ធ្វើការដោះស្រាយ»។
យុទ្ធនាការប្រឆាំងនិទណ្ឌភាពនៅកម្ពុជា ឆ្នាំ២០១៤ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាប់ផ្ដើមតាំងពីថ្ងៃទី២ ខែវិច្ឆិកា មក។ គិតមកត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា មានមនុស្សចំនួន ២៦៣នាក់ បានថតរូបរបស់ខ្លួនមានភ្ជាប់នូវសារ «សូមបញ្ចប់និទណ្ឌភាពនៅកម្ពុជា» ផ្ញើមកកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ។
អ្នកស្រី ចក់ សុភាព ថ្លែងថា និទណ្ឌភាព ឬភាពគ្មានទោសសពៃរ៍នៅតែជាវប្បធម៌ដ៏អាក្រក់សម្រាប់សង្គមកម្ពុជា ដែលសមត្ថកិច្ចនៅតែព្រងើយកន្តើយ។
អំពើនិទណ្ឌភាពទាំងនោះរួមមានករណីអតីតអភិបាលក្រុងបាវិត ឈូក បណ្ឌិត បាញ់កម្មការិនី ៣នាក់ឱ្យរបួសដែលតុលាការនៅមិនទាន់នាំខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ករណីកម្មករស្លាប់ក្នុងហេតុការណ៍សមត្ថកិច្ចប្រើហិង្សាបាញ់បង្ក្រាបការតវ៉ាលើផ្លូវវ៉េងស្រេង ករណីសម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងករណីសម្លាប់អ្នកកាសែតមួយចំនួនក្នុងពេលថ្មីៗនេះដែលមិនទាន់ត្រូវបានធ្វើការស៊ើបអង្កេតនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អារម្មណ៍របស់កូនៗដែលម្ដាយជាប់ពន្ធនាគារព្រោះតវ៉ាដីធ្លី
- អ្នកជាប់ឃុំព្រោះតវ៉ារឿងផ្ទះលិចទឹកធ្វើយុទ្ធនាការបង្អត់អាហារក្នុងគុកព្រៃស
- មន្ត្រីក្រសួងធម្មការមិនទាន់ឆ្លើយតបសំណើសុំអន្តរាគមន៍ដោះលែងព្រះសង្ឃខ្មែរក្រោម៣អង្គ
- ក្រុមសន្តិសុខប្រើហិង្សាវាយបំបែកក្រុមយុវជនផ្សព្វផ្សាយពីការការពារបរិស្ថាននៅវត្តភ្នំ
- ពលរដ្ឋអះអាងថាជនជាតិម៉ុងតាញ៉ា២នាក់ត្រូវប៉ូលិសមូលដ្ឋានខេត្តរតនគិរីចាប់ខ្លួន
- ពលរដ្ឋនៅខេត្តត្បូងឃ្មុំចោទអាជ្ញាធរថាមិនឲ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាស្រុក
- ជនពិការស្នើរដ្ឋាភិបាលបន្តជំរុញឲ្យក្រសួងស្ថាប័នរដ្ឋនិងឯកជនបញ្ឈប់ការរើសអើង
- គ្រួសារយុវជនស្លាប់ដោយគ្រាប់កាំភ្លើងសមត្ថកិច្ចនៅមេមត់ទាមទារយុត្តិធម៌
- រដ្ឋសភាបន្តប្រជុំពិនិត្យនិងអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៥