Tue, 2 December 2014
Harriet Fitch Little
ភ្នំពេញប៉ុស្តិ៍
HARRIET FITCH LITTLE
ភ្នំពេញៈ នៅពេលដើរចូលទៅបណ្ណាល័យជាតិកម្ពុជា វាធ្វើឲ្យនឹកឃើញអំពីសម្រស់នៃបេតិកភណ្ឌស្ថាបត្យកម្មរបស់រាជធានីភ្នំពេញ។ ដោយកសាងឡើងនៅលើផ្ទៃដីធំមួយនៅផ្នែកខាងលិចនៃវត្តភ្នំ ហើយខាងក្រោយអគារនេះគឺនៅជិតប័ណ្ណសារជាតិ ដែលត្រូវបានអភិរក្សយ៉ាងល្អ។
ប៉ុន្តែនៅពេលចូលទៅក្នុងអគារចំណាប់អារម្មណ៍នៃភាពស្រស់ស្អាតនេះ បានរលាយបាត់។ កង្ហារនៅលើពិតានខ្ពស់បក់យឺតៗដើម្បីព្យាយាមឲ្យក្រុមអ្នកអានសៀវភៅនៅតាមតុវែងៗត្រជាក់។ គំនរសៀវភៅមិនមានរបៀបរៀបរយត្រូវបានដាក់នៅជិតតុអ្នកទទួលភ្ញៀវ។
កំណត់ត្រាដំបូងនៃអ្នកទៅបណ្ណាល័យនេះគឺពី ឆ្នាំ១៩២៨ ដែលបានកត់ត្រាអ្នកទៅបណ្ណាល័យមានចំនួន ៩៦៩៨ នាក់ទៅបន្ទប់អានសៀវភៅនៅក្នុងឆ្នាំទីមួយ។ សព្វថ្ងៃនេះ ប្រធានបណ្ណាល័យលោកស្រី ខ្លូត វិបុលឡា គិតថា ចំនួនគឺពាក់កណ្តាលនោះ ដោយប៉ាន់ប្រមាណថា ចំនួនអ្នកអាននិងអ្នកខ្ចីសរុបមានចំនួនប្រហែល ៤៨០០ នាក់ក្នុងមួយឆ្នាំ។
រឿន វីរៈ ជានិស្សិតផ្នែកស្ថាបត្យកម្មបានថ្លែងថា ប្រជាជនវ័យក្មេងតិចតួចប៉ុណ្ណោះដែលពិចារណាប្រើប្រាស់បណ្ណាល័យនេះ។ វីរៈ បន្ថែមថា៖ «ពួកគេមិនមានសៀវភៅដែលខ្ញុំត្រូវស្រាវជ្រាវ មានតែបុគ្គលិកអាចចូលទៅអ៊ីនធឺណិត ហើយកុំព្យូទ័រគឺចាស់ណាស់និងហួសសម័យទៀតផង»។
ប៉ុន្តែការចូលទៅក្នុងសហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC) នាពេលខាងមុខរបស់កម្ពុជាបានបង្កឲ្យមានការផ្លាស់ប្តូរដែលមនុស្សជាច្រើនជឿថា នឹងធ្វើឲ្យបណ្ណាល័យនេះមានភាពប្រសើរជាងមុន។ ជាផ្នែកនៃកិច្ចព្រមព្រៀងសមាជិកភាពរដ្ឋាភិបាលបានប្តេជ្ញាកែលម្អបណ្ណាល័យនេះឲ្យទាន់សម័យ។ លោកស្រី វិបុលឡា បានថ្លែងថា៖ «យើងបានចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសអាស៊ាននៅពេលកម្ពុជាចាប់ផ្តើមចូលជាសមាជិក ASCC»។
ជាផ្នែកនៃគំនិតច្នៃប្រឌិតបណ្ណាល័យនេះនឹងចាប់ផ្តើមអនុវត្តគម្រោងមួយចំនួនដែលនឹងជួយឲ្យបណ្ណាល័យនេះឲ្យទាន់សម័យដូចនៅតាមបណ្ណាល័យទំនើបរបស់ប្រទេសដទៃៗដូចជា សៀវភៅនឹងត្រូវស្គែន និងការបង្កើតគេហទំព័រដែលអាចចូលមើលពីចម្ងាយបានផងដែរ។
