​ពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​រតនគិរី​ចោទ​អាជ្ញាធរ​ថា​ រារាំង​ការ​ហែរ​ក្បួន​ទិវា​សិទ្ធិមនុស្ស​​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ភូមិ​ចំនួន​ពីរ ក្នុង​ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ចោទ​អាជ្ញាធរ​ថា​រារាំង​ពួកគេ​មិន​ឲ្យ​ហែរ​ក្បួន​មក​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ដែល​នឹង​មក​ដល់​នៅ​ពេល​ខាងមុខ ។​

​កញ្ញា  សូវី អះអាង​ជា​តំណាង​ពលរដ្ឋ​ក្នុងភូមិ​ក្រេះ ប្រាប់ VOD នៅ​ថ្ងៃ​អង្គារ​នេះ​ថា មេឃុំ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ក្រេះ និង​ភូមិ​ម៉ាស ដើរ​ហែ​ក្បួន​ឡើយ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ពិត​ជា​ចង់​ហែ​ក្បួន​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ការពារ​ដី​ធី្ល ។ កញ្ញា​បញ្ជាក់ថា «​គាត់​ថា ព្រឹក​មិញ លោក​មេឃុំ​គាត់​បាន​ប្រជុំ​ណែនាំ​អ្នកភូមិ​អ្នកស្រុក មិន​ឲ្យទៅ​ចូលរួ​មហែ​ទាមទារ​សិទ្ធិ​ជនជាតិដើម​ភាគ​តិច​ទេ ព្រោះ​គាត់​ថា ប្រសិន​ជា​ទៅ​ហើយ​បើ​គ្រោះថ្នាក់ គេ​នឹង​បន្ទោស​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​ណែនាំ​» ។​

​ពលរដ្ឋ​ម្នាក់ទៀត​លោក កាំប្ល សាណ​ក និយាយថា ដំបូង​ឡើយ​គាត់​ថា​នឹងចូលរួម​ហែ​ក្បួន​នេះ ប៉ុន្តែ​ដោយ​មាន​ការហាមឃាត់​ពី​សំណាក់​អាជ្ញាធរ គាត់​នឹង​ផ្អាក​ព្រោះ​ខ្លាច​មាន​ការប៉ះទង្គិច​គ្នា ។ ទោះជា​យ៉ាងណា​លោក​យល់ថា  នេះ​ជា​ការបិទ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ក្នុង​ការសម្តែង​មតិ ។ 

​អ្នកសម្របសម្រួល​អង្គ​ការ​ខ្មែរលើ​ប្រចាំ​ខេត្ត​រតនគិរី លោក ម៉ង វិចិត្រ មានប្រសាសន៍ថា អាជ្ញា​ខេត្ត​បានអនុញ្ញាត​ឲ្យ​ពលរ​ដ្ឋ​ប្រារព្ធ​ពិធី​នេះ  ប៉ុន្តែ​មេឃុំ​ឃុំ​ប៉ូ​យ​បែរជា​មិន​អនុញ្ញាត​ទៅវិញ ។ លោក​ច្រានចោល​ចំពោះ​អ្វី​ដែល​មេឃុំ​នេះ​ចោទថា ការហែក្បួន​នេះ​ជា​រឿង​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​ថា «​ព្រោះ​អាជ្ញាធរ​គាត់​ដឹង​ហើយ ហើយ​សូម្បី​ប្រទេស​កម្ពុជា​យើង​ក៏បាន​ផ្តល់​សច្ចា​ប័ណ្ណ​ឬ​ទទួលស្គាល់ថា ថ្ងៃ​១០​ធ្នូ​ជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។ ដល់ពេល​ផ្នែក​នយោបាយ​មក​លាប​ពណ៌​អ៊ីចឹងទៅ មើលទៅ​ហាក់ដូចជា​អត់​សូវ​ល្អ វា​អត់​សូវ​ផ្តល់​សិទ្ធិ​សេរីភាព​ទៅ​ដល់​យើង​។ គាត់​អត់​គួរណា​ប្រជុំ កុំ​ឲ្យ​សហគមន៍​ទៅ​ទេ គួរណា​តែ បើ​មាន​គោលការណ៍​ស្ម័គ្រចិត្ត​» ។​

​មេឃុំ​ប៉ូ​យ លោក ថង ញើ​ត មានប្រសាសន៍ថា លោក​អនុវត្ត​តាម​ការងារ​ពីព្រោះ​អាជ្ញាធរ​ថ្នាក់ក្រោម​មិន​ទាន់​បាន​ទទួល​លិខិតអនុញ្ញាត​របស់​ថ្នាក់លើ​ឡើយ ។ លោក​បញ្ជាក់ថា «​អូហ៍​! ខាង​ហែ​[​ក្បួន​]​ជនជាតិដើម​ភាគតិច​ហ្នឹង​ឬ​? ដោយសារ​លិខិត​ខាង​គាត់​ហ្នឹង គាត់​អត់​ឆ្លងខេត្ត​ឆ្លង​ស្រុក បាន​ស្រុក​គេ​ទប់ស្កាត់​ម្សិលមិញ​» ។​

​តាម​គម្រោង​អង្គការ​សមាគម​ក្នុងស្រុក​ជាង​២០០ រួមទាំង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​ព្រះសង្ឃ​ផង នឹង​និមន្ត​ហែ​ក្បួន​ចេញដំណើរ​ពី​បណ្តា​ខេត្ត​នានា​ចូល​មក​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ នៅ​ឆ្នាំ​នេះ ។​

​នៅ​ឆ្នាំ​នេះ ពួកគេ​គ្រោង​ដើរ​ក្បួន​រយៈពេល​តែ​៥​ថ្ងៃ​គឺ​តិច​ជាង​ឆ្នាំ​មុន​ដែល​ធ្វើ​ចំនួន​១០​ថ្ងៃ ។ មូលហេតុ​នៃ​ការដើរ​ហែ​ក្បួន​នៅ​ឆ្នាំ​នេះ​មាន​រយៈពេល​តិចជាង​ឆ្នាំមុន ត្រូវបាន​អង្គការសិទ្ធិមនុស្ស​បញ្ជាក់​ថា ដោយសារ​តែ​សកម្មជន​មួយចំនួន រវល់​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​តំណាង​ពលរដ្ឋ​១០​នាក់ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន ករណី​តវ៉ា​ឲ្យជួយ​បង្ហូរ​ទឹកសម្អុយ​ចេញពី​ភូមិ​បឹងកក់ ៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles