Mon, 8 December 2014
Will Jackson and ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក ចិន ណារត្ន៍ អ្នកពន្លត់អគ្គិភ័យ បានវិលត្រឡប់ទៅផ្ទះវិញ នៅវេលាម៉ោង ៧ ព្រឹក បន្ទាប់ពីបានបញ្ចប់វេនធ្វើការ ២៤ ម៉ោង នៅស្ថានីយពន្លត់អគ្គិភ័យ ផ្លូវ ៣៦០ ពេលនោះ លោកបានមើលឃើញផ្សែងខ្មៅនៅមាត់ទន្លេ គឺផ្សារចាស់ កំពុងឆាបឆេះ។
ប៉ុន្មាននាទីក្រោយមក បន្ទាប់ពីបង្វែរម៉ូតូទៅវិញ គាត់ជិះនៅខាងក្រោយរថយន្តពន្លត់អគ្គិភ័យ ដែលជាជំនួយរដ្ឋាភិបាលជប៉ុន និងបំពាក់គ្រឿងបរិក្ខារពន្លត់អគ្គិភ័យពណ៌លឿង និងខ្មៅ ដែលជាជំនួយរបស់សេវាពន្លត់អគ្គិភ័យ ទីក្រុងមែលប៊ន។
បុរសអាយុ ៣០ ឆ្នាំរូបនេះ បាននិយាយពីភ្លើងឆេះផ្សារកាលពីថ្ងៃ ទី២៥ ខែវិច្ឆិកា ក្នុងអំឡុងបទសម្ភាសនាសប្តាហ៍នេះនៅស្ថានីយពន្លត់អគ្គិភ័យថា៖ «វាជាភ្លើងធំ។ ភ្លើងធំមួយដែលខ្ញុំបានពន្លត់»។
លោក ណារត្ន៍ ដែលរកប្រាក់បានចំនួនប្រហែល ១២០ ដុល្លារក្នុងមួយខែ បានឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងពីការងារដើម្បីក្លាយជាអ្នកពន្លត់អគ្គិភ័យ កាលពី ២ឆ្នាំ មុនហើយបានឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ៣ ខែ ដែលក្នុងនោះ ការបណ្តុះបណ្តាលពីការសង្គ្រោះបឋមនិងបច្ចេកទេសពន្លត់អគ្គិភ័យ។
លោកបានបន្ថែមថា៖ «ការងារគឺជាការពិបាក និងភិតភ័យ។ ពេលខ្ញុំចាប់ផ្តើមដំបូង ខ្ញុំធ្លាប់ឆាប់នឿយហត់ក្នុងការកាន់ទុយោបាញ់ទឹក»។
រាជធានីភ្នំពេញមានសេវាពន្លត់អគ្គិភ័យជាច្រើននាក់។ សេវាមួយចំនួន គឺដំណើរការដោយរដ្ឋាភិបាល ប៉ុន្តែ បន្ទាប់ពីមានការលើកទឹកចិត្តពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមហ៊ុនឯកជនមួយចំនួនក៏បម្រើសេវាពន្លត់អគ្គិភ័យជាសេវាសាធារណៈផងដែរ។ ទោះជាយ៉ាងណា សេវាធំបំផុតគឺអង្គភាពពន្លត់អគ្គិភ័យរាជធានីភ្នំពេញដែលមានឈ្មោះមិនល្អ ដែលដំណើរការក្រោមការឧបត្ថម្ភរបស់ក្រសួងមហាផ្ទៃ ដោយសហការជាមួយនឹងរាជធានីភ្នំពេញ។
នៅទីបញ្ជាការតាមផ្លូវ ៣៦០ នាសប្តាហ៍នេះ រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងឈប់ស្ងៀមរង់ចាំសញ្ញាប្រកាសអាសន្ន។