ក្រៅពីការដាក់ប្រព័ន្ធឌីជីថល អគារបណ្ណាល័យចាស់នឹងត្រូវធ្វើឲ្យប្រសើរឡើងនិងអភិរក្សជាបេតិកភណ្ឌ។ រដ្ឋាភិបាលនឹងចាប់ផ្តើមការងារជួសជុលដំបូលនិងប្រព័ន្ធខ្សែភ្លើងអគ្គិសនីឡើងវិញ។
លោក ហាប់ ទូច ប្រធានផ្នែកបេតិកភណ្ឌវប្បធម៌និងអរូបីនៅក្រសួងវប្បធម៌ បានថ្លែងថា ផែនការមេសម្រាប់ការពង្រីកអគារដើម្បីកែលម្អនឹងត្រូវបញ្ចប់ «ឆាប់ៗ» នេះ។ ការជួសជុលនេះក៏នឹងបន្ថែមសួនច្បារផងដែរដើម្បីឲ្យអ្នកអានអាចអង្គុយអានសៀវភៅបានដែលបច្ចុប្បន្នជាកន្លែងចតឡាន។ «យើងជាសមាជិក ASCC ឥឡូវនេះ ដូច្នេះយើងត្រូវពង្រីកបណ្ណាល័យដើម្បីបំពេញទៅតាមលក្ខខណ្ឌដែលជាផ្នែកនៃសកម្មភាពកម្មវិធី»។
វាជាការប្តេជ្ញាចិត្តពីរដ្ឋាភិបាលក្នុងការកែលម្អបណ្ណាល័យនេះ។ កាលពីអតីតកាល បណ្ណាល័យនេះជានិមិត្តរូបនៃសេចក្តីអង់អាចរបស់កម្ពុជា ដែលលែងស្ថិតនៅក្រោមអាណានិគមបារាំង។ ក្នុង ឆ្នាំ១៩៥៤ ការដាក់តម្តល់សៀវភៅជាលើកទីមួយជាភាសាខ្មែរ បង្ហាញពីការលែងស្ថិតនៅក្រោមអាណានិគមបារាំង។
ក្នុងអំឡុងសម័យខ្មែរក្រហម អគារនេះត្រូវបានប្រើធ្វើជាកន្លែងធ្វើបាយសម្រាប់ទីប្រឹក្សាចិន ហើយទីធ្លាត្រូវបានប្រើជាកន្លែងចិញ្ចឹមជ្រូក។
លោកស្រី Helen Jarvis ជាអ្នកបណ្ណាល័យជនជាតិអូស្រ្តាលី ដែលបានមកលេង ទីក្រុងភ្នំពេញ ដំបូងក្នុង ឆ្នាំ១៩៨៧ រំឭកអំពីទសវត្សរ៍មួយដែលកាលនោះបុគ្គលិកទាំងអស់គ្នាចំណាយរយៈពេលមួយថ្ងៃក្នុងមួយសប្តាហ៍ដើម្បីសម្អាតសួនច្បារជុំវិញនោះ។
ប៉ុន្តែក្នុងរយៈកាលប៉ុន្មានឆ្នាំថ្មីៗនេះ ពាក្យចចាមអារ៉ាមបានលេចឮឡើងថា បណ្ណាល័យអាចនឹងត្រូវបានលក់។
លោក Tony Morine ជនជាតិនូវែលសេឡង់ ដែលធ្វើការស្ម័គ្រចិត្តនៅបណ្ណាល័យជាតិអស់រយៈពេល ៥ឆ្នាំ និងនៅតែជួយបណ្ណាល័យនេះ បានថ្លែងថា៖ «ប៉ុន្តែរដ្ឋមន្រ្តីវប្បធម៌បាននិយាយថា វាមិនពិតទេ»។
ទោះយ៉ាងណាក្តី ក្នុង ឆ្នាំ២០១២ បន្ទាប់ពីមានការផ្លាស់ប្តូរដីមួយចំនួន ដែលអគារមន្រ្តីរាជការត្រូវបានរើទៅកន្លែងថោកៗនៅជាយក្រុង លោក ហ៊ុន សែន បានផ្តល់សុន្ទរកថាមួយថា បណ្ណាល័យនេះរួមជាមួយនឹងអគារសំខាន់ៗដទៃទៀត នឹងមិនត្រូវលក់ទេ។
អតីតរដ្ឋមន្រ្តីវប្បធម៌ លោក ហឹម ឆែម មិនអាចទាក់ទងសុំអត្ថាធិប្បាយបាន ខណៈលោក ទូច បានថ្លែងថា លោកមិនដឹងអំពីការលក់ឬអត់ទេ?
