របាយ​ការណ៍ អ.ស.ប រាប់​កម្ពុជា​ចូល​ក្នុង​បញ្ហា​និទ្ទណ្ឌភាព

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ ខណ្ឌ​ឫស្សីកែវ មក​តវ៉ា​រក​អន្តរាគមន៍​ពី​រដ្ឋសភា។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ ខណ្ឌ​ឫស្សីកែវ មក​តវ៉ា​រក​អន្តរាគមន៍​ពី​រដ្ឋសភា។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ របាយ​ការណ៍​ថ្មី​មួយ បាន​ឲ្យ​ដឹង​ថា ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ រួម​ទាំង​នៅ​កម្ពុជា ផង​ត្រូវ​អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) សង្កត់​ធ្ងន់​ពី​និទ្ទណ្ឌភាព​ដែល​ក្រុម​ហ៊ុន​ស្ទើរ​តែ​ទាំង​អស់​តែង​តែ​រំលោភ។

លោក Michel Forst អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស នឹង​ដាក់​របាយ​ការណ៍​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស អ.ស.ប. ស្តី​ពី​ការ​គ្មាន​លទ្ធផល​ដែល​អ្នក​បំភិត​បំភ័យ​គេ​នឹង​ប្រឈម​នៅ​ពេល​ដែល​គេ​បំបិទ​មាត់​ក្រុម​អ្នក​តវ៉ា។ លោក Forst ថ្លែង​ថា៖ «ជា​ទូទៅ​ខ្ញុំ​នឹង​បន្ត​ផ្តោត​ទៅ​លើ​ការ​ការពារ​អ្នក​ការពារ​សិទ្ធិ​ដីធ្លី ដោយ​ទទូច​ឲ្យ​បង្កើន​លើ​គណនេយ្យ​ភាព»។

របាយ​ការណ៍​នេះ បញ្ជាក់​ពី​ឧប្បត្តិហេតុ​មួយ​ចំនួន​នៅ​កម្ពុជា​ដែល​អាជ្ញាធរ​បរាជ័យ​ក្នុង​ការ​ការពារ​ឬ​រក​យុត្តិធម៌​សម្រាប់​អ្នក​ការពារ​សិទិ្ធ​មនុស្ស។

ក្នុង​នោះ​ជា​ឧទាហរណ៍​គឺ «គ្មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​ដើម្បី​បញ្ជាក់​ពី​កាលៈទេសៈ​និង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​លើ​លោក ឈុត វុទ្ធី អភិរក្ស​ជន ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង ឆ្នាំ​២០១២។ របាយ​ការណ៍​នេះ​បន្ត​ថា អ្នក​ស្រី យ៉ោម បុប្ផា ជា​សកម្ម​ជន​បឹងកក់ ដែល​ត្រូវ​គេ​ដោះ​លែង​ពី​ពន្ធនាគារ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ នៅ​តែ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ដោយ​សារ​តែ​នៅ​មិន​ទាន់​ជំនុំ​ជម្រះ​ជា​ថ្មី​ដោយ​កត់​សម្គាល់​ថា លោក វណ្ណ សូផាត នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​កម្មករ​និង​សិទ្ធិ​មនុស្ស​បាន​ដាក់​ពាក្យ​បណ្តឹង​ចោទ​ថា បន្ទាប់​ពី​លោក​ទទួល​ការ​គំរាម​សម្លាប់ ខណៈ​ចុះ​ទៅ​ពិនិត្យ​ជម្លោះ​ដីធ្លី​កាល​ពី ខែ​ឧសភា នៅ​រាជធានី​ភ្នំពេញ។

របាយ​ការណ៍​បន្ត​ថា៖ «គិត​ត្រឹម ខែ​សីហា…តុលាការ​មិន​បាន​ចាត់​វិធាន​ការ​ទេ ហើយ​លោក​ក៏​មិន​ទទួល​បាន​វិធាន​ការ​ការពារ​ណា​មួយ​ដែរ»។

របាយ​ការណ៍​នេះ​ឲ្យ​ដឹង​ថា ក្នុង​ករណី​ជាង ១០០ នៃ​ការ​បំភិត​បំភ័យ​ឬ​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​ដែល​ចង​ក្រង​ជា​ឯកសារ​ពិភពលោក​ពី ខែ​មករា ឆ្នាំ​២០១១ ដល់ ខែ​សីហា ឆ្នាំ​២០១៤ ឲ្យ​ដឹង​ថា ៩៥ ភាគរយ​នៃ​ករណី​មិន​ត្រូវ​គេ​ដាក់​ទោស​ក្នុង​នេះ​រួម​មាន​ការ​សម្លាប់ ការ​បាត់​ខ្លួន​ការ​គំរាម​កំហែង​និង​ការ​វាយ​ប្រហារ​លើ​រាង​កាយ។

របាយ​ការណ៍​និយាយ​ដែរ​ថា៖ «ជន​ដែល​ប្រព្រឹត្ត​អាច​ជា​មន្រ្តី​រដ្ឋ​ក្នុង​តំបន់​ដូច​ជា​មន្ត្រី​ប៉ូលិស​និង​សមាជិក​កង​យោធា​ឬ​មិន​មែន​ជា​តួអង្គ​ក្នុង​រដ្ឋាភិបាល​មាន​ដូច​ជា​បុគ្គលិក​ក្រុម​ហ៊ុន ទាហាន​ប៉ារ៉ា ឬ​ជា​ឃាតករ​ស៊ី​ឈ្នួល​របស់​ក្រុម​ហ៊ុន​ហើយ​និង​អ្នក​នយោបាយ​ជា​ដើម»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ថ្លែង​ថា រដ្ឋាភិបាល​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ចំពោះ​នីតិរដ្ឋ​ហើយ​ថា «មាន​តែ​តុលាការ​ទេ អាច​សម្រេច​នូវ​អ្វី​ដែល​ត្រូវ​ឬ​ខុស» ហើយ​ស្វែង​រក​យុត្តិធម៌​ដល់​ពលរដ្ឋ។

លោក​អះអាង​ថា នៅ​ពេល​គេ​និយាយ​ពី​សេរីភាព​នៃ​ការ​ធ្វើ​បាតុកម្ម​សកម្មជន​ដីធ្លី​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ដូច្នេះ។

លោក​បន្ត​ថា៖ «ប៉ុន្តែ​ជា​ញឹក​ញាប់​ការ​ធ្វើ​បាតុកម្ម​មិន​បាន​ជួយ​ទេ។ វា​មិន​មែន​ជា​បញ្ហា​ថ្មី​ទេ។ ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ដែល​ចាំ​តែ​ឡូឡា»។ លោក ផៃ ស៊ីផាន ថា វា​ស្រេច​លើ​អ្នក​បង្កើត​គោល​នយោបាយ​ដើម្បី​ចុះ​ជួប​ពលរដ្ឋ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ការ​រំលោភ​ដី​ធ្លី។

FIDH មាន​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន ១៧៨ ចូល​រួម។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​លីកាដូ ក៏​បាន​រួម​ចំណែក​ក្នុង​របាយ​ការណ៍ អ.ស.ប ឆ្នាំ​នេះ​ដែរ៕


What Next?

Recent Articles