អ្នកពន្លត់អគ្គិភ័យ ដែលធ្វើការវេន ២៤ ម៉ោង គឺធ្វើមួយថ្ងៃឈប់មួយថ្ងៃ។ នៅខាងក្រៅការិយាល័យពន្លត់អគ្គិភ័យ គេឃើញអ្នកពន្លត់អគ្គិភ័យពាក់កណ្តាលជជែកគ្នាលេង ចំណែកឯមនុស្សប៉ុន្មាននាក់នៅខាងក្នុងកំពុងមើលទូរទស្សន៍។
គ្រឿងបរិក្ខារស្ទើរតែទាំងអស់របស់ស្ថានីយគឺជារបស់ជំនួយ។ រថយន្តពន្លត់អគ្គិភ័យនីមួយៗ មានស្លាកសញ្ញាដែលបង្ហាញពីប្រភពប្រទេស ដូចជា ចិន ជប៉ុន សហរដ្ឋអាមេរិក ឬកូរ៉េ។ ឯកសណ្ឋានរបស់អ្នកពន្លត់អគ្គិភ័យមានរូបសញ្ញារបស់នាយកដ្ឋានពន្លត់អគ្គិភ័យ ទីក្រុងមែលប៊ន។ នាសប្តាហ៍នេះ ចិនបានផ្តល់ជំនួយគ្រឿងបរិក្ខារដកដង្ហើមជាច្រើនឈុត។
លោក អ៊ុំ ប៊ុនធឿន នាយរងការិយាល័យពន្លត់អគ្គិភ័យ បានថ្លែងថា៖ «ឥឡូវនេះ យើងមានរថយន្តពន្លត់អគ្គិភ័យចំនួន ៤៩ គ្រឿង ដោយមានមន្ត្រីធ្វើការពេញម៉ោង ១៦៨ នាក់ដែលទទួលបានការបណ្តុះបណ្តាលជាច្រើនពីអ្នកជំនាញមកពីប្រទេសផ្សេង»។
ប៉ុន្តែ លោក ប៊ុនធឿន គឺជាជើងចាស់នៅអង្គភាពពន្លត់អគ្គិភ័យដោយបានចូលបម្រើក្នុងអង្គភាពនេះតាំងពី ឆ្នាំ១៩៩៣។ លោកថា៖ «ឪពុកខ្ញុំគឺជាអ្នកពន្លត់អគ្គិភ័យ ខ្ញុំដើរតាមគាត់»។
នៅពេលនោះ អង្គភាពពន្លត់អគ្គិភ័យមានរថយន្តពន្លត់អគ្គិភ័យរបស់សូវៀតតែ ១០ គ្រឿងប៉ុណ្ណោះ និងមន្ត្រីតិចជាង ៣០ នាក់ សម្រាប់ទីក្រុងទាំងមូល។
លោកបានបន្ថែមថា៖ «គ្មានបញ្ហាស្ទះចរាចរណ៍ទេ នៅពេលនោះ គ្មានរថយន្ត ឬម៉ូតូច្រើនទេ ដូច្នេះ ការងារយើងដំណើរការទៅយ៉ាងរលូន ដោយគ្មានឧបសគ្គ ហើយអគ្គិភ័យមិនមានទំហំធំពិបាកគ្រប់គ្រងដូចសព្វថ្ងៃទេ»។
អគ្គិភ័យភាគច្រើននៅរាជធានីភ្នំពេញ បណ្តាលមកពីបញ្ហាចរន្តអគ្គិសនី ទៀនធូប និងចង្ក្រានហ្គាស យោងតាមលោក ប៊ុនធឿន។
រវាង ខែមករា ដល់ ខែវិច្ឆិកា អង្គភាពពន្លត់អគ្គិភ័យបានឆ្លើយតបនឹងអគ្គិភ័យចំនួន ៧០ ករណី ក្នុងនោះ ៤០ ករណីត្រូវបានគេជឿជាក់ថា បង្កឡើងដោយបញ្ហាចរន្តអគ្គិសនី ដូចករណីអគ្គិភ័យនៅផ្សារចាស់។
