Tue, 2 December 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រភពនៅក្នុងសិល្បៈបានឲ្យដឹងថា បើតារាស្រីកូនកាត់ចិននាង តេង លក្ខិណា ដើរចេញ ឬក៏ដកខ្លួនពីថៅកែស្រីរបស់នាងដែលគេសង្ស័យថាមានទំនាក់ទំនងស្រី និងស្រីនោះ លោកឧកញ៉ាមានប្រាក់វាល់លានម្នាក់នឹងជួយទំនុកបម្រុងនាងមិនឲ្យខ្វល់ចិត្តនោះទេ។
ការបោះបង់អាជីពពិធីការិនីពីទូរទស្សន៍ស៊ីធីអិន រត់ទៅធ្វើជាតារាចម្រៀងជ្រកក្រោមដំបូលផលិតកម្ម M របស់នាង តេង លក្ខិណា បានធ្វើឲ្យបែកសាយភាយនូវរឿងអាស្រូវគួរឲ្យភ្ញាក់ផ្អើលលើបណ្តាញសារព័ត៌មានជាច្រើនថា តារារូបនេះ កំពុងមានទំនាក់ទំនងស្នេហ៍ភេទដូចគ្នាជាមួយនឹងថោកែស្រីរបស់ខ្លួន។
ប៉ុន្តែយ៉ាងណា ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ ត្រូវបាននាង តេង លក្ខិណា សម្តែងការមិនសប្បាយចិត្ត ដោយនាងលើកឡើងថា បើសារព័ត៌មានថានាងស្រឡាញ់ថៅកែស្រីនោះ អ៊ីចឹងឲ្យវែកមុខម្នាក់ស្រីនោះមក។
ពិធីការិនីចង់ក្លាយជាតារាចម្រៀង តេង លក្ខិណា និយាយថា៖«បើគេនិយាយថា ខ្ញុំ និងថៅកែស្រីនោះ តើថៅកែស្រីណាមួយ សូមជួយបញ្ជាក់ឲ្យច្បាស់មក កុំចេះតែនិយាយ បើប្រាប់ថា ថៅកែស្រីនោះឈ្មោះអីមក ស្រួលនិយាយគ្នា…តែនេះអត់ដឹងអ្នកណាគេផង»។
កាលពីអំឡុងបម្រើការងារនៅទូរទស្សន៍ស៊ីធីអិន តេង លក្ខិណា តែងរំពឹងថា ថ្ងៃណាមួយខ្លួននឹងក្លាយជាម្ចាស់ជំនួញអ្វីមួយមិនខាន ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ គម្រោងរបស់នាងបានទទួលរងបរាជ័យជាបន្តបន្ទាប់ ធ្វើឲ្យនាងបាត់បង់ក្តីសង្ឃឹមអស់គ្មានសល់។ យ៉ាងណាមិញ ក្តីសង្ឃឹមនោះនឹងអាចវិលមករក តេង លក្ខិណា វិញ ខណៈលោកឧកញ៉ាម្នាក់បានបង្ហើបប្រាប់អ្នកសិល្បៈថា បើ តេង លក្ខិណា វិលវិញ នោះសុបិនរបស់នាងនឹងក្លាយជាការពិត សុំតែម្យ៉ាង គឺឲ្យនាងដកខ្លួនឲ្យបានឆ្ងាយបន្តិចពីថៅកែស្រីរបស់នាង។
ដោយឡែកពាក់ព័ន្ធនឹងឧកញ៉ាណាម្នាក់ចង់ឲ្យនាងដកខ្លួនពីថៅកែស្រី ហើយគេនឹងចិញ្ចឹមនាងនោះ នាងរឹតតែមិនដឹងទៅទៀត។ តេង លក្ខិណា បានប្រាប់យ៉ាងច្បាស់ថា៖«រឿងឧកញ៉ាអីណានោះ ខ្ញុំអត់ដឹងផងបង ខ្ញុំអត់បានទទួលព័ត៌មានទេ។ ខ្ញុំអត់ចង់និយាយច្រើនទេ អ៊ីចឹងបើចង់ទទួលព័ត៌មានច្បាស់ លុះត្រាណាទាក់ទងទៅក្រុមហ៊ុនរបស់ខ្ញុំ»។
គួរបញ្ជាក់ថា បុរសដែលគេដឹងថាមានឋានៈជាឧកញ៉ាចង់ចែចូវ តេង លក្ខិណា ម្នាក់នោះ គឺជាអ្នកមានផ្នែកអចលនទ្រព្យម្នាក់នៅក្នុងប្រទេសកម្ពុជា ហើយលោកមានផ្ទះវីឡាជាច្រើនកន្លែងនៅភ្នំពេញ។ សព្វថ្ងៃពេលទៅណាមកណាលោកតែងមានអង្គរក្សឆ្វេចឆ្វាចជាមួយភាពហ៊ឺហាជិះរថយន្តទំនើបម៉ាក Lexus 570។ អ្នកនៅក្នុងសិល្បៈបានបង្ហើបឲ្យដឹងថា បើ តេង លក្ខិណា ហ៊ានតែទន់ចិត្តមករកលោកនោះ នាងនឹងក្លាយសេដ្ឋិនីវ័យក្មេងម្នាក់មិនចាញ់ ស្រីតូច ចំណាន ឱក បូរី ឬ ពេជ្រ ច័ន្ទបូរមី នោះទេ៕