សោភ័ណ្ឌ លីនដា បរិយាយ​ស្នេហ៍​ផ្អែមល្ហែម​ថ្ងៃ​ខួប​១​ឆ្នាំ

តារាសម្តែង​នាង សោភ័ណ្ឌ លីនដា និង​សង្សារ​លោក ខួល មករា​។

តារាសម្តែង​នាង សោភ័ណ្ឌ លីនដា និង​សង្សារ​លោក ខួល មករា​។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ចំណងស្នេហ៍​ដែល​មាន​តួឯក​ប្រុស​ជា​អ្នកដឹកនាំ​សម្តែង​នៅ​ផលិតកម្ម​សាន់ដេ រីឯ​តួឯកស្រី​ជា​តារាសម្តែង​នោះ ទាំង​នាង សោភ័ណ្ឌ លីនដា និង លោក ខួល មករា បាន​សរសេរ​សារ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​បង្ហាញ​សាធារណៈ ដោយ​បរិយាយ​ពី​ទឹកចិត្ត​ស្នេហ៍​ទៅវិញ​ទៅមក ជាមួយ​ការ​រំឭក​ថា ចំណងស្នេហ៍​ពួកគេ​បាន​ចាប់ដៃ​គ្នា មាន​អាយុកាល​មួយ​ឆ្នាំ​ហើយ។

តារាសម្តែង​រាង​តូចច្រឡឹង​មាន​កំណើត​នៅ​ទីរួមខេត្ត​ព្រៃវែង នាង សោភ័ណ្ឌ លីនដា ដែល​ពេល​នេះ​កំពុង​ផ្ញើ​កាយសម្តែង​កើប​លុយ​នៅ​ដែនកោះ​អូស្រ្តាលី​នោះ បាន​សរសេរ​សារ​ជាពិសេស អម​ជាមួយ​វីដេអូ បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល និង​ភាព​ផ្អែមល្ហែម​ជូន​សង្សារ​នៅលើ​ហ្វេសប៊ុក​ថា៖​«រីករាយ​ខួប​មួយ​ឆ្នាំ​សម្រាប់​ស្នេហា​យើង​ពី​ថ្ងៃ​ទី​៣ ខែ​១២ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣​ខែ​១២ ឆ្នាំ​២០១៤​។ វីដេអូ មួយ​នេះ​អត់​ឡូយ​ទេ តែ​អូន​ធ្វើ​វា​អស់​ពី​ចិត្ត អរគុណ​សម្រាប់​ក្តីស្រឡាញ់​ណា​បង ហើយ​អរគុណ​ដែល​បង​ថែរក្សា​ក្តីស្នេហ៍​យើង​។ សូម​ឲ្យ​បង​ថែរក្សា​វា​ជា​រៀងរហូត​ណា​បង ស្តាយ​ណាស់​ដែល​ថ្ងៃ​នេះ​អូន​អត់​នៅ​ខ្មែរ បង​មករា ខួល ជា​ទីស្រឡាញ់​»។

តប​សារ​ដែល​ម្ចាស់ចិត្ត​បរិយាយ​ស្នេហ៍​ពី​ដែនកោះ​អូស្រ្តាលី​នោះ លោក មករា បាន​រ៉ាយរ៉ាប់​តប​វិញ​ថា៖​«រីករាយ​សម្រាប់​ខួប​មួយ​ឆ្នាំ​របស់​ស្នេហា​យើង​»។ លោក មករា សរសេរ​ត​ថា៖​«បង​មិន​ដឹង​ថា ហេតុអ្វី បង​ស្រឡាញ់​អូន សោភ័ណ្ឌ លីនដា ប៉ុន្តែ​បង​ដឹងថា​រាល់​ថ្ងៃ​អូន​ខ្លាច​បង​ដើរ​ចោល​អូន ។ បង​ប្រាប់​អូន បង​ក៏​ខ្លាច​អូន​ទៅ​ចោល​បង​ដូច​គ្នា ប៉ុន្តែ​ពេល​នេះ​បង​ចង់​ប្រាប់​អូន​ថា បង​ចង់​នៅ​ក្បែរ​អូន ហើយ​រស់នៅ​ជាមួយ​អូន រហូត​មក​ពួកយើង​មិន​ដែល​បែក​គ្នា។ គិតៗ​ទៅ​យើង​ស្គាល់​គ្នា​បាន​មួយ​ឆ្នាំ​ហើយ ហើយ​តាំងពី​ពេល​បង​ស្គាល់​អូន​មក បង​ពិតជា​សប្បាយ​ចិត្ត​ណាស់ មាន​ពេល​ខ្លះ​បង​ក៏​ធ្វើឲ្យ​អូន​យំ ប៉ុន្តែ​បង​ធ្វើ​នេះ​មកពី​បង​ស្រឡាញ់​អូន​ពេក»។

លោក មករា បាន​រៀបរាប់​ដូច​ប្រលោមលោក​ថា៖​«​បង​ដឹង​ត្រឹម​ថា គ្រប់​ពេល​បង​នៅ​ក្បែរ​អូន បង​សប្បាយ​ចិត្ត មាន​ពេល​ខ្លះ​បង​សោកស្តាយ នេះ​មិនមែន​មកពី​អូន​ទេ ក៏​មកពី​ការងារ​បង និង​ក្រុម​គ្រួសារ​បង​ទេ អូន​ពី​ពេល​នេះ​ទៅ បង​សន្យា​នឹង​អូន​ហើយ សន្យា​នឹង​ខ្លួនឯង​ថា បង​នឹង​ធ្វើ​វា​បាន។ បង​ស្រឡាញ់​អូន ជា​ទីបញ្ចប់​ពួកយើង​នឹង​នៅ​ជាមួយ​គ្នា​ជា​រៀងរហូត​»។

រំឭក​ថា គូស្នេហ៍​អ្នកដឹកនាំ​សម្តែង និង​តារាសម្តែង​ស្រី​មួយ​គូ​នេះ ត្រូវ​បាន​គេ​ទម្លាយ​ថា ពួកគេ​ថែម​ទាំង​បាន​រួមរស់​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ជាមួយ​គ្នា​ផង​។ ប៉ុន្តែ​យ៉ាងណា​ជុំវិញ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​ស្រីស្រស់​តូចច្រឡឹង នាង សោភ័ណ្ឌ លីនដា បាន​បដិសេធ​ថា​មិនមែន​ជា​ការពិត​ដូច​គេ​និយាយ​នោះ​ទេ។ ពួកគេ​បាន​បញ្ជាក់​ថា៖​«​ពួកយើង​ស្រឡាញ់​គ្នា​មែន ប៉ុន្តែ​មិន​ធ្វើ​អ៊ីចឹង​ទេ»៕


What Next?

Recent Articles