ខណៈដែលអគ្គិភ័យភាគច្រើននៅ ទីក្រុងភ្នំពេញ កើតឡើងនៅផ្ទះ អគ្គិភ័យគ្រោះថ្នាក់បំផុត ដែលអង្គភាពជួបប្រទះ គឺនៅរោងចក្រធំៗដែលពេលខ្លះ មានសារធាតុដែលបញ្ចេញឧស្ម័នពុលពេលវាឆេះ។ លោក ប៊ុនធឿន បានបន្តថា៖ «ពេលខ្លះ យើងត្រូវប្រើរយៈពេល ២ ឬ ៣ ថ្ងៃ ដើម្បីពន្លត់អគ្គិភ័យរោងចក្រ»។
លោកបានបន្តថា រដ្ឋាភិបាលបង់សំណងឲ្យមន្ត្រីពន្លត់អគ្គិភ័យ ដែលរបួស ឬស្លាប់បាត់បង់ជីវិតពេលបំពេញការងារ ហើយគ្មានអ្វីសម្រាប់អ្នកទាំងឡាយដែលឈឺទេ ឧទាហរណ៍អ្នកមានបញ្ហាសួត ដែលបណ្តាលមកពីការស្រូបផ្សែង។
លោកស្គាល់មន្ត្រីពន្លត់អគ្គិភ័យជើងចាស់ ដែលឈឺ ឬស្លាប់ដោយសារតែបញ្ហាសួត។ មន្ត្រីពន្លត់អគ្គិភ័យភាគច្រើនត្រូវប្រឈមនឹងបញ្ហាសួតនៅថ្ងៃអនាគត ព្រោះជំងឺនេះអភិវឌ្ឍយ៉ាងងាយនៅពេលចាស់»។
យោងតាមលោក Paul Hurford អតីតអ្នកពន្លត់អគ្គិភ័យអូស្ត្រាលី និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Firesafe Cambodia ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារ និងបណ្តុះបណ្តាលផ្នែកពន្លត់អគ្គិភ័យ បានឲ្យដឹងថា សមត្ថភាពរបស់អង្គភាពពន្លត់អគ្គិភ័យរាជធានីភ្នំពេញ គឺនៅតែជាសមត្ថភាពគោលទេ។
លោកថា៖ «ពួកគេពូកែក្នុងការអនុវត្តការងារគោល ដូចជាបាញ់ទឹក រហូតដល់រលត់។ បច្ចេកទេសគោល ដូចជា ការគ្រប់គ្រងចំណុចទទួលរង និងការចូលទៅក្នុងកន្លែងឆេះ គឺពួកគេពូកែណាស់»។
លោកបន្ថែមថា បច្ចេកទេសទំនើបជាងនេះ គ្មានការបណ្តុះបណ្តាលទេ ហើយអង្គភាពកំពុងជួបបញ្ហាគ្រឿងបរិក្ខារចាស់ គឺរថយន្តពន្លត់អគ្គិភ័យ និងគ្រឿងបរិក្ខារដកដង្ហើម ចាស់ ហើយការថែទាំមិនបានល្អ»។
នៅឯស្ថានីយឫស្សីកែវ មានរថយន្តពន្លត់អគ្គិភ័យចំនួន ១១ នៃ ១៤ គ្រឿង ពុំត្រូវបានប្រើញឹកញាប់ទេ ដូច្នេះ មានធូលីច្រើន ហើយលោក ពេជ្រ បូ អ្នកបើករថយន្តពន្លត់អគ្គិភ័យបានថ្លែងថា យានយន្តមានបញ្ហាមួយចំនួន ទោះបីច្រែះចាប់តិចតួចក្តី។ «ពេលខ្លះគ្រឿងបរិក្ខារមានបញ្ហាបន្តិច»។
លោក បូ បានបន្តថា ចរាចរពេលទៅផ្សារចាស់ ពុំសូវកកស្ទះទេ នៅពេលព្រឹក ដែលកើតអគ្គិភ័យនោះ ប៉ុន្តែ រថយន្តត្រូវចំណាយពេល ១០ នាទី ដើម្បីទៅដល់ទីនោះ។ កន្លែងកើតហេតុមានភាពច្របូកច្របល់ នៅពេលមន្ត្រីពន្លត់អគ្គិភ័យមកដល់ ដោយម្ចាស់តូបព្យាយាមយករបស់របរ ពេលពួកគេរត់គេចខ្លួន។
