​ក្បួន​ធម្ម​យាត្រា​អប់រំ​សិទ្ធិ​មនុស្ស​ចូល​កាន់តែ​ជិត​ដល់​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​ទាំង​៦​

ដោយ៖​ ណុល ដារ៉ា និង​ ណាត សុភាព​
ថ្ងៃអាទិត្យ ទី7 ធ្នូ 2014
http://vodhotnews.com

​ក្បួន​ធម្ម​យាត្រា​អប់រំ​សិទ្ធិមនុស្ស ដែល​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ជាង​២០០ បាន​កំពុងធ្វើដំណើរ​តាម​ផ្លូវជាតិ​សំខាន់ៗ ចូល​មក​ជិត​ដល់​រាជធានី​ភ្នំពេញ​ហើយ ទោះបីជា​ក្បួន​ខ្លះ​ត្រូវបាន​អាជ្ញាធរ​នៅ​តាម​ដងផ្លូវ​រារាំង​រំខាន​យ៉ាងណាក្ដី ។​

​តាម​ប្រភព​ពី​អ្នកយក​ព័ត៌មាន​VOD លោក​ញឹម សុខន ដែល​តាមដាន​ការហែក្បួន​នៅ​ផ្លូវ​ជាតិ​លេខ​៦ ឲ្យដឹងថា ក្បួន​បាន​ដើរ​មក​ចំណុច​រការ​កោង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មាន​ចម្ងាយ​ជិត​៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ 

​មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដ​ហុក លោក​ចាន់ សុ​វ៉េ​ត ដែល​ឃ្លាំមើល​ការដើរ​ហែ​ក្បួន​អប់រំ​សិទ្ធិមនុស្ស​នេះ ឲ្យ ​VOD ដឹង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ថា ក្បួន​តាម​ផ្លូវជាតិ​លេខ​១ បាន​មក​ដល់​ឃុំ​សំរោង​ធំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ចម្ងាយ​ជិត​៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ក្បួន​តាម​ផ្លូវជាតិ​លេខ​២ មកដល់​ស្រុក​សំរោង ខេត្តតាកែវ ចម្ងាយ​ប្រមាណ​៦០ គីឡូ​មែត្រ​ពី​ភ្នំពេញ​។​

​លោក​ចាន់ សុ​វេត ឲ្យដឹង​បន្ត​ទៀត​ថា ក្បួន​តាម​ផ្លូវជាតិ​លេខ​៤ បាន​ចូលមក​ដល់​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ហើយ ចំណែក​ក្បួន​តាម​ផ្លូវជាតិ​លេខ​៥ បាន​មកដល់​ស្រុក​សាមគ្គី​មានជ័យ គឺ​នៅ​ចម្ងាយ​ជិត​៤០​ពី​រាជធានី​ភ្នំពេញ​។​

​ចំណែកឯ​ក្បួន​តាម​ផ្លូវជាតិ​លេខ​៣ ព្រះ​តេជគុណ​លួ​ន សុ​វ៉ាត ឲ្យដឹងថា បាន​មក​ហួស​ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ចម្ងាយ​ប្រមាណ​៥០ គីឡូ​មែត្រ​ពី​ភ្នំពេញ​។​

​លោក​ចាន់ សុ​វេត បញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ស្អែក​នេះ ក្រុម​ហែ​ក្បួន​ទាំង​៦​ផ្លូវជាតិ នឹង​ចូល​មក​ជួប​គ្នា​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​គ្នា ។​

​តាម​គម្រោង ការដើរ​ហែ​ក្បួន​ចូល​មក​រាជធានី​ភ្នំពេញ​នេះ គឺ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ថ្ងៃ​១០​ធ្នូ នៅ​មុខ​រដ្ឋសភាជាតិ និង​ដាក់​ញត្តិ​ឲ្យ​ស្ថាប័ន​នេះ ជួយ​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​បញ្ឈប់​និ​ទណ្ឌ​ភាព ការរំលោភ​យក​ដីធ្លី​ពលរដ្ឋ និង​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​ជាដើម​៕

សូម​សរសេរ​មក​លោក ណុល ដារ៉ា តាម​រយៈ dara@vodhotnews.com និង​លោក ណាត សុភាព តាម​រយៈ sopheap@vodhotnews.com

What Next?

Recent Articles