ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ក្បួតដង្ហែផ្សព្វផ្សាយតួនាទីបុរសល្អ (រូបថត៖ ថុល ស្រីលក្ខណ៍)
នេះជាសំឡេងក្បួនដង្ហែជាប្រវត្តិសាស្ត្រមួយរបស់ ទាហាន នគរបាល កងរាជអាវុធហត្ថ អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជិត៤០០នាក់ ដែលភាគច្រើនជាបុរស ។ ពួកគេ ដើរហែក្បួនផ្សព្វផ្សាយពីតួនាទីបុរសល្អ ដើម្បីបង្ហាញនូវឆន្ទៈ ក្នុងកិច្ចគាំពារស្ត្រី ចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី ។ ក្បួនដង្ហែនេះ ត្រូវធ្វើដំណើរចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលកីឡាខេត្តកំពង់ស្ពឺ កាត់តាមផ្សារទីរួមខេត្ត ទៅតាមដងផ្លូវជាតិលេខ៤ និងត្រឡប់មកទីតាំងដើមវិញ ។
ក្នុងការដើរហែក្បួននេះ បុរសៗទាំងនោះមានកាន់អំបោស ឆ្នាំង ធុង បដា បង្ហាញពីសកម្មភាពបុរសល្អជួយកិច្ចការស្ត្រី ក្នុងគោលបំណង បង្កើនចំនួនកងប្រដាប់អាវុធ ជាជនគំរូក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការបង្ក្រាបបទល្មើស លើកកម្ពស់ប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារីនៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងពីតួនាទីបុរសល្អជាដើម ។
បែកញើសជោកខ្លួន ក្នុងសម្លៀកបំពាក់ឯកសណ្ឋានជាកងម្លាំងប្រដាប់អាវុធ លោក លី អូន នាយកការិយាល័យព័ត៌មានទូទៅនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននិយាយថា ក្នុងការចូលរួមយុទ្ធនាការនេះ លោកទទួលបានចំណេះដឹងច្រើនបន្ថែមទៀត ពាក់ព័ន្ធទៅនឹងតួនាទីបុរសល្អ ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារី ។ លោកថា លោកនឹងយកចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋឲ្យបានយល់ដឹងពីតួនាទីបុរសល្អនេះ ។ លោកថា «គឺថាកាតព្វកិច្ចមួយដែលយើងត្រូវតែយល់ដឹង ហើយយើងត្រូវគោរពចំពោះស្ត្រីទូទាំងប្រទេស ក៏ដូចជាបុរសផ្សេងៗទាំងអស់ ដែលត្រូវយកចិត្តដាក់ចំពោះស្ត្រី និងធ្វើជាបុរសល្អ ។ មានន័យថាយើងចេះគោរពស្ត្រីចេះគោរពក៏ដូចជាបុរសផ្សេងក៏ដោយ ក៏យើងចេះគោរពសិទ្ធិគ្នាទៅវិញទៅមក យើងចេះជួយយកចិត្តទុកដាក់ក្នុងការងារលំបាក មិនថាស្ត្រី ឬក៏បុរសទេ យើងចេះជួយគ្នាទៅវិញទៅមក។ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទាំងអស់ ឲ្យបានយល់អំពីបុរសល្អ ដែលចេះយកចិត្តទុកដាក់ចំពោះគ្រួសារ ឬក៏ប្រជាពលរដ្ឋទូទៅទាំងអស់ដែរ» ។