ក្រៅពីបើករថយន្ត ដែលជាជំនួយរបស់កូរ៉េ លោក បូ ក៏ទទួលខុសត្រូវបញ្ជាមិត្តរួមក្រុម និងគ្រប់គ្រងចរន្តទឹកទៅទុយោផងដែរ។
ប៉ុន្មានឆ្នាំកន្លងមកនេះ មានការចោទប្រកាន់ជាច្រើនមកលើមន្ត្រីពន្លត់អគ្គិភ័យថា បានជំរិតទារប្រាក់ពីជនរងគ្រោះ ដោយបដិសេធមិនធ្វើសកម្មភាពពន្លត់ទេ រហូតទាល់តែពួកគេបានប្រាក់មួយចំនួន។
ទោះជាយ៉ាងណា លោក Hurford បានថ្លែងថា លោកបានធ្វើការក្នុងវិស័យនេះនៅកម្ពុជា តាំងពី ឆ្នាំ២០០៦ មក ហើយមិនដែលបានជួបភ័ស្តុតាងណាដែលបង្ហាញថា មន្ត្រីពន្លត់អគ្គិភ័យទាមទារប្រាក់ទេ។
នេះគឺជាការអះអាងដែលមន្ត្រីពន្លត់អគ្គិភ័យបដិសេធខ្លាំង។
លោក លីវ សេងឃៀង អាយុ ៤៨ ឆ្នាំ នាយប្រចាំការពេលថ្ងៃនៅស្ថានីយឫស្សីកែវ បានថ្លែងថា លោកធ្វើការនេះ ២១ ឆ្នាំហើយ ព្រោះលោកសប្បាយចិត្តក្នុងការជួយប្រជាជន ហើយខកចិត្តដោយសារតែការចោទប្រកាន់ថា មន្ត្រីពន្លត់អគ្គិភ័យពុករលួយ។
លោកបានបន្តថា៖ «វាធ្វើឲ្យខ្ញុំមិនសោកសៅ ព្រោះយើងព្យាយាមអស់ពីសមត្ថភាពដើម្បីពន្លត់អគ្គិភ័យ»។
ពេលខ្លះប្រជាជនដែលអរគុណឲ្យអាហារ និងភេសជ្ជៈដល់មន្ត្រីពន្លត់អគ្គិភ័យ ហើយពេលខ្លះ ប្រាក់តិចតួច។
លោក ណារតន៍ បានបន្តថា៖ «ប៉ុន្តែ យើងមិនដែលសុំអ្វីទេ។ ខ្ញុំគិតថា មនុស្សខូចប៉ុន្មាននាក់ពីមុន អាចធ្វើឲ្យខូចឈ្មោះយើង។ ខ្ញុំពន្លត់អគ្គិភ័យ ព្រោះខ្ញុំចង់ជួយប្រជាជន និងសង្គ្រោះទ្រព្យពួកគេ។ ខ្ញុំគិតថា ខ្ញុំនឹងបន្តធ្វើការងារនេះ»។
ចំណាយពេលវេលាប្រហែល ២ ម៉ោង ដើម្បីពន្លត់អគ្គិភ័យ នៅផ្សារចាស់ ហើយតូបប្រហែល ១ ភាគ ៣ បានរងការបំផ្លិចបំផ្លាញ ប៉ុន្តែគ្មានអ្នកណាម្នាក់រងរបួសទេ។
នៅពេលសួរថា តើពួកគេផឹកស្រាបៀរ ដើម្បីអបអរបន្ទាប់ពីអគ្គិភ័យ ឬយ៉ាងណា? គាត់បានសើច។ លោកបានបញ្ជាក់ថា៖ «យើងគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទិញស្រាបៀរទេ។ យើងគ្រាន់តែលាងមុខ ហើយផឹកទឹកច្រើន»។
លោក សេងឃៀង ថា៖ «ខ្ញុំតែងតែសោកស្តាយ បន្ទាប់ពីបានពន្លត់អគ្គិភ័យ។ ខ្ញុំតែងតែចង់ធ្វើការងារឲ្យច្រើនជាងនេះ»៕
រាយការណ៍បន្ថែមដោយ វណ្ឌី មួង