លោក ស្រី វិបុលឡា បានថ្លែងថា មិនប្រាកដថា តើនឹងមានការរើទីតាំងឬអត់នោះទេ? ផ្ទុយពីបណ្ណាសារជាតិនៅជិតនោះ បណ្ណាល័យជាតិមិនមានរដ្ឋបាលស្វយ័តឬថវិកាឯករាជ្យទេ ហើយបុគ្គលិកបណ្ណាល័យនេះកម្រដឹងអំពីការចរចានិងពិភាក្សាជាន់ខ្ពស់ណាស់។
ក្នុងរយៈកាលប៉ុន្មានឆ្នាំនេះនៅពេលដែលថវិការដ្ឋាភិបាលមិនមានលក្ខណៈគ្រប់គ្រាន់ បណ្ណាល័យនេះបានស្វែងរកជំនួយពីបរទេសដើម្បីជួយរក្សាផ្នែកសំខាន់ៗរបស់ខ្លួន។ ចន្លោះពី ឆ្នាំ២០០៥ និង ២០១២ បារាំងបានជួយលើការដាក់ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ និងម៉ាស៊ីនថតចម្លង ព្រមជាមួយនឹងវិភាគទានចំពោះការចំណាយថ្លៃទឹកភ្លើងរបស់អគារនេះ។ ពួកគេបានផ្តល់ថវិកាលើការប្រមូលសៀវភៅកម្រៗ និងស្លឹករឹត និងធ្វើឲ្យមានប្រព័ន្ធឌីជីថល និងក្នុងករណីមួយចំនួន ពួកគេជួយបោះពុម្ពផ្នែកនៃសៀវភៅមុនសម័យឯករាជ្យខូចខាត និងរក្សាសៀវភៅជាច្រើនទៀតពាក់ព័ន្ធនឹងសម័យអាណានិគមបារាំង។
រហូតដល់គម្រោងចូល ASCC ចូលជាធរមាន ទើបការកត់ត្រាតាមអនឡាញអំពីឯកសារស្គែន មានវត្តមាននៅលើគេហទំព័រ។
លោក ស្រី វិបុលឡា មានសេចក្តីរីករាយចំពោះការជួយនេះ។
លោកស្រី បានថ្លែងថា៖ «បណ្ណាល័យនេះត្រូវបានបង្កើតឡើងដោយប្រជាជនបារាំង ប្រសិនបើយើងគិតតែអភិរក្សសៀវភៅភាសាខ្មែរ យើងនឹងមិនមានសៀវភៅច្រើនសម្រាប់អានទេ»។
លោក Morine បានថ្លែងថា លោកក៏កំពុងសម្លឹងស្វែងរកជំនួយផងដែរ។ បច្ចុប្បន្ននេះកំពុងមានគម្រោងអំពាវនាវ ទី៣ ទៅមូលនិធិ Bill and Melinda Gate Foundation ដើម្បីស្វែងរកជំនួយធំមួយ។ ការដាក់សំណើ ២ ដំបូងត្រូវបានច្រានចោល ប៉ុន្តែលោកបានថ្លែងថា ដោយសារខ្វះបច្ចេកទេសក្នុងការដាក់ ហើយឆ្នាំនេះលោកគ្រោងរៀបចំដាក់ឲ្យត្រឹមត្រូវហើយនឹងសរសេរលិខិតជាចំហដោយផ្ទាល់ទៅដល់លោក BillGates។
ទោះយ៉ាងណាក្តី បច្ចុប្បន្នសៀវភៅចាស់ៗជាច្រើនមានការខូចខាត ដែលតម្រូវឲ្យមានប្រព័ន្ធឌីជីថល។
នៅពេលនិយាយអំពីអត្ថប្រយោជន៍ទៅវិញទៅមក វាប្រហែលជាចៀសមិនរួចទេគឺថា ការបរិច្ចាគជំនួយនឹងផ្តោតទៅលើគុណសម្បត្តិនៃប្រព័ន្ធឌីជីថលសម្រាប់បណ្ណាល័យនេះ។
ហេតុដូច្នេះ លោកស្រី វិបុលឡា ជឿថា តាមរយៈការចូលអាស៊ាននេះ រដ្ឋាភិបាលកំពុងបង្កើនល្បឿនកែលម្អបណ្ណាល័យមួយនេះ។
លោកស្រីបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំសង្ឃឹមថា ដោយសារតែដំណើរការទាំងនេះ យើងឥឡូវនេះកំពុងធ្វើការងារកែលម្អបណ្ណាល័យនេះនឹងមានការអភិវឌ្ឍនាពេលខាងមុខ។ យើងចង់អភិរក្សមិនបោះបង់វាចោលនោះទេ»៕