ដោយ៖ ញឹម សុខន
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
តំណាងអ្នកភូមិរងគ្រោះដោយការបណ្តេញចេញនៅសហគមន៍បុរីកីឡា គឺអ្នកស្រី ហាស សុខចិន្តា និងលោក ពេជ្យ លឹមឃួន (រូបថត៖ ញឹម សុខន)
អ្នកមានជម្លោះដីធ្លីជិត១០០គ្រួសារនៅសហគមន៍បុរីកីឡា នៅថ្ងៃអង្គារនេះបានជំរុញម្តងទៀត ឲ្យសាលារាជធានីភ្នំពេញពន្លឿនរកដំណោះស្រាយជាសំណង ខណៈពួកគេប្រឈមនឹងបញ្ហាជីវភាពបន្ទាប់ពីការឈូសបំផ្លាញផ្ទះកាលពី៣ឆ្នាំមុន ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ប្រជាសហគមន៍បុរីកីឡាជាង៣៨០គ្រួសារ ត្រូវបានក្រុមហ៊ុនផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សូផាន បណ្តេញចេញទាំងបង្ខំ ឲ្យទៅរស់នៅជាយក្រុង និងខ្លះទៀតទ្រាំរស់នៅលើគំនរសំរាម ដោយអះអាងថាសំណងមិនសមរម្យ ។
តំណាងអ្នកភូមិម្នាក់ក្នុងចំណោមអ្នកតវ៉ាច្រើនទៀត គឺអ្នកស្រី ហាស សុខចិន្តា ឲ្យអ្នកសារព័ត៌មានដឹងពេលប្រមូលផ្តុំគ្នាមុខសាលារាជធានីភ្នំពេញនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤នេះថា ការបណ្តេញចេញជាង៣ឆ្នាំមកនេះ ពួកគេបាត់បង់ផ្ទះសម្បែង បាត់មុខរបរ មិនមានលទ្ធភាពរកប្រាក់ ដើម្បីបញ្ជូនឲ្យកូនទៅសាលា ហើយពេលនេះកំពុងប្រឈមនឹងអត់អាហារ ។ អ្នកស្រីថា «មុនពេលដែលបណ្តេញចេញ ជីវភាពពួកខ្ញុំធូរធារ ប៉ុន្តែនៅពេលដែលបណ្តេញចេញហើយរយៈពេល៣ឆ្នាំនេះ គឺជីវភាពួកខ្ញុំដុនដាបមែនទែន ទី១ បាត់បង់ទាំងមុខរបរ ទី២ កូនក៏ឈឺ ម្តាយក៏ឈឺ បាត់បង់ទាំងការសិក្សា ខ្ញុំគិតថា ពួកខ្ញុំជាង១០០គ្រួសារ គឺធ្លាក់ៗមែនទែន សូម្បីតែក្នុងមួយថ្ងៃរកអង្ករហូបម្ង៉ៃរកអត់បានផង» ។
តំណាងអ្នកភូមិម្នាក់ទៀតគឺលោក ពេជ្យ លឹមឃួន ឲ្យដឹងក្រោយពីចូលជួបមន្ត្រីសាលារាជធានីភ្នំពេញថា ស្ថាប័នមួយនេះ សន្យាពន្លឿនករណីនេះ ដោយសហការជាមួយតំណាងអង្គការសង្គមស៊ីវិល និងតំណាងអ្នកភូមិដើម្បីស្វែងរកដំណោះស្រាយ ។ លោកបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ប្រមុខរដ្ឋាភិបាល រដ្ឋសភា និងសាលារាជធានី សរុបរួមសូមឲ្យលោកពន្លឿនការដោះស្រាយជាបន្ទាន់ ព្រោះខ្ញុំរស់នៅសព្វថ្ងៃដោយអត់មានស្បៀងអាហារ អត់មានថវិកា ហើយសព្វថ្ងៃនេះវេទនាណាស់ ព្រោះខ្ញុំធ្វើអ្វីៗដោយដៃទទេ មិនមានជំនួយគាំទ្រ មិនមានអង្ករអំណោយមកពីខាងណា ក្រុមខ្ញុំគឺអត់» ។

ទីជម្រករបស់អ្នកបុរីកីឡា ដែលនៅសង់នៅជិតគំនរសំរាម
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ស្តីបន្ទោសក្រុមអ្នកតវ៉ាថា ភាពយឺតយ៉ាវនៃការរកដំណោះស្រាយករណីនេះ ដោយសារប្រជាសហគមន៍បុរីកីឡាទាមទារលក្ខណ្ឌផ្សេងៗគ្នា ដែលលោកយល់ថា ជាការលំបាកមួយដល់មន្ត្រីជំនាញក្នុងកិច្ចអន្តរាគមន៍ដើម្បីបញ្ចប់ជម្លោះ។ លោកបន្តថា «តាមពិតការងារដែលចង់លឿននោះ មិនមែនគាត់ទេ ដើមឡើយបំផុតគឺសាលារាជធានីទេ យើងបានខិតខំរហូតដល់មានវេទិកាសាធារណៈ ហើយបន្ទាប់មកទៀត យើងបានធ្វើប្រជុំទាំងជាមួយអង្គការសង្គមស៊ីវិលដែលធ្លាប់ជួយពួកគាត់ហ្នឹង ដើម្បីជជែកគ្នា ដើម្បីពិនិត្យរួមគ្នានូវឯកសារ ដើម្បីកំណត់លក្ខណៈសម្បត្តិរបស់បងប្អូនបុរីកីឡាហ្នឹង ប៉ុន្តែគាត់ទេដែលគាត់មកបញ្ឈប់ គាត់ផ្អាកខ្លួនគាត់ ដោយសារថា គាត់មិនចង់ឲ្យអង្គការសង្គមស៊ីវិល ចូលធ្វើការវាយតម្លៃជាមួយអាជ្ញាធររាជធានីភ្នំពេញទេ» ។
យ៉ាងនេះក្តីការបណ្តេញអ្នកភូមិចេញទាំងបង្ខំនៅសហគមន៍បុរីកីឡានេះ ត្រូវសមាជិករដ្ឋសភាកោះហៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងប្រធានក្រុមហ៊ុនផានអ៊ីម៉ិច លោក ស្រី ស៊ុយ សុផាន ចូលបំភ្លឺរួចហើយ ។
ប៉ុន្តែប្រជាសហគមន៍អះអាងថា មកដល់ពេលនេះពួកគេជាង១០០គ្រួសារ នៅតែបន្តរស់នៅលើគំនរសំរាម ជាទីដែលផ្ទះពួកគេត្រូវបានឈូសកម្ទេចដោយកម្លាំងក្រុមហ៊ុន ហើយពួកគេកំពុងមានបញ្ហាសុខភាព និងខ្វះអាហារ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com