ដោយ៖ ទូច សុខា
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ស្ថានភាពជំនន់ទឹកភ្លៀងនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (រូបថតពី៖ អង្គការ People In Need)
ប្រជាពលរដ្ឋនៅក្នុងសហគមន៍វាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ លើកឡើងថា ពួកគេកំពុងតែជួបការលំបាកផ្នែកម្ហូបអាហារ ទឹកស្អាត និងផ្នែកសុខភាព ខណៈដែលសហគមន៍របស់ពួកគាត់ប្រមាណ៦០គ្រួសារទទួលរងជំនន់ទឹកភ្លៀងជាង២ខែមកហើយ ។
ពលរដ្ឋសហគមន៍វាលស្បូវម្នាក់អ្នកស្រី នៅ រដ្ឋា អះអាងថា សហគមន៍របស់អ្នកស្រីទទួលរងជំនន់ទឹកភ្លៀងតាំងពីដើមខែតុលា ហើយរហូតមកដល់ពេលនេះ ទឹកមិនទាន់ស្រកអស់នៅឡើយទេ ។ ប្រជាពលរដ្ឋទាំងនោះកំពុងរស់នៅលើទីទួលសុវត្ថិភាព នៅជិតទីតាំងលំនៅដ្ឋានរបស់ពួកគាត់ ។
អ្នកស្រី នៅ រដ្ឋា ឲ្យដឹងថា នៅពេលនេះ ទឹកបានស្រកនៅត្រឹមជង្គង់ ដែលពីមុនទឹកមានជម្រៅត្រឹមភ្លៅ ។ អ្នកស្រីបន្តថា ពួកគាត់មិនទាន់អាចវិលត្រឡប់ទៅកាន់ភូមិវិញបាននៅឡើយទេ ព្រោះផ្ទះរបស់ពួកគាត់នៅតែមានទឹកលិចនៅឡើយ ។ អ្នកស្រីបញ្ជាក់ពីផលលំបាកមួយចំនួនថា ពួកគាត់ពុំមានម្ហូបអាហារហូបគ្រប់គ្រាន់ទេ ដោយសារតែមិនអាចចេញទៅប្រកបរបរអ្វីបាន ហើយទឹកស្អាតក៏មានតម្លៃថ្លៃរហូតជាង៥០០០រៀលក្នុងមួយម៉ែត្រគួប ចំណែកអាជ្ញាធរក៏មិនបានមកជួយពួកគាត់ដែរ ក្រៅពីផ្តល់តង់មួយទំហំ៤ម៉ែត្រគុណ៦ម៉ែត្រសម្រាប់មួយគ្រួសារ ។
លោកស្រីបន្ថែមថា «ឥឡូវពួកខ្ញុំពិបាកណាស់ ពិបាកអញ្ចេះ ទី១សិស្សទៅរៀនអត់បានដោយសារទឹកលិចហ្នឹង ហើយផ្ទះសម្បែងក៏រស់នៅអត់បានដែរ ព្រោះផ្លូវវាពិបាកពេក ។ ផ្លូវវាពិបាកហើយណាមួយពួកខ្ញុំឧស្សាហ៍ឈឺណាស់ អញ្ចឹងទៅកន្លែងសហគមន៍ហ្នឹងអត់បានទេ តែឈឺដឹកគាត់មកពេទ្យអត់ទាន់គាត់ដឹងថាមានគ្រោះថ្នាក់ហើយ។ អញ្ចឹងពួកខ្ញុំនៅលើទីទួលសុវត្ថភាពនៅឡើយ អត់ទាន់វិលទៅភូមិវិញផង»។
ពលរដ្ឋសហគមន៍វាលស្បូវម្នាក់ទៀតអ្នកស្រី ហៀង ណុន បញ្ជាក់ថា នៅមានផ្ទះប្រហែលជា៥០ខ្នងទៀតដែលនៅរងការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ។ អ្នកស្រីសង្ឃឹមថា ទឹកនឹងបន្តស្រកទៅទៀតដោយសារតែខែនេះមិនសូវមានភ្លៀង ។ លោកស្រីថា ទឹកជំនន់នេះបង្កឲ្យមានការលំបាកក្នុងការធ្វើដំណើរ និងបង្កឲ្យក្មេងៗមានជំងឺ និងមិនទាន់មានអាជ្ញាធរចុះមកជួយនៅឡើយទេ ។ លោកស្រីបន្ថែមថា «ផលលំបាកគឺថាពិបាកដើរលុយទឹកស្អុយ អ្នកខ្លះមានស្ពានមានឈើ ធ្វើស្ពានទៅ អ្នកខ្លះប៉ះពាល់កូនក្មេងដោយសារទឹកលិច ទឹកស្អុយ ទៅជាមានជំងឺគ្រុនឈាមជាដើម»។
ទាក់ទិននឹងជំនន់ទឹកភ្លៀងនេះ អ្នកស្រី យឹម ស៊ីមន ចៅសង្កាត់វាលស្បូវមានប្រសាសន៍ថា ទីតាំងសហគន៍វាលស្បូវហ៊ុំព័ទ្ធទៅដោយបឹង ដែលមិនអាចបូមទឹកចេញបាន ហើយពេលណាមានភ្លៀង ទីតាំងនេះមានទឹកដក់ច្រើនជាហេតុនាំឲ្យជនលិច ។ លោកស្រ្តីបន្ថែមថា «មិនអាចដោះបានទេ ព្រោះបឹងនៅជុំវិញទាំងអស់សុទ្ធតែបឹង តែភ្លៀងមកវាល្ហាចល្ហឹមហៀរចូលមកអញ្ចឹង ។ ខាងសុខភាពហ្នឹង ពេទ្រគេចុះមករាល់ថ្ងៃហ្នឹង ភាពញញឹម គេមានពេទ្យគេទៅមើលសព្វគ្រប់ គេមានប័ណ្ណក្រីក្រទៅពេទ្រអត់អស់លុយអី ជួយសព្វជួយគ្រប់ណា»។
ប្រជាពលរដ្ឋសហគមន៍វាលស្បូវក៏បានអំពាវនាវរកជួយជាស្បៀងអាហារដល់ពួគាត់ ដោយអះអាងថានៅពេលនេះពួកគាត់ខ្លះមានជំងឺ និងអ្នកខ្លះបានដាច់ស្បៀងជាបណ្តើរៗហើយ ជាពិសេសកុមារពិបាកក្នុងការធ្វើដំណើរទៅសាលារៀន៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com