ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
(រូបថតពី៖ www.foothand.com)
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី សុំអន្តរាគមន៍ទៅរដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ករណីពលករជនជាតិខ្មែរមួយរូប មានស្រុកកំណើតនៅខេត្ត បាត់ដំបង ដែលធ្វើការនៅលើទូកនេសាទប្រទេសថៃកំពុងរងទុក្ខវេទនា ។
លិខិតផ្ញើជូនរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងគូឡាឡំពួរនៃប្រទេសម៉ាឡេស៊ី ចុះថ្ងៃទី០៤ ខែធ្នូនេះឲ្យដឹងថា ក្រុមហ៊ុន MARITIME NETWORK ម៉ាឡេស៊ី បានទូរស័ព្ទប្រាប់ស្ថានទូតថា មានជនជាតិខ្មែរម្នាក់ត្រូវបានកប៉ាល់ឈ្មោះ MT NAVE UNIVERSE របស់ក្រុមហ៊ុន MARITIME NETWORK ម៉ាឡេស៊ី ជួយសង្គ្រោះពីក្នុងសមុទ្រនៅខេត្ត Johor ជាប់ព្រំដែនប្រទេសសឹង្ហបូរី និងស្នើឲ្យស្ថានទូតជួយអន្តរាគមន៍ទៅនគរបាលអន្តោប្រវេសន៍នៅទីនោះ ដើម្បីនាំពលរដ្ឋខ្មែរ ឈ្មោះ ឈឿន ឈាង មកស្ថានទូត ។
លិខិតបន្តថាតាមរយៈការសម្ភាសតាមទូរស័ព្ទ ពលករនោះឈ្មោះ ឈឿន ឈាង បានធ្វើការលើទូកនេសាទថៃរយៈពេល៤ឆ្នាំពុំទទួលបានប្រាក់ខែឡើយ ហើយថាដោយមានជម្លោះជាមួយជនជាតិថៃនៅលើទូក គាត់បានលោតទម្លាក់ក្នុងសមុទ្រ ដោយគ្មានលិខិតស្នាមអ្វីតាមខ្លួនទាំងអស់ ។
បច្ចុប្បន្ននេះឯកអគ្គរាជទូតកម្ពុជាប្រចាំគូឡាឡាំពួ បានធ្វើលិខិតបើកផ្លូវ និងឧបត្ថម្ភថវិកា១០០ដុល្លារ ដល់លោក ឈឿន ឈាង ហើយថាក្រុមហ៊ុន MARITIME NETWORK ម៉ាឡេស៊ី បានធានាទិញសំបុត្រយន្តហោះ និងជូនពលកររូបនោះមកកម្ពុជាវិញ ។
អ្នកនាំពាក្យក្រសួងការបរទេសប្រចាំកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា លោកបានទទួលលិខិតរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំគូឡាឡាំពួហើយ ហើយថាកិច្ចការបន្តក្រសួងនឹងសាកសួរអំពីក្រុមហ៊ុនថៃដែលជនរងគ្រោះបានធ្វើនោះ ។ លោកមានប្រសាសន៍ថា «យើងសំខាន់គឺសួរនាំគាត់ឲ្យច្បាស់សិន តើទូកគាត់ទៅធ្វើការហ្នឹង លើទូកណាពិតប្រាកដ។ ខ្ញុំឃើញហាក់ដូចជាថា គាត់ត្រឡប់មកវិញហើយ ខ្ញុំឮព័ត៌មានថា គាត់មកដល់ខ្មែរនៅពេលណាខ្ញុំអត់ច្បាស់ទេ គ្រាន់តែបានដឹងថា ទូតយើងបានបង្គាប់ស្រួលបួលហើយ ព្រមទាំងបានផ្តល់ថវិកាមួយចំនួនដល់គាត់ ធ្វើលិខិតបើកផ្លូវអីហូរហែទៀត» ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថានេះជារឿងដដែលៗ ដែលតែងតែកើតឡើងលើប្រជាជនកម្ពុជាទៅរកស៊ីនៅស្រុកគេ ហើយកក្តានេះដោយសារតែកម្សោយរបស់រដ្ឋាភិបាលខ្មែរ គ្មានសមត្ថភាពក្នុងការបង្កើតការងារឲ្យប្រជាជនខ្លួន ។ លោកថា «អ្នកដែលទៅធ្វើការចំណាកស្រុក ហើយជាពិសេសទៅប្រទេសថៃហ្នឹង ភាគច្រើនគាត់សុទ្ធតែពួកគាត់ជាកម្មករ ហើយប្រសិនជារដ្ឋយើងមិនគិតគូរអំពីរកឱកាសឲ្យគាត់នូវការងារក្នុងស្រុក ធ្វើជាអ្នកផលិតនូវទំនិញ សេវាកម្មក្នុងស្រុក ខ្ញុំគិតថាវាជារឿងមួយដែលប្រជាពលរដ្ឋយើងនូវតែបន្តរងគ្រោះដូចពេលបច្ចុប្បន្នអ៊ីចឹង។ ទី២ រដ្ឋាភិបាលយើង ការអនុវត្តច្បាប់របស់រដ្ឋយើងហ្នឹងក៏អ៊ីចឹងដែរ ប្រសិនជាការអនុវត្តច្បាប់យើងនូវតែធូររលង់ហ្នឹង មន្ត្រីជាន់ខ្ពស់មួយចំនួនមានការពាក់ព័ន្ធជាមួយការជួញដូរមនុស្ស ឬការយកមនុស្សចេញដោយខុសច្បាប់» ។
របាយការណ៍សង្គមស៊ីវិលបង្ហាញថា ពលករខ្មែរធ្វើការនៅក្រៅប្រទេសមានចំនួនជាងមួយលាននាក់ ភាគច្រើនជនដែលរងគ្រោះ គឺជាអ្នកដែលទៅខុសច្បាប់ ហើយថាក្នុងចំណោមជាងមួយលាននាក់នោះ ពលរដ្ឋខ្មែរធ្វើនៅប្រទេសថៃប្រមាណ៧០ម៉ឺននាក់ ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com