ដោយ ហ៊ុំ ចំរើន
2014-12-02
RFA
ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព័រ នៅស្រុកសំឡូត ខេត្តបាត់ដំបង ប្រមាណ ១០នាក់ នាំគ្នាស្ទាក់ចាប់គ្រឿងចក្រមួយគ្រឿង ដែលអាជ្ញាធរភូមិដឹកនាំទៅឈូសឆាយនៅតំបន់ដីព្រៃសហគមន៍ កាលពីរសៀលថ្ងៃទី១ ធ្នូ។
អ្នកភូមិបញ្ជាក់ថា ហេតុដែលទៅរារាំងគ្រឿងចក្រនេះ ដោយសារដីនៅតំបន់នោះជាដីព្រៃរបស់សហគមន៍ ហើយថែរក្សាទុកបែងចែកទៅដល់យុវជនជំនាន់ក្រោយដែលមានគូស្រករថ្មី។
ជនជាតិដើមភាគតិចព័រ នៅស្រុកសំឡូត សម្ដែងការខកចិត្តចំពោះសកម្មភាពរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដែលមិនគិតគូរដោះស្រាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរស់នៅតំបន់ទីដាច់ស្រយាលនោះទេ បែរជានាំគ្នាទៅឈូសឆាយរំលោភលើដីសហគមន៍ជនជាតិដើមទៅវិញ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចព័រ នៅស្រុកសំឡូត លោក ឆឺត ឈន ថ្លែងនៅថ្ងៃទី២ ធ្នូ ថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចប្រមាណ ១០នាក់ នាំគ្នាចេញទៅស្ទាក់ចាប់គ្រឿងចក្រ ដែលកំពុងធ្វើសកម្មភាពនៅលើដីព្រៃរបស់សហគមន៍ ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៩២ រហូតមក។ លោកបន្តថា គ្រឿងចក្រដែលធ្វើសកម្មភាពនោះ ដឹកនាំដោយអាជ្ញាធរភូមិ ទៅឈូសឆាយធ្វើឲ្យហិនហោចដីព្រៃសហគមន៍ ក្នុងគោលបំណងយកដីនោះទៅឲ្យបុគ្គលណាមួយធ្វើជាកម្មសិទ្ធិដោយខុសច្បាប់៖ «ការហាមឃាត់នេះ ដោយសារគាត់ទៅគាស់កកាយធ្វើជាលំនៅឋាន ហើយប៉ះពាល់ដីដែលគេពុំទាន់បែងចែកទៅឲ្យសមាជិកក្នុងសហគមន៍នៅឡើយ។ ហើយដីនោះកន្លងមក អាជ្ញាធរខេត្តបានចេញលិខិតហាមឃាត់មិនឲ្យភាគីណាមួយធ្វើសកម្មភាពអ្វីនៅលើដីនោះទេ»។
ដីព្រៃដែលអាជ្ញាធរភូមិយកគ្រឿងចក្រទៅឈូសឆាយនោះ ទំហំទទឹងប្រមាណ ៣៥ម៉ែត្រ និងបណ្ដោយប្រមាណ ១០០ម៉ែត្រ ស្ថិតនៅចំណុចភូមិភ្នំរៃ ឃុំតតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
អ្នកភូមិអះអាងថា ដីចំនួននេះជាដីរបស់សហគមន៍ថែរក្សាទុក ដើម្បីបែងចែកទៅឲ្យគ្រួសារជនជាតិដើមភាគតិចជំនាន់ក្រោយដែលមានគូស្រករហើយ តែគ្មានដីធ្វើជាកម្មសិទ្ធិអាស្រ័យផលនៅលើដីនោះ។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំតតោក អ្នកស្រី គឹម លី មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរភូមិពិតជាឋិតនៅក្នុងហេតុការណ៍នោះមែន