មិនខុសគ្នាដែរ កងកម្លាំងប្រដាប់អាវុធផ្សេងៗទៀតអះអាងស្រដៀងគ្នាថា បុរសល្អមានតួនាទីសំខាន់ក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារី ។
អត្ថបទទាក់ទង
យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៤រួមគ្នា (ដៃគូសម្រាប់ការពារ P4P) ចេញផ្សាយឆ្នាំ២០១៣បានបង្ហាញថា ក្នុងចំណោមបុរសចំនួន១៨៦៣នាក់ មានបុរសចំនួន២០,៨% ធ្លាប់មានពិសោធន៍រំលោភសេពសន្ថវៈលើស្ត្រី ។ ផ្អែកលើរបាយការណ៍នេះ អ្នកជំនាញជាច្រើនយល់ឃើញថា ជាពិសេសបុរសដែលមានតួនាទីដូចជា ទាហាន នគរបាល និងកងរាជអាវុធហត្ថជាដើម មានតួនាទីសំខាន់ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សាលើស្ត្រីនៅកម្ពុជា ។
យុវជនម្នាក់ ដែលកំពុងឈរមើលយុទ្ធនាការនេះ លោក សម្បត្តិ វិចិត្រ ថ្លែងថា នេះជាលើកទី១ហើយ លោកបានឃើញកម្លាំងប្រដាប់អាវុធ ចុះផ្សព្វផ្សាយពីតួនាទីបុរសល្អដល់ពលរដ្ឋ ។ លោកថា លោកប្តេជ្ញាអនុវត្តតាមការអប់រំនេះ ដើម្បីឲ្យគ្រួសាររស់នៅក្នុងសុភមង្គល ។ លោកថា «យើងត្រូវផ្តល់សិទ្ធិដល់ខាងនារីឲ្យបានច្រើន ហើយយើងជួយថែរក្សានារី យើងត្រូវផ្តល់សិទ្ធិនារី ធ្វើម៉េចឲ្យយល់សិទ្ធិគ្នាទៅវិញទៅមក។ ខ្ញុំនឹងចេះទៅ នឹងអាចយល់ច្រើន និងអាចធ្វើដូចគេ » ។
យុទ្ធនាការបុរសល្អ គឺជាគំនិត្យផ្តួចផ្តើមសកម្មភាពសម្រាប់ប្រទេសទាំងមូល ដោយផ្តោតលើក្រុមគោលដៅជាបុរសចំនួន ៣ ៥០០ ០០០ នាក់ មានអាយុចន្លោះពី១៥ ដល់៤៩ឆ្នាំ ៧៥%នៅតាមជនបទ នេះបើយោងតាមឯកសាររបស់អង្គការសន្តិភាព និងអភិវឌ្ឍន៍(PYD) ។ គោលការណ៍បុរសល្អមាន៦យ៉ាងគឺ បុរសគោរពក្មេងស្រី និងស្ត្រី បុរសបដិសេធរាល់ទម្រង់ហិង្សា លើស្ត្រី និងក្មេងស្រី បុរសចូលរួមចំណែកជួយដល់ការអប់រំរបស់កូន បុរសចែករំលែកមតិយោបល់ព្រមទាំងគោរពមតិយោបល់របស់ស្ត្រី បុរសចែករំលែកការងារផ្ទះ និងពិភាក្សាដើម្បីដោះស្រាយបញ្ហាជាដើម ។

កងកម្លាំងសមត្ថកិច្ចចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយតួនាទីបុរសល្អ
ប្រធានផ្នែកទំនាក់ទំនងនៃអង្គការសន្តិភាព និងអភិវឌ្ឍន៍(PYD) លោកស្រី គឹម កល្យាណី មានប្រសាសន៍នៅកន្លែងវេទិការនេះថា មូលហេតុដែលជ្រើសរើស កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយុទ្ធពលខេមរភូមិន្ទ ជាគោលដៅសំខាន់ក្នុងកិច្ចការនេះ ដោយសារអ្នកទាំងនោះជាអ្នកអនុវត្តច្បាប់ ហើយពួកគេជាគំរូល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ។ លោកស្រីបន្តថា «ជ្រើសរើសយកការចូលរួមរបស់ខាងកងកម្លាំងប្រដាប់អាវុធ ដែលមានដូចជានគរបាល យោធា