ដោយ កែវ និមល
2014-12-06
RFA
កម្មករខ្មែរមួយរូបដែលអណ្ដែតនៅក្នុងទឹកសមុទ្រនៅប្រទេសម៉ាឡេស៊ី ជាប់ព្រំដែនប្រទេសសិង្ហបុរី ត្រូវកប៉ាល់ម៉ាឡេស៊ី ឈ្មោះ អ៊ិមធី ណាវី យូនីវែស (MT NAVE UNIVERSE) ជួយសង្គ្រោះជីវិតពីទឹកសមុទ្រកាលពីថ្ងៃទី៣ ធ្នូ។ កប៉ាល់នេះជារបស់ក្រុមហ៊ុន ម៉ារីទីម ណែតវគ (MARITIM NETWORK) ម៉ាឡេស៊ី។
កម្មករខ្មែរដែលត្រូវកប៉ាល់ម៉ាឡេស៊ី ជួយសង្គ្រោះជីវិតពីទឹកសមុទ្រនោះ ឈ្មោះ ឈឿន ឈាង អាយុ ៣៤ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង។ ប្រភពមន្ត្រីស្ថានទូតខ្មែរនៅម៉ាឡេស៊ី បានឲ្យដឹងថា លោក ឈឿន ឈាង បានធ្វើការនៅលើទូកនេសាទថៃ រយៈពេល ៤ឆ្នាំ ដោយមិនបានទទួលប្រាក់ខែទេ។ ដោយមានជម្លោះជាមួយជនជាតិថៃ នៅលើទូក គាត់បានលោតចូលទៅក្នុងទឹកសមុទ្រ។
យោងតាមលិខិតរបស់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ជូនដំណឹងមករដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃទី៤ ធ្នូ បានឲ្យដឹងថា ក្រោយពីបានទទួលដំណឹងអំពីការជួយសង្គ្រោះនោះមក កាលពីថ្ងៃទី៤ ធ្នូ ស្ថានទូតបានអន្តរាគមន៍ទៅប៉ូលិសអន្តោប្រវេសន៍ម៉ាឡេស៊ី ឲ្យក្រុមហ៊ុន MARITIME NETWORK ជួយដឹកកម្មករ ឈឿន ឈាង មកស្ថានទូត។ ដោយសារកម្មករនេះ គ្មានលិខិតស្នាមអ្វីជាប់ជាមួយ ស្ថានទូតបានធ្វើលិខិតបើកផ្លូវ និងឧបត្ថម្ភថវិកា ១០០ដុល្លារដល់លោក ឈឿន ឈាង។
ចំពោះករណីកម្មករ ឈឿន ឈាង នេះ ក្រុមហ៊ុន MARITIME NETWORK បានធានាទិញសំបុត្រយន្តហោះ និងជូនលោក ឈឿន ឈាង មកកម្ពុជាវិញ។ ប៉ុន្តែពេលវេលាពិតប្រាកដថា មកវិញថ្ងៃណា មិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ៕