ប៉ុន្តែដីដែលឈូសឆាយនោះពុំមែនជារបស់សហគមន៍ជនជាតិដើមភាគតិចនោះទេ គឺជាដីរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ហើយអាជ្ញាធរភូមិគ្រាន់តែទៅឃ្លាំមើល ដើម្បីឲ្យប្រជាពលរដ្ឋម្ចាស់ដីឈូសឆាយដោយស្រួលប៉ុណ្ណោះ៖ «អត់មានបញ្ហាអីទេ ដីនោះជាដីកម្មសិទ្ធិរបស់គាត់តែម្ដង។ ម្យ៉ាងទៀត ពាក់ព័ន្ធសហគមន៍ហ្នឹងនៅរៀបចំមិនទាន់ស្រួលបួលនៅឡើយទេ ហើយដើម្បីឲ្យបានត្រឹមត្រូវនៅរៀបចំសាជាថ្មីម្ដងទៀត ព្រោះកាលដែលយើងវាស់ហ្នឹងប៉ះលើដីខ្មែរក៏ច្រើនដែរ។ អ៊ីចឹងដើម្បីងាយស្រួល គឺត្រូវដកដីដែលមិនមែនជនជាតិភាគតិចដាច់ដោយឡែកតែម្ដង បានអាចទៅរួច»។
ទោះយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ដីព្រៃដែលឈូសឆាយនោះជាដីមានជម្លោះឋិតនៅភាពចម្រូងចម្រាស ពុំទាន់ដោះស្រាយរួចរាល់នៅឡើយទេ។ យ៉ាងណាលោកថា ល្គឹកណាពុំមានការដោះស្រាយនៅឡើយ អាជ្ញាធរពាក់ព័ន្ធគួរកុំធ្វើសកម្មភាពអ្វីនៅលើដីនោះជាការប្រសើរ៖ «ធ្វើយ៉ាងម៉េចថែរក្សាកុំឲ្យបាត់បង់ដីសហគមន៍ជនជាតិដើមភាគតិចព័រ របស់ពួកគាត់ កាលណាបាត់ដីធ្វើឲ្យមានតែសហគមន៍ តែអត់មានដី គឺគ្មានប្រយោជន៍ទេ។ បើអ៊ីចឹងទេ សុំឲ្យការពារដីនោះឲ្យនៅជាដដែលសិន»។
ទោះយ៉ាងនេះក្ដី ជនជាតិដើមភាគតិចព័រ អំពាវនាវឲ្យអាជ្ញាធរខេត្តបាត់ដំបង ពន្លឿនដោះស្រាយដីដែលមានជម្លោះនៅតំបន់សំឡូតឲ្យបានឆាប់ ដើម្បីយកដីនោះទៅដាំដុះអាស្រ័យផល និងសម្រាប់ធ្វើជាទីកន្លែងរក្សាប្រពៃណីរបស់ជនជាតិដើមភាគតិចដោយស្រួល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្រុងយល់ព្រមឲ្យសង្គមស៊ីវិលចូលរួមប្រជុំរកដំណោះស្រាយជូនអ្នកបុរីកីឡា
- ពលរដ្ឋមានជម្លោះដីធ្លីជាមួយអាជ្ញាធរនិងក្រុមហ៊ុននៅពោធិ៍សាត់ផ្អាកការតវ៉ារង់ចាំដំណោះស្រាយ
- ពលរដ្ឋមានទំនាស់ដីនៅបន្ទាយមានជ័យស្នើឲ្យអាជ្ញាធរពន្លឿនការដោះស្រាយ
- អារម្មណ៍របស់កូនៗដែលម្ដាយជាប់ពន្ធនាគារព្រោះតវ៉ាដីធ្លី
- អ្នកជាប់ឃុំព្រោះតវ៉ារឿងផ្ទះលិចទឹកធ្វើយុទ្ធនាការបង្អត់អាហារក្នុងគុកព្រៃស
- មេប៉ុស្តិ៍ឃុំកំពង់ឫស្សីខេត្តព្រៃវែងមិនជួបតំណាងរាស្ត្រដើម្បីដោះស្រាយទំនាស់ដីភូមិ
- ក្រុមហ៊ុនដូវទឺសៃហ្គនឈូសឆាយដីព្រៃការពាររបស់ជនជាតិដើមភាគតិចព្នង
- ពលរដ្ឋនៅខេត្តត្បូងឃ្មុំចោទអាជ្ញាធរថាមិនឲ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាស្រុក
- អាជ្ញាធរខេត្តមណ្ឌលគិរីអំពាវនាវឲ្យជនជាតិដើមព្នងឈប់បង្កើតភូមិថ្មីក្នុងតំបន់ព្រៃអភិរក្ស