ដោយ អាន ស៊ីថាវ
2014-12-07
RFA

១៨-មករា-២០១២៖ ពលរដ្ឋនៅបុរីកីឡា ដែលត្រូវអាជ្ញាធរចាប់បញ្ជូនទៅឃុំនៅមជ្ឈមណ្ឌលព្រៃស្ពឺ ជាយរាជធានីភ្នំពេញ។ (RFA/Sek Bandith)
ការឃុំខ្លួនមនុស្សក្រៅប្រព័ន្ធតុលាការ រហូតដល់មនុស្សស្លាប់ គឺជាបញ្ហាដែលកើតមានមិនចេះចប់នៅប្រទេសកម្ពុជា។ បច្ចុប្បន្ន ការរកឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិឈ្មោះ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា គួរតែបញ្ឈប់នូវការរំលោភនានាចំពោះជនរងគ្រោះដែលមិនទាន់ឆ្លង កាត់ប្រព័ន្ធតុលាការនេះជាបន្ទាន់។
ការចាប់ចង ការដាក់ទណ្ឌកម្ម និងកាត់ទោសចំពោះជនអនាថាដែលរស់នៅតាមដងផ្លូវសាធារណៈ និងស្ត្រីរកស៊ីផ្លូវភេទនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជារឿងកើតមានដដែលដែលអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជាច្រើនបានរកឃើញ។
សេចក្ដីប្រកាសរួមគ្នា នៅថ្ងៃទី៧ ធ្នូ របស់អង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ បានបង្ហាញថា នៅមជ្ឈមណ្ឌលសង្គមកិច្ចមួយចំនួននៅប្រទេសកម្ពុជា មានការរំលោភបំពាននានា និងមានរំលោភរហូតដល់មានមនុស្សស្លាប់។ បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា គួរតែបញ្ឈប់ភ្លាមចំពោះការរំលោភបំពាននានាដល់ការឃុំខ្លួនមនុស្ស ក្រៅប្រព័ន្ធតុលាការ។ ការរកឃើញរបស់អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថាមានបុរសម្នាក់ឈ្មោះ ភា បានស្លាប់នៅក្នុងមណ្ឌលវិជ្ជាជីវៈព្រៃស្ពឺ ដែលស្ថិតនៅក្បែររាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ វិច្ឆិកា កន្លងមក ដោយគ្មានការព្យាបាលថែទាំងឡើយ។
ប្រធានអង្គការ សិទ្ធិមនុស្សលីកាដូ កញ្ញា ណាលី ពីឡូក បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ការរំលោភបំពានដល់ការឃុំមនុស្សក្រៅប្រព័ន្ធតុលាការ គឺមិនអាចទទួលយកបានឡើយ ដែលបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា គូរតែបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ បន្ថែមលើនេះ មន្ត្រីសម្របសម្រួលស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ដដែល លោក អំ សំអាត បានបញ្ជាក់ថា ទោះបីជារូបភាពបែបណាក៏ដោយ ការឃុំខ្លួនត្រូវមានការការពារ ដោយមិនត្រូវទុកឲ្យមនុស្សស្លាប់ដោយគ្មានការទទួលខុសត្រូវនោះ ទេ។ ម៉្យាងវិញទៀត មណ្ឌលអប់រំវិជ្ជាជីវៈ គឺជាទីកន្លែងបណ្ដុះបណ្ដាលដោយមិនចាត់ទុកថា ជាមណ្ឌលឃុំខ្លួននោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ និងក្រសួងសង្គមកិច្ចបានទេ នៅថ្ងៃអាទិត្យ ទី៧ ធ្នូ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ បានធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌបណ្ដុះបណ្ដាលជាច្រើនចំពោះជន អនាថាដែលកំពុងស្នាក់នៅទីនោះ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ជាពិសេសមជ្ឈមណ្ឌលសង្គមកិច្ច នៅតែមានការរំលោភសិទ្ធិមនុស្ស ក្នុងនោះមានអ្នកមានជំងឺ ត្រូវទុករហូតដល់ស្លាប់ដោយគ្មានការព្យាបាល។
ចំណែកអង្គការ អន្តរជាតិជាច្រើនទៀត ក៏បានបញ្ជាក់ស្រដៀងនេះដែរថា មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ មានការរំលោភសិទ្ធិមនុស្សជាច្រើន រួមមានការធ្វើទារុណកម្មរហូតដល់ស្លាប់ និងការរំលោភសេពសន្ថវៈ ចាប់តាំងពីមជ្ឈមណ្ឌលនេះបានបង្កើតឡើងកាលពីឆ្នាំ២០០៤។
ប្រធាន អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) មានប្រសាសន៍ថា អាជ្ញាធរកម្ពុជា ត្រូវតែកែប្រែមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ និងមជ្ឈមណ្ឌលដទៃទៀត ឲ្យក្លាយជាស្ថាប័នមួយដែលគោរពសិទ្ធិមនុស្ស។ លោកបញ្ជាក់ទៀតថា ការស្លាប់បុរសម្នាក់នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺចុងក្រោយនេះ គឺជាការបង្ហាញទៅសហគមន៍អន្តរជាតិ ម្ចាស់ជំនួយអភិវឌ្ឍន៍ និងស្ថានទូតបរទេសនានា គួរទាមទាររួមគ្នា បិទមជ្ឈមណ្ឌលព្រៃស្ពឺ និងធានាឲ្យមានការការពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលគេបោះបង់ចោល។
បច្ចុប្បន្ន ប្រទេសកម្ពុជា មានមជ្ឈមណ្ឌលសង្គមកិច្ចចំនួន ៦ នៅទូទាំងប្រទេស និងបានប្រមូលជនអនាថា ស្រីពេស្យាចារ និងជនពិការប្រមាណ ២ពាន់នាក់ក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីបក្សប្រឆាំងទៅសួរសុខទុក្ខសកម្មជនជាប់ឃុំនៅព្រៃស
- វត្តនៅខេត្តកំពង់ចាមនៅតែបិទទ្វារមិនឲ្យអ្នកហែក្បួនសិទ្ធិយាត្រាចូលសម្រាក
- យុវជនរាំម៉ាឌីហ្ស៊ូននៅទីធ្លាមុខវត្តបទុមវតីចូលរួមយុទ្ធនាការបញ្ចប់អំពើហិង្សាលើស្ត្រី
- សហគមន៍ព្នងនៅមណ្ឌលគិរីអះអាងថាជនជាតិដើមភាគតិចនៅតែរងការរំលោភសិទ្ធិ
- មន្ត្រីសិទ្ធិមនុស្សអន្តរជាតិនិងយូណេស្កូបារម្ភពីសន្តិសុខអ្នកកាសែតនៅកម្ពុជា
- ក្រុមការងារអ.ស.ប មិនអាចសុំកិច្ចសហការពីអាជ្ញាធរសង្គ្រោះជនជាតិម៉ុងតាញ៉ា១៣នាក់
- សមត្ថកិច្ចរារាំងក្រុមហែក្បួនសិទ្ធិយាត្រាចេញពីខេត្តតាកែវឯខេត្តផ្សេងធ្វើដំណើរធម្មតា
- Freedom House៖ សិទ្ធិសេរីភាពអ៊ីនធឺណិតនៅកម្ពុជាមិនទាន់រីកចម្រើន
- ក្រុមអ្នកហែក្បួនធម្មយាត្រាសិទ្ធិយាត្រាខ្លះមានបញ្ហាជាមួយអាជ្ញាធរ