និងកងរាជអាវុធហត្ថ គឺយើងចង់បញ្ជាក់ឲ្យប្រជាជនទាំងអស់ ជាពិសេសបុរសទូទាំងផ្ទៃប្រទេសយើង ឲ្យបានដឹងថា គ្រប់ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល គឺសុទ្ធតែមានការយកចិត្តទុកដាក់ជាខ្លាំង នៅក្នុងចូលរួមទប់ស្កាត់ ក៏ដូចជា បង្ក្រាបអំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកម្ពុជា ជាពិសេសបងៗដែលជាកងកម្លាំងប្រដាប់អាវុធ ដែលគាត់គឺជា អ្នកអនុវត្តច្បាប់ស្រាប់ គឺគាត់បង្ហាញនូវការតាំងចិត្ត និងឆន្ទៈខ្ពស់ ក្នុងការចូលរួមបញ្ឈប់អំពើហិង្សានេះ» ។
ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី លោកស្រី កេត ម៉ារឌី មានប្រសាសន៍ក្នុងកម្មវិធីនេះដែរថា រហូតមកដល់ពេលនេះកម្ពុជា មិនទាន់មានរបាយការណ៍ជាក់លាក់ បង្ហាញឲ្យច្បាស់លាស់ ពីបញ្ហាអំពើហិង្សាលើស្ត្រី នៅកម្ពុជានៅឡើយទេ គ្រាន់តែដឹងថា បញ្ហានេះហាក់មានការថយចុះក្នុងកម្រិតមួយ។ លោកស្រីបន្ថែមថា កងកម្លាំងសមត្ថកិច្ចមានតួនាទីសំខាន់ ដោយសារអ្នកទាំងនោះជាអ្នកអនុវត្តច្បាប់ ដូច្នេះគាត់ត្រូវធ្វើជាគំរូសម្រាប់ពលរដ្ឋទូទៅ ។ លោកស្រីបន្ថែមថា «សារសំខាន់បំផុតគឺថា ដូចយើងបានដឹងហើយថា អ្នកដែលប្រព្រឹត្តច្រើនជាងគេគឺបុរស។ អ៊ីចឹងហើយអ្វីដែលយើងធ្វើយុទ្ធនាការថ្ងៃនេះ គឺយើងនិយាយអំពី បុរសល្អផ្តល់តម្លៃឲ្យស្ត្រី អ៊ីចឹងដើម្បីកាត់បន្ថយនូវអំពើហិង្សា យើងមិនគិតថា លុបបំបាត់តែម្តងទេ តែសុំឲ្យមានការកាត់បន្ថយ ។ អ៊ីចឹងទាមទារឲ្យបុរសគាត់ត្រូវការផ្លាស់ប្តូរឥរិយាបថ ក្នុងនាមគាត់ជាបុរស ដែលជាមេគ្រួសារ សុំឲ្យគាត់គិតគូរឡើងវិញ នៅពេលដែលប្រព្រឹត្តនៅអំពើហិង្សា ទៅលើស្ត្រី ព្រោះថាកំហុសវាតែងតែកើតមាន ប៉ុន្តែយើងមិនអាចដោះដូរទៅវិញនូវការប្រើអំពើហិង្សាទេ គឺយើងអាចស្វែងរកនីតិវិធីផ្សេងទៀត ដោយការជជែកគ្នា ដោយការអធ្យាស្រ័យ យល់ពីគ្នាទៅវិញទៅមក នោះគ្រួសារមានសុភមង្គល ហើយអំពើហិង្សាក៏លែងកើតមាននៅក្នុងគ្រួសារផងដែរ» ។
តាមក្រសួងកិច្ចការនារី និងអង្គកា(PYD) បានឲ្យដឹងថា ការដង្ហែក្បួនប្រភេទនេះ គ្រោងអនុវត្តទៅលើខេត្តគោលដៅចំនួន៤ ដូចជា ខេត្តកំពង់ស្ពឺ កំពត ស្ទឹងត្រែង និងខេត្តរតនគិរី នៅចុងខែវិច្ឆិកា និងដើមខែធ្នូបន្តទៀត ។ ទោះយ៉ាងណាមន្ត្រីជំនាញមកពីស្ថាប័នទាំង២នេះយល់ថា គេត្រូវការរយៈពេលយូរបន្ថែមទៀត ដើម្បីជំរុញឲ្យសមត្ថកិច្ចទាំងអស់ ចូលរួមកាត់បន្ថយអំពើហិង្សាលើស្ត្រី និងកុមារី ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com