អ្នក​ហែ​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា​ពិបាក​រក​កន្លែង​ស្នាក់នៅ

ដោយ ឡេង ម៉ាលី
2014-12-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សិទ្ធិ​យាត្រា​ពី​ខេត្ត​កំពង់ចាម ៦២០
ក្រុម​ធម្មយាត្រា-សិទ្ធិ​យាត្រា ធ្វើ​ដំណើរ​ពី​ទីរួមស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ឆ្ពោះ​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ធ្នូ ២០១៤។ RFA/Saut Sokprathna

ក្បួន​ធម្មយាត្រា-សិទ្ធិ​យាត្រា ឆ្ពោះ​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​អំពី​ពុទ្ធោវាទ និង​ការ​តស៊ូ​មតិ​សិទ្ធិ​មនុស្ស ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី ៦៦ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៣ ហើយ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។ អ្នក​ហែ​ក្បួន​ឱ្យ​ដឹង​ថា ក្រុម​ខ្លះ​ជួប​បញ្ហា​មិន​មាន​កន្លែង​ស្នាក់​នៅ។

​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា​ពី​តាម​បណ្ដា​ខេត្ត​ជុំវិញ​ប្រទេស ដែល​ភាគ​ច្រើន​នៅ​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ រក​កន្លែង​ស្នាក់​នៅ​មិន​បាន​ទេ រហូត​មក​ដល់​ម៉ោង​ជិត ៧ នៃ​យប់​ថ្ងៃ​ទី​៧ ធ្នូ។

អ្នក​ទំនាក់ទំនង​នៅ​ក្នុង​ក្រុម​ធម្មយាត្រា​​តាម​ផ្លូវ​ជាតិ​លេខ​២ ដែល​ចេញ​ពី​ស្រុក​គិរីវង់ ខេត្ត​តាកែវ គឺ​លោក ទិប ទាវ ថ្លែង​ថា ក្រុម​លោក​ចង់​សម្រាក​នៅ​វត្ត​នាងខ្មៅ ក្នុង​ស្រុក​សំរោង ទឹក​ដី​ខេត្ត​តាកែវ ប៉ុន្តែ​អាជ្ញាធរ​មិន​ឱ្យ​សម្រាក៖ «សមត្ថកិច្ច​ហ្នឹង​គាត់​មិន​ឱ្យ​ស្នាក់​នៅ​ដោយសារ​ខាង​ថ្នាក់​អធិការ​ស្រុក​គេ​ឱ្យ​ស្នាក់នៅ​វត្ត​ឆ្ងាយ​ពី​គ្នា​ជិត ១០​គីឡូ​ឯ​ណោះ។ អ៊ីចឹង​ធ្វើ​ឱ្យ​យើង​មិន​អាច​ទទួល​យក​បាន ហើយ​ណា​មួយ​ក្បួន​យើង​ក៏​បាន​មក​ដល់​វត្ត​នេះ​ទៅ​ហើយ អត់​មាន​បក​ទៅ​ក្រោយ​វិញ​កើត​ទេ។ បាន​ន័យ​ថា ខាង​ស្រុក​គេ​បញ្ជូន​ព័ត៌មាន​មក​ពួក​គាត់​អ្នក​នៅ​មូលដ្ឋាន​ខាង​ក្រោម​ថា ក្បួន​អ្នក​ផ្លូវ​ជាតិ​លេខ ២ ហ្នឹង ស្នាក់​នៅ​វត្ត​អង្គអង្គញ់ ឆ្ងាយ​ពី​គ្នា​មែនទែន។ វា​អត់​ត្រូវ​ផង យើង​ឆ្ងាយ​ទៀត​ច្រើន​គីឡូ (ម៉ែត្រ) ទៀត ទៅ​ភ្នំពេញ។ អ៊ីចឹង បើ​យើង​ស្នាក់​ទី​នោះ វា​អត់​អាច​ឱ្យ​យើង​ដើរ ២ ថ្ងៃ​ទៀត​ទៅ​ដល់​ភ្នំពេញ​បាន​ដែរ»

ចំណែក​ឯ​ក្បួន​ធម្មយាត្រា​តាម​ផ្លូវ​ជាតិ​លេខ​៣ ដែល​ឆ្លង​កាត់​ដែនដី​ខេត្ត​តាកែវ ដូច​គ្នា ក៏​ជួប​បញ្ហា​ដែរ។ អ្នក​ទំនាក់ទំនង​ក្រុម​នេះ គឺ​ព្រះ​ភិក្ខុ ស៊ាង ម៉េង មាន​ព្រះ​ថេរ​ដីកា​ថា ក្បួន​របស់​ព្រះអង្គ ដែល​បម្រុង​ស្នាក់​នៅ​ក្នុង​វត្ត​ប្រាសាទ​ស្រះកែវ ក៏​ត្រូវ​បដិសេធ​ដូច​គ្នា។ ប៉ុន្តែ​បន្ទាប់​មក ​ក្រុម​ព្រះអង្គ​ត្រូវ​បាន​វត្ត​អង្គរូង ក្នុង​ឃុំ​មហាឫស្សី ខេត្ត​កំពង់ស្ពឺ អនុញ្ញាត​ឱ្យ​ស្នាក់​នៅ។

ដោយ​ឡែក ក្បួន​ធម្មយាត្រា​តាម​ផ្លូវជាតិ​លេខ​៦ ពី​ខេត្ត​កំពង់ចាម ដែល​មាន​បញ្ហា​តាំង​ពី​ពេល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ដំបូង មិន​មាន​បញ្ហា​អ្វី​ទៀត​ទេ។

អ្នក​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ គឺ​លោក ស៊ុម ម៉ាណែត ដែល​នៅ​ក្នុង​ក្រុម​នេះ ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៧ ធ្នូ ថា ក្បួន​របស់​លោក​បាន​ធូរ​ស្បើយ​ពេល​ចូល​មក​ដល់​ដែន​ដី​ខេត្ត​កណ្ដាល៖ «យើង​ផុត​ពី​ទឹកដី​ខេត្ត​កំពង់ចាម​មក ខាង​សមត្ថកិច្ច​គាត់​បាន​ចូលរួម​សម្របសម្រួល​ពួក​យើង។ ជា​ពិសេស​តាម​ផ្លូវ គាត់​ជួយ​ពេល​ឃើញ​ក្បួន​ធម្មយាត្រា សិទ្ធិ​យាត្រា​សិទ្ធិ​យាត្រា​មក​ដល់ គឺ​គាត់​ជួយ​អន្តរាគមន៍​កុំ​ឱ្យ​កក​ស្ទះ​ចរាចរណ៍។ នេះ​ជា​ចំណុច​រាក់ទាក់​ស្វាគមន៍​យើង គឺ​សមត្ថកិច្ច។ គាត់​បាន​ចូល​ក្នុង​វត្ត​ចាប់​ចាប់​ជើង​ជា​មួយ​យើង ហើយ​ល្ងាច​នេះ​គាត់​ចូល​រួម​ញ៉ាំ​បាយ​ជា​មួយ​យើង។ ខុស​ពី​សមត្ថកិច្ច​នៅ​កំពង់ចាម។ សមត្ថកិច្ច​នៅ​កំពង់ចាម យើង​ហៅ​សួរ​អី គាត់​មិន​ឆ្លើយ​ជាមួយ​យើង​ទេ។ គាត់​មិន​និយាយ​រក​យើង​ទាំង​ស្រុង​តែ​ម្ដង»

លោក​បញ្ជាក់​ថា ពេល​នេះ ក្បួន​ធម្មយាត្រា សិទ្ធិ​យាត្រា​របស់​លោក​បាន​មក​ដល់​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ហើយ។ អ្នក​ធ្វើ​ធម្មយាត្រា សិទ្ធិ​យាត្រា ក្រុម​ស្នាក់​នៅ​ក្នុង​វត្ត​ជ្រៃ​មាស​សាគរ ហៅ​វត្ត​ថ្មី គឺ​នៅ​ចម្ងាយ​ប្រមាណ ៤០​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ លោក​រីករាយ​ចំពោះ​ការ​ស្វាគមន៍​របស់​អាជ្ញាធរ និង​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ។

ក្រៅ​ពី​នេះ ក្រុម​អ្នក​ហែ​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា​នៅ​ផ្លូវ​ផ្សេង​ទៀត ឱ្យ​ដឹង​ប្រហែល​គ្នា​ថា មិន​មាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​ធំដុំ​ទេ។ ក្រុម​ខ្លះ​មាន​ការ​លំបាក​បន្តិច​បន្តួច ហើយ​ក៏​ដោះស្រាយ​ចេញ​បន្ទប់​ពី​ការ​ចរចា។ ក្បួន​ធម្មយាត្រា​ទាំង​នេះ គ្រោង​ធ្វើ​ដំណើរ​ឱ្យ​មក​ដល់​រាជធានី​ភ្នំពេញ ក្នុង​រយៈ​ពេល ៣​ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃ​ទី​១០ ធ្